PUBG​ Mobile ​ទទួល​បាន​កំណែ​អាប់ដេត​ថ្មី​ អាច​ឲ្យ​អ្នក​លេង​ ជួយ​សមាជិក​ក្រុម​ ឲ្យ​រស់​ឡើង​វិញ​បាន​​
ដោយ​ ៖ Ratanak | 8 ខែមុន SHARE

 

ប្រិយមិត្តប្រាកដជាស្គាល់ហើយ នូវហ្គេម PUBG Mobile ដែលវាហាក់ដូចជា ទទួលបានការគាំទ្រច្រើន ពីសំណាក់អ្នកនិយមលេងហ្គេម នៅជុំវិញពិភពលោក ព្រោះថានេះជាហ្គេម បែបបាញ់ប្រហារមួយ ដែលមានលក្ខណៈរស់រវើក ព្រមទាំងមានការរចនាក្រាហ្វិក គួរឲ្យចាប់អារម្មណ៍ផងដែរ។ ជាក់ស្ដែង នៅក្នុងពេលនេះ វាក៏ទទួលបាននូវកំណែអាប់ដេតថ្មី ដែលមានការផ្លាស់ប្តូរជាច្រើន ដែលរួមមានទាំង អាវុធថ្មីៗ អាចជិះឧទ្ធម្ភាគចក្របាន និងជាពិសេសវាក៏អនុញ្ញាត ឲ្យអ្នកលេងធ្វើការជួយសង្គ្រោះ សមាជិកក្រុមឲ្យរស់ឡើងវិញបានផងដែរ។ 

 

 

មិនខុសទេ កំណែអាប់ដេតថ្មី នៅលើ PUBG Mobile បានបន្ថែមនូវចំណុចថ្មីៗជាច្រើន ដែលចំណុចទាំងនោះ សុទ្ធសឹងតែមានសារៈសំខាន់ នៅក្នុងការបាញ់ប្រហារ ព្រមទាំងធ្វើឲ្យឆាកប្រយុទ្ធ កាន់តែក្ដៅគគុក ថែមមួយកម្រិតទៀត។ ពិតណាស់ វាបាននាំយកនូវអាវុធថ្មីៗមួយចំនួនដូចជា RPG-7, M3E1-A, M79 នៅមានមួយចំនួនទៀតរួមទាំង M134 Mini-gun ជាដើម។ មួយវិញទៀត នៅក្នុង Payload mode គឺមានដាក់ឲ្យអ្នកលេងអាច ធ្វើការជិះឧទ្ធម្ភាគចក្រ ដើម្បីបាញ់ប្រហារពីលើលំហអាកាស ប៉ុន្តែនៅក្នុងពេលនេះ ក្នុងប្រទេសយើងវាមិនទាន់ឲ្យលេង នៅឡើយទេ ហើយក៏អាចនឹងមាន នៅក្នុងពេលឆាប់នេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ហ្គេមនេះក៏មានបន្ថែម លក្ខណៈពិសេសថ្មីមួយ ដែលអាចឲ្យអ្នកលេង ជួយមិត្តរួមក្រុមឲ្យរស់ឡើងវិញបាន ព្រមទាំងយកពួកគេទៅកាន់កន្លែងមួយ ដែលគេហៅថា Communication Tower ទៀតផង។ PUBG Mobile ថ្មីនេះ ក៏អាចឲ្យអ្នកលេងធ្វើការហៅជំនួយ ក្នុងវាយប្រហារពីលើអាកាស(airstrike) ព្រមទាំងអាចជួសជុលយានយន្ត បានទៀតផង ដោយគ្រាន់តែប្រើកញ្ចប់ជួសជុល ដែលមាននៅក្នុងនោះ។ មិនទាន់អស់នោះទេ វាក៏មានការកែប្រែបន្ថែមជាច្រើនទៀត នៅលើវគ្គ zombie ព្រមទាំងមានការរចនាថ្មី នូវប៊ូតុងផ្សេងៗ ក៏ដូចជា UI ថែមទៀតផង។ 

 

 

សរុបមកវិញ ទាំងនេះជាចំណុចមួយចំនួន ទាក់ទងជាមួយកំណែអាប់ដេតថ្មី របស់ PUBG Mobile ដែលយើងឃើញថា ការកែប្រែនេះ ប្រាកដជា ធ្វើឲ្យអ្នកលេងទាំងអស់ ទទួលបានបទពិសោធន៍ កាន់តែប្រសើរជាងមុន ហើយក៏សូមបញ្ជាក់ដែរថា ការអាប់ដេតខាងលើ មានចំណុចមួយចំនួន គឺមិនទាន់ដាក់ឲ្យលេងនៅឡើយទេ ប៉ុន្តែវាក៏មិនយូរទៀតនោះដែរ ដូច្នេះហើយ រាល់ប្រិយមិត្តដែល និយមលេងហ្គេមមួយនេះ អាចធ្វើការអាប់ដេតបានហើយ ចាប់ពីពេលនេះតទៅ ទាំងនៅក្នុង Play store និង App Store ដូចគ្នាដែរ។ អញ្ចឹងតើប្រិយមិត្ត PUBG ទាំងអស់ មានចំណាប់អារម្មណ៍ បែបណាដែរ ចំពោះការអាប់ដេតថ្មីនេះ?

ដោយ​ ៖ Gadgets 360
អត្ថបទទាក់ទង