ហ្គេម League of Legends សម្រាប់​លេង​​នៅ​លើ​ស្មាតហ្វូន និង Console នឹង​ចេញ​នៅ​ឆ្នាំ​ក្រោយ​
ដោយ​ ៖ Kongkit | 8 ខែមុន SHARE

 

នាពេលថ្មីៗនេះ យើងបានទទួលដំណឹងថា ហ្គេមរបស់កុំព្យូទ័រដ៏កំពុងមានភាពល្បីល្បាញមួយ នឹងត្រូវបានដាក់អោយលេងនៅលើស្មាតហ្វូន និងឧបករណ៍ Console ក្នុងពេលឆាប់ខាងមុខនេះហើយ។ ក្នុងព្រឹត្តិការណ៍គម្រប់ខួប 10 ឆ្នាំរបស់ខ្លួន Riot Games បានធ្វើការប្រកាសបង្ហាញពី Version ថ្មីនៃហ្គេម League of Legends ត្រូវបានហៅថា Wild Rift ដែលវានឹងមកដល់នៅលើស្មាតហ្វូន និង Console ឆាប់ៗនេះ។

ជាក់ស្ដែង ហ្គេមមួយនេះ មើលទៅហាក់ដូចជា វាមានទំហំធំ ជាមួយក្រាហ្វិចច្បាស់ដូចទៅនឹង League of Legends នៅលើ PC ដែរ ដែលមានរបៀបលេងបែប MOBA ដូចគ្នាទៀតផង។ ប៉ុន្តែ វាត្រូវបានធ្វើអោយមានភាពប្រសើរឡើងសម្រាប់ Version ថ្មីនេះ រួមទាំងការបញ្ចូល របៀបបញ្ជាភ្លោះថ្មី, ផែនទីថ្មី, និងមានរយៈពេលលេងខ្លីជាង ដែលមានរយៈពេលប្រហែល 15 ទៅ 20 នាទីប៉ុណ្ណោះ។ ជាការពិតណាស់ ហ្គេម “Wild Rift” វាមិនមានលក្ខណៈដូចគ្នាទាំងស្រុងទៅនឹង League of Legends នៅលើ PC ឡើយ ដោយក្រុមផលិតហ្គេមមួយនេះ បាននិយាយថា វាគឺជាហ្គេមថ្មី សម្រាប់ស្មាតហ្វូន និងបានផ្ដល់បទពិសោធន៍ថ្មី ដើម្បីអាចអោយលេងចល័តបាននៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ផងដែរ។

 

គួររំលឹកថា សម្រាប់ Mobile Version នៃ League ដែលត្រូវបានដាក់បង្ហាញជាដំបូងតាំងពីឆ្នាំ 2009 មកម្លេះ និងមានពាក្យចចាមអារ៉ាមជាច្រើន នាប៉ុន្មានឆ្នាំកន្លងមកនេះ។ ដោយឡែក ក្នុងពេលនេះ មានហ្គេមផ្សេងជាច្រើន រួមទាំង Arena of Valor បានបង្កើតដោយ Tencent និងហ្គេម Mobile Legends ដែលពួកវា កំពុងមានការពេញនិយមយ៉ាងខ្លាំង ពីសំណាក់អ្នកលេង នាពេលបច្ចុប្បន្ននេះ។ ដូច្នេះ ហ្គេម League of Legends: Wild Rift នឹងត្រូវបានដាក់អោយលេងជាផ្លូវការក្នុងឆ្នាំ 2020 ដើម្បីមកប្រកួតប្រជែងជាមួយហ្គេមទាំងនោះ ដែលវាបានដាក់អោយធ្វើការចុះឈ្មោះលេង ចាប់ពីថ្ងៃនេះតទៅ នៅលើ Google Play Store និងមានមិនទាន់មានការបញ្ជាក់ពីពេល សម្រាប់ដាក់អោយលេងលើ Console នៅឡើយទេ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង