លោក ​ដូណាល់ ត្រាំ ទើប​បាន​បង្កើត​គណនី Twitch ផ្ទាល់​ខ្លួន ​កាល​ពី​ពេល​ថ្មីៗ​នេះ​
ដោយ​ ៖ Leng | 7 ខែមុន SHARE

 

លោកប្រធានាធិបតីដូណាល់ត្រាំ នៃសហរដ្ឋអាមេរិក បានសម្រេចចិត្តចូលរួម វេបសាយឡាយស្គី្រម Twitch ជាផ្លូវការតែម្ដង កាលពីពេលថ្មីៗកន្លងទៅនេះ ប៉ុន្ដែមិនមែនដើម្បីលេងហ្គេមនោះទេ ដោយឡែក វាជាយុទ្ធសាស្ត្រទាក់ទាញអ្នកគាំទ្រ សម្រាប់ព្រឹត្តិការណ៍បោះឆ្នោត ខាងមុខនេះ។ វេបសាយ Twitch គឺត្រូវបានគ្រប់គ្រងដោយ Amazon ដែលជាក្រុមហ៊ុនរបស់លោក Jeff Bezos ហើយជាញឹកញាប់ គាត់តែងតែបង្ហាញពីគំនិត មិនពេញចិត្តជាមួយ លោកដូណាល់ត្រាំសោះឡើយ ដូច្នេះធ្វើឲ្យការចូលរួមនេះ ពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន។

 

 

ខណៈពេលកំពុងសរសេរអត្ថបទនេះ លោកដូណាល់ត្រាំ បានធ្វើការផ្សាយបន្ដផ្ទាល់ នៅឯទីក្រុងមីនណាប៉ូលីស រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ដែលជាការផ្សព្វផ្សាយសន្លឹកឆ្នោត ជាមួយនឹងចំនួនទស្សនាចំនួន 59,235 នាក់ ហើយរហូតមកដល់ពេលនេះ គាត់ទទួលបាន Subscriber ចំនួន 11,586 នាក់មកហើយ។ ចំណែកឯស្ថិតនៅខាងក្រោម វីដេអូផ្សាយបន្ដផ្ទាល់នោះដែរ យើងក៏ឃើញមាន តណរភ្ជាប់មួយ ដើម្បីចុចទៅគណនីបណ្ដាញសង្គម របស់គាត់ផ្សេងៗទៀត និងព្រមទាំងស្នើរសុំឲ្យអ្នកគាំទ្រ បរិច្ចាគថវិកាទៅលើយុទ្ធនាការ របស់គាត់ថែមទៀតផង។ អ្វីដែលគួរឲ្យចម្លែកនោះគឺថា លោកដូណាល់ត្រាំ តែងតែស្តីបន្ទោសឲ្យវីដេអូហ្គេម ដែលជាមូលហេតុចម្បង បណ្ដាលឲ្យមានអំពើ បាញ់ប្រហារជាដើម ប៉ុន្ដែមកដល់ពេលឥឡូវនេះ បែរជាបង្កើតគណនីថ្មីនៅលើ វេបសាយឡាយស្គី្រមហ្គេមតែម្ដង។ លើសពីនេះទៅទៀត វេបសាយមួយនេះ ហាក់បីដូចជា មិនសូវសាកសមទៅនឹង រឿងនយោបាយសោះឡើយ ពីព្រោះជាធម្មតា វាសម្រាប់តែទស្សនា អ្នកលេងហ្គេមប៉ុណ្ណោះ។

 

 

លោកដូណាល់ត្រាំ មិនមែនជាបេក្ខជននយោបាយ ដំបូងគេបង្អស់នោះទេ ដែលមានគណនីរបស់ Twitch ដើម្បីធ្វើការផ្សព្វផ្សាយ ការបោះឆ្នោតដូចនេះ ដោយលោក Bernie Sanders ក៏បានចូលរួមឡាយស្គី្រមផងដែរ កាលពីខែមិថុនាមុននេះ។ បើសិនជាមានចំណាប់អារម្មណ៍ ប្រិយមិត្តអ្នកអាន អាចចូលកាន់គណនីផ្លូវការ Twitch របស់លោកដូណាល់ត្រាំបាន ដោយចុចត្រង់នេះ ហើយអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះយុទ្ធសាស្ត្រទាក់ទាញ សន្លឹកឆ្នោតថ្មីមួយនេះ? សូមបញ្ចេញមតិតាមរយៈប្រអប់ Comments ឲ្យយើងបានដឹងផង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង