Ubisoft នឹង​ផលិត​រឿង​គំនូរជីវចល យក​សាច់​រឿង​តាម​ហ្គេម Watch Dogs និង Far Cry​
ដោយ​ ៖ Leng | 7 ខែមុន SHARE

 

ក្រុមហ៊ុនបង្កើតហ្គេម Ubisoft ដ៏ល្បីល្បាញទូទាំងពិភពលោក ក៏ធ្លាប់បានផលិតខ្សែភាពយន្ដ កាលពីមុនមកដែរ ដោយតាមរយៈផលិតកម្ម Ubisoft Motion Pictures ដូចជារឿងគំនូរជីវចល Rabbids Invasion និងរឿងយោងទៅតាមហ្គេម Assassin's Creed ជាដើម។ ព្រមទាំងរួមបញ្ចូលរឿង Far Cry ដឹកនាំដោយលោក Uwe Boll និងរឿង Prince of Persia របស់ Disney ដែល Ubisoft ផ្ដល់អាជ្ញាប័ណ្ណឲ្យថត ផងដែរ។ សម្រាប់ពេលឥឡូវនេះ Ubisoft ក៏កំពុងផ្ដោតលើគោលដៅថ្មី ដែលមានគម្រោងផលិត ខ្សែភាពយន្ដគំនូរជីវចល ចេញពីហ្គេមល្បីៗដូចជា Watch Dogs និង Far Cry 3: Blood Dragon សម្រាប់កុមារ និងយុវវ័យទាំងឡាយ ធ្វើការទស្សនាកំសាន្ដ។

 

 

នាពេលខាងមុខនេះ Ubisoft នឹងកែច្នៃហ្គេមដ៏មានប្រជាប្រិយភាព Watch Dogs បែបវិទ្យាសាស្រ្ដលក្ខណៈទំនើប ទៅជាគំនូរជីវចលឈ្មោះថា “Cybermystery” ហើយវាជាលក្ខណៈរឿងភាគ ដោយរាប់រៀបអំពីក្មេងស្រីម្នាក់ រៀនថ្នាក់មធ្យមសិក្សា មានបំពាក់ជាមួយឧបករណ៍ វិទ្យាសាស្រ្ដនៅក្នុងដៃ ហើយឃើញមានការឆ្លុះបញ្ចាំង ពីរូបរាងថ្មីដូចមកពីអនាគត នៅឥដ្ឋកញ្ចក់ខាងក្រោម ផងដែរ។ ចំណែកឯរឿងគំនូរជីវចល យោងតាមហ្គេម Far Cry 3: Blood Dragon គឺមើលទៅហាក់បីដូចជា អាចធ្វើឲ្យយុវវ័យចាប់អារម្មណ៍ច្រើនជាង ជាមួយនឹងរចនាបថបែបជំនាន់ 80s ហើយបន្ថែមពណ៌ប្រភេទ Neon និងមានសាច់រឿងបែបលក្ខណៈ Multiverse ដែលផ្ទុកនូវទ្រឹស្តីវិទ្យាសាស្រ្ដដូចជា ការធ្វើដំណើរឆ្លងពេលវេលា ទៅអនាគត ឬ អតីតកាល, មនុស្សភពក្រៅ និងផ្សេងៗជាច្រើនទៀត។ ប្រធានគ្រប់គ្រង Ubisoft Film & Television លោក Helene Juguet បានបញ្ជាក់ប្រាប់ថា ខ្សែភាពយន្ដគំនូរជីវថលទាំងនេះ មានគម្រោងផលិតឡើង ដោយសំដៅលើគោលដៅខុសៗគ្នា តាមវ័យរបស់អ្នកទស្សនានីមួយៗ ដាច់ដោយឡែកពីគ្នាតែម្ដង។

 

 

ពិតប្រាកដណាស់ ដូចបានឃើញរូបភាព Poster នៃខ្សែភាពយន្ដគំនូរជីវចល នៅខាងលើនេះអញ្ចឹង ដោយវាមិនមានលក្ខណៈ ដូចជាហ្គេមទាំងស្រុងនោះទេ ពីព្រោះសាច់រឿងត្រូវបានផ្លាស់ប្ដូរថ្មី ហើយព្រមទាំងក្រាហ្វិកផងដែរ។ ចំពោះថ្ងៃចាក់ផ្សាយជាផ្លូវការ Ubisoft គឺមិនទាន់ប្រកាសប្រាប់ នៅឡើយនោះទេ ប៉ុន្ដែអ្នកគាំទ្រទាំងអស់គ្នា អាចធ្វើការរង់ចាំបាន ដោយវានឹងមកដល់ នាពេលខាងមុខនេះហើយ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង