ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​បង្កើត​ស្បែក​សិប្បនិម្មិត​សម្រាប់​រ៉ូបូត ដើម្បី​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​នៅ​ពេល​ប៉ះ​
ដោយ​ ៖ Leng | 3 ខែមុន SHARE

 

បច្ចេកវិទ្យាកើនតែរីកចម្រើន ជឿនលឿនទៅមុខទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយក្រុមអ្នកស្រាវជ្រាវ តែងតែខិតខំស្វែងរកអ្វីថ្មីៗ មកធ្វើជាអត្ថប្រយោជន៍ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ហើយផ្នែកមួយដ៏សំខាន់ ក្នុងចំណោមនោះគឺជា មនុស្សយន្ដ ឬ រ៉ូបូត ផងដែរ។ បើទោះបីជាសព្វថ្ងៃនេះ វាមើលទៅមិនទាន់ដូចជា មនុស្សមួយរយភាគរយ ពិតមែនក្ដី យ៉ាងហោចណាស់ កំពុងអភិវឌ្ឍន៍បន្ដិចម្ដងៗហើយ។ ចំណែកឯពេលថ្មីៗនេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ដ បានសម្រេចការផលិត ស្បែកសម្រាប់មនុស្សយន្ដ ឲ្យមានអារម្មណ៍នៅពេលប៉ះពួកគេ ដូចជាមនុស្សធម្មតាអញ្ចឹង។

 

 

ស្បែកសិប្បនិម្មិតថ្មីមួយនេះ គឺត្រូវបានអភិវឌ្ឍន៍ដោយ លោកសាស្រ្តាចារ្យ Gordon Cheng និងសមាជិកក្រុមរបស់គាត់ មកពីសាកលវិទ្យាល័យ Munich នៅប្រទេសអាល្លឺម៉ង់ ដែលស្បែកនីមួយៗ មានកោសិកាទំហំស្មើនឹងកាក់ 25.75mm ហើយបានបំពាក់គ្របដណ្តប់ ពេញតួខ្លួនរបស់រ៉ូបូតតែម្ដង។ បើយោងទៅតាមការស្រាវជ្រាវ ដែលត្រូវបានបោះពុម្ភផ្សាយ នៅក្នុងរបាយការណ៍របស់ កិច្ចដំណើរការនៃផ្នែក IEEE បានបញ្ជាក់ឲ្យដឹងថា ស្បែកសិប្បនិម្មិតនីមួយៗ មានបំពាក់ដោយឈីបតូចៗ និងសេនស័រ ដើម្បីចាប់យកចលនា, ការប៉ះទំនាក់ទំនង, ល្បឿន, ដឹងថាជិត ឬ ឆ្ងាយ និងសីតុណ្ហាភាព ជាដើម។

 

ការធ្វើដូចនេះ មិនត្រឹមតែធ្វើឲ្យ ពួកគេធ្វើដំណើរ ដោយសុវត្ថិភាពនោះទេ ប៉ុន្ដែអាចអនុញ្ញាតឲ្យ ជៀសវាងពីមនុស្សជុំវិញខ្លួន ហើយអាចគិតទុកជាមុនបាន ដើម្បីកុំឲ្យមានគ្រោះថ្នាក់ ដើរបុកមនុស្ស ឬ បញ្ហាផ្សេងៗទៀត។ ស្បែករបស់មនុស្សយើងទូទៅ មានចំនួនរហូតដល់ 5 លានកោសិកាទទួលឯណោះ រីឯកាលពីជំនាន់មុនៗមក មនុស្សយន្ដអាចបំពាក់ ស្បែកសិប្បនិម្មិតបានត្រឹមតែ 2 – 3 ពាន់សេនស័រប៉ុណ្ណោះ ហើយមនុស្សថ្មីមួយនេះ H-1 ត្រូវបានបំពាក់ស្បែកឲ្យវាចំនួន 1,260 កន្លែង (ស្មើនឹង 13,000 សេនស័រ) ដូច្នេះសមត្ថភាពរបស់វា មានចំនួនកំណត់នៅឡើយទេ។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញអំពីរ៉ូបូតបំពាក់ស្បែកសិប្បនិម្មិត ៖

 

 

ចំពោះស្បែកសិប្បនិម្មិតទាំងអស់នេះ ត្រូវបានភ្ជាប់នៅលើ រាងកាយផ្នែកខាងលើ, ដៃ, សូម្បីតែជើងរបស់វា ដើម្បីឲ្យមនុស្សយន្ដមួយនេះ បានដឹងពីតុល្យភាពខ្លួនឯង ហើយក៏អាចដឹងថា មនុស្សកំពុងអោបពួកគេ ថែមទៀតផង។ មិនចប់ត្រឹមនេះនោះឡើយ ក្រុមអ្នកវិទ្យាសាស្រ្ដដដែល ក៏បានបញ្ជាក់ប្រាប់ថា នឹងត្រៀមផលិតស្បែកសិប្បនិម្មិតថ្មី ដែលមានទំហំតូចជាងនេះ ជាមួយនឹងគម្រោង ធ្វើវាឲ្យកាន់តែល្អប្រសើរ បន្ថែមទៀតនាពេលអនាគត។

ដោយ​ ៖ Beebom
អត្ថបទទាក់ទង