នេះ​ជា Samsung Galaxy Tab A Kids Edition (2019) ផលិត​ឡើង​ជា​ពិសេស​សម្រាប់​ការ​កំសាន្ត​របស់​កុមារ​
ដោយ​ ៖ Leng | 8 ខែមុន SHARE

 

បន្ទាប់ពីក្រុមហ៊ុន Amazon បានដាក់បង្ហាញថេប្លេត Fire HD 10 Kids Edition និងសៀវភៅអេឡិចត្រូនិច Kindle Kids Edition កាលពីពេលថ្មីៗកន្លងផុតនេះ ហើយមកដល់ពេលឥឡូវនេះ ស្ងាត់ៗ Samsung ក៏បានបញ្ចេញថេប្លេត ម៉ូឌែលពិសេស សម្រាប់កុមារដូចគ្នាដែរ។ ថេប្លេតម៉ូឌែលថ្មីនេះ គឺមានឈ្មោះហៅថា Galaxy Tab A Kids Edition (2019) ដែលវាមានលក្ខណៈសម្បត្តិ ដូចជាថេប្លេតម៉ូឌែល Galaxy Tab 8.0 អញ្ចឹងដែរ ដោយគ្រាន់តែបន្ថែម Case ការពារពីខាងក្រៅ និងកែប្រែ Software តម្រូវតាមការប្រើប្រាស់ និងកំសាន្ដរបស់កុមារប៉ុណ្ណោះ។ ខណៈពេលដែល Amazon បន្ថែមតម្លៃទៅលើថេប្លេតប្រភេទ Kids Edition ដោយឡែកថេប្លេតទាំងពីររបស់ Samsung គឺមានតម្លៃដូចគ្នាតែម្ដង។

 

 

ការដាក់បង្ហាញអំពីថេប្លេតនេះ គឺគ្មានព្រឹត្តិការណ៍អ្វីធំនោះឡើយ ដោយ Samsung គ្រាន់តែដាក់បញ្ចូលក្នុងវេបសាយ របស់ពួកគេតែប៉ុណ្ណោះ ហើយប្រិយមិត្តអ្នកអាន អាចចូលទៅមើលបាន ដោយចុចត្រង់នេះ ដើម្បីទទួលបានព័ត៌មាន កាន់តែលម្អិតទៀត។ ចំណែកឯអ្វីដែលខុសប្លែក សម្រាប់ថេប្លេតម៉ូឌែល Galaxy Tab A Kids Edition (2019) នេះ គឺវាមានបន្ថែមមុខងារមួយចំនួន ដូចជាអាចឲ្យឪពុកម្តាយ ធ្វើការតាមដាន និងកំណត់រយៈពេលប្រើប្រាស់ កុំឲ្យកូនរបស់ពួកគេ លេងច្រើនម៉ោងពេក ជាដើម។ លើសពីនេះទៅទៀត Samsung ក៏ផ្ដល់ជូនសេវាកម្ម Kids របស់ខ្លួនដោយឥតគិតថ្លៃ រយៈពេលចំនួន 30 ថ្ងៃបន្ទាប់ពីជាវថេប្លេតនេះ ដែលវាមានជាហ្គេមល្បែងបញ្ញា ក៏ដូចជាខ្សែភាពយន្ដ សរុបរហូតដល់ទៅ 10,000+ ម៉ោងជាងឯណោះ ដើម្បីធ្វើការកំសាន្ដអារម្មណ៍ ព្រមទាំងតេស្ដភាពឆ្លាតវៃ របស់កុមារទាំងឡាយ ថែមទៀតផង។ ប្រសិនបើលោកអ្នក កំពុងមានថេប្លេតរបស់ Samsung រួចមកហើយ ដូច្នេះក៏អាចទាញយកកម្មវិធីនេះបាន ដោយគ្រាន់តែស្វែងរកលើ Play Store ឬ សូមចុចទីនេះ ហើយចុចទាញយក និងតម្លើងជាការស្រេច។

 

 

សម្រាប់កម្លាំងម៉ាស៊ីនរបស់វា គឺដូចជាថេប្លេតម៉ូឌែល Galaxy Tab 8.0 ដែលមានអេក្រង់ទំហំ 8 អ៊ីញ (1280x800), ដើរដោយឈីប Snapdragon 429 ជាមួយរ៉េមទំហំ 2GB និងអង្គផ្ទុកទិន្នន័យទំហំ 32GB (អាចបន្ថែម microSD Card ពីក្រៅបាន) ហើយមានថាមពលថ្មទំហំ 5,100mAh ដោយត្រូវបាន Samsung អះអាងថានឹងអាច ប្រើប្រាស់បានរយៈពេល 13 ម៉ោង នៅក្នុងកម្មវិធី Kids ផងដែរ។ នាពេលបច្ចុប្បន្ននេះ វាមានតម្លៃដាក់លក់ខ្ទង់ 149.99 ដុល្លារនៅសហរដ្ឋអាមេរិក ប៉ុន្ដែមិនទាន់មានដំណឹង ថានឹងមកដល់ទីផ្សារស្រុកយើង នៅពេលណាឲ្យប្រាកដឡើយ ដូច្នេះបើប្រិយមិត្តអ្នកអាន មានចំណាប់អារម្មណ៍ទៅលើវា អាចធ្វើការរង់ចាំសិនបាន។

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង