Porsche​ និង ​Boeing​ មាន​គម្រោង​ក្នុង​ការ​ផលិត​រថយន្តហោះ​ជាមួយ​គ្នា​​
ដោយ​ ៖ Ratanak | 8 ខែមុន SHARE

 

ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមហ៊ុនផលិតរថយន្តជាច្រើន បានបង្ហាញពីគម្រោងរបស់ខ្លួន ក្នុងការបង្កើតរថយន្តទំនើប ប្រណីត ព្រមទាំងអាចហោះបានថែមទៀតផង។ មិនទាន់បានឃើញ ក៏យើងដឹងថា វាពិតជាអស្ចារ្យដែរ បើសិនជាមានរថយន្តប្រភេទនេះមែន ព្រោះថាវាអាចជួយបានយ៉ាងច្រើន មិនថាការកកស្ទះចរាចរណ៍ ក៏ដូចជាជួយឲ្យចំណេញពេលវេលា ថែមមួយកម្រិតទៀត។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនផលិតរថយន្តប្រណីត Porsche បានសហការគ្នាជាមួយ ក្រុមហ៊ុនផលិតយន្តហោះ Boeing ដើម្បីធ្វើឲ្យគម្រោងផលិតរថយន្តហោះ ក្លាយជាការពិតផងដែរ។

 

 

មិនខុសទេ ពេលនេះយើងទទួលបានដំណឹងថា ក្រុមហ៊ុនផលិតរថយន្តមកពីអាល្លឺម៉ង់ Porsche កំពុងតែមានគម្រោង ក្នុងការផលិតរថយន្តហោះ បែបប្រណីតសម្រាប់អ្នកមានស្ដុកស្ដម្ភ ដែលចង់គេចផុតពីបញ្ហា ដែលកើតមានលើដងវិថី នាពេលបច្ចុប្បន្ននេះ ហើយគម្រោងនេះដែរ គឺមានការចូលរួមពី ក្រុមហ៊ុនផលិតយន្តហោះ ដ៏ល្បីល្បាញមួយ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន Boeing ថែមទៀតផង។ នៅក្នុងនោះដែរ យើងក៏បានឃើញ រូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហាញពី រថយន្តប្រភេទខាងលើ មើលទៅវាហាក់ដូចជា មានលក្ខណៈស្រស់ស្អាត មានភាពទាក់ទាញ និងជាពិសេសនោះ អាចនិយាយបានថា នេះអាចរូបភាព ដែលត្រូវបានរចនាឡើងដោយ Porsche ទៀតផង ព្រោះថារូបរាងរបស់វា មានលក្ខណៈប្លែក បែបរថយន្តដែលមានយីហោមួយនេះផងដែរ។ គួរបញ្ជាក់ដែរថា នេះគ្រាន់តែជាគម្រោងមួយ ដែលមានការសហការគ្នា រវាងក្រុមហ៊ុនទាំងពីរខាងលើ ហើយចំណុចផ្សេងៗទៀត គឺយើងមិនទាន់បានដឹង នៅឡើយទេ។

 

 

សរុបមកវិញ បើតាមការរៀបរាប់ខាងលើនេះ អាចនិយាយបានថា Porsche និង Boeing បានចាប់ដៃគូរគ្នារួចរាល់ហើយ ដើម្បីសិក្សាលើ គម្រោងផលិតរថយន្តហោះ ប៉ុន្តែមិនទាន់បានបង្ហាញថា វានឹងចាប់ផ្ដើម នៅពេលណានោះទេ ហើយចំណែកវត្តមានរបស់វា នៅក្នុងឆ្នាំណាវិញ ក៏នៅមិនទាន់មានអ្នកណាម្នាក់ដឹង នៅឡើយនោះដែរ។ ដូច្នេះហើយ បើគិតមកទល់ពេលនេះ មានក្រុមហ៊ុនជាច្រើនមកហើយ ដែលបានសិក្សាទៅលើ គម្រោងស្រដៀងគ្នានេះ ហើយវាក៏អាចជាដំណឹងមួយ បង្ហាញថា វត្តមានរបស់រថយន្តហោះ អាចនឹងមានជាសាធារណៈ នៅក្នុងពេលឆាប់ៗខាងមុខនេះ អញ្ចឹងដែរ។

ដោយ​ ៖ Futurism
អត្ថបទទាក់ទង