សេវាកម្ម Apple Arcade ទទួលបានហ្គេមថ្មីចំនួន 5 បន្ថែមទៀត​
ដោយ​ ៖ Chiro | 8 ខែមុន SHARE

 

សព្វថ្ងៃនេះ យើងសង្កេតឃើញថា វិស័យហ្គេមកាន់តែរីកចម្រើនទៅមុខ ពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ របៀបនៃការលេងហ្គេមក៏កាន់តែសម្បូរបែបជាងមុន ក្នុងនោះរួមមានដូចជា ការលេងហ្គេមតាមរយៈ ម៉ាស៊ីនហ្គេម PS4, Xbox One, Nintendo Switch, PC, ស្មាតហ្វូន, ថេប្លេត និងសេវាកម្ម Streaming ហ្គេមតាមរយៈប្រព័ន្ធអ៊ីនធើណេត ជាដើម។

 

 

 

បើនិយាយដល់ វិស័យហ្គេម ធ្វើឲ្យយើងនឹកឃើញទៅដល់សេវាកម្មថ្មីមួយ ដែលក្រុមហ៊ុន Apple ទើបតែបញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅនេះ។ Apple Arcade គឺជាសេវាកម្មបង់លុយមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS, iPadOS, macOS និង tvOS អាចធ្វើការលេងហ្គេមផ្តាច់មុខ ( Exclusive Games ) ដែលមានក្រាហ្វិកធំៗ និងស្រស់ស្អាត ជាច្រើន និងមិនមានផ្ទាំង ពាណិជ្ជកម្មរំខាន ដែលបានបង្កើតឡើងយ៉ាងពិសេស សម្រាប់សេវាកម្ម Apple Arcade តែម្តង។ អ្វីដែលកាន់តែពិសេសថែមទៀត នោះ គឺអ្នកអាចធ្វើការ លេងហ្គេមទាំងអស់នោះ ជាលក្ខណៈ Offline ( មិនត្រូវការអ៊ីនធើណេត ) ក៏បាន។ ជុំវិញរឿងរ៉ាវ Apple Arcade នេះយើងក៏ទើបទទួលបានព័ត៌ថ្មីមួយដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាមគណនី Twitter ផ្លូវការរបស់ Apple បានបញ្ជាក់ថានៅពេលនេះសេវាកម្ម Apple Arcade ទទួលបានហ្គេមថ្មី ចំនួន 5 បន្ថែមទៀត ដោយក្នុងនោះរួមមានដូចជាហ្គេម Decoherence, INMOST, Mind Symphony, ShockRods, និងហ្គេម Stela។

 

 

 

គួររំលឹកផងថា ក្រុមហ៊ុន Apple បានសន្យាថា សេវាកម្ម Apple Arcade នឹងមានហ្គេមផ្តាច់មុខ (Exclusive Games) ជាង 100 ហ្គេម ហើយពួកវានឹងបង្ហាញខ្លួនជាបន្តបន្ទាប់។ គួរបញ្ជាក់ផងថា សេវាកម្ម Apple Arcade មានតម្លៃ 4.99 ដុល្លារ សម្រាប់រយៈពេល 1 ខែ ប៉ុន្តែសម្រាប់អ្នកដែលមិនទាន់បានប្រើប្រាស់ពីមុនមក Apple ក៏បានអនុញ្ញតឲ្យអ្នកប្រើប្រាស់សេវាកម្មនេះ ដោយឥតគិតថ្លៃរយៈពេល 1ខែ ផងដែរ ហើយដើម្បីប្រើប្រាស់សេវាកម្មនេះបាន វាតម្រូវឲ្យ iPhone, iPod របស់អ្នកដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 13 ឡើងទៅ និង iPad ដែលដំណើរការដោយ iPadOS។ ចំពោះ Apple TV តម្រូវឲ្យដំណើរការដោយ tvOS 13 ឡើងទៅ រីឯកុំព្យូទ័រ Mac តម្រូវឲ្យដំណើរការដោយ macOS Catalina ឡើងទៅ។ 

 

ដោយ​ ៖ 9To5Mac
អត្ថបទទាក់ទង