Pixel​ Watch មាន​ភាគរយ​ខ្ពស់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ជាមួយ​ Pixel​ 4​ ដែរ​
ដោយ​ ៖ Ratanak | 8 ខែមុន SHARE

 

កាលពីឆ្នាំមុន យើងធ្លាប់បានទទួលដំណឹងថា Pixel Watch អាចនឹងបង្ហាញខ្លួនមកជាមួយ Pixel 3 ប៉ុន្តែអ្វីៗមិនបានដូចពាក្យចចាមអារ៉ាម ទាំងនោះឡើយ ដែលជាហេតុធ្វើនាឡិកា ដែលតែងតែ មានដំណឹងបែកធ្លាយនេះ នៅមានភាពស្រពិចស្រពិល រហូតមកទល់ពេលនេះ។ ដោយឡែក នៅក្នុងពេលឥឡូវ យើងក៏ទទួលបានដំណឹងថា Pixel Watch អាចនឹងបង្ហាញខ្លួនជាមួយ វត្តមានរបស់ Pixel 4 ទៀតផង ខណៈពេលដែលស្មាតហ្វូននេះ នឹងត្រូវប្រកាសចេញ នៅក្នុងសប្តាហ៍ក្រោយនេះឯង។ 

 

 

បើទោះបីជាឆ្នាំមុន យើងមិនបានឃើញ វត្តមានរបស់ Pixel Watch ពិតមែន ប៉ុន្តែនៅក្នុងពេលនេះ វាកាន់តែអាចទៅរួចថែមទៀត សម្រាប់ Google ក្នុងការដាក់បង្ហាញឧបករណ៍មួយនេះ ព្រោះថា ក្រុមហ៊ុនខាងលើ បានចំណាយលុយអស់ខ្ទង់ 40 លានដុល្លារ ក្នុងការទិញកម្មសិទ្ធិបញ្ញាពីក្រុមហ៊ុន Fossil ដែលវាគឺជា ភាពច្នៃប្រឌិតថ្មីមួយ នៅលើនាឡិកាឆ្លាតវៃផងដែរ។ មួយវិញទៀត បើតាមការបង្ហាញ របស់ក្រុមហ៊ុន Fossil បានឲ្យដឹងថា កម្មសិទ្ធិបញ្ញាដែល Google បានទិញពីក្រុមហ៊ុនរបស់ខ្លួននេះ គឺជាទីផ្សារបច្ចេកវិទ្យាថ្មីមួយ ដែលអាចនឹងមានប្រយោជន៍ ក៏ដូចជាមុខងារច្រើន និងមិនធ្លាប់មាន នៅក្នុងពេលបច្ចុប្បន្ននេះឡើយ។ គួរបញ្ជាក់ដែរថា បើតាមប៉ាតង់ថ្មីរបស់ Google ដែលបានទទួលស្គាល់ដោយ USPTO បានបង្ហាញថា វាជានាឡិកាដែលអាចអនុញ្ញាត ឲ្យអ្នកប្រើប្រាស់ ធ្វើការផ្លាស់ប្តូរខ្សែ នៅលើនាឡិកានោះ បានយ៉ាងឆាប់រហ័ស ព្រមទាំងមានភាពងាយស្រួលផងដែរ។

 

 

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការរំពឹងទុកមុនតែប៉ុណ្ណោះ ហើយចំពោះរឿងដែលថា នាឡិកាឆ្លាតវៃដែលមានឈ្មោះ Google Pixel Watch បង្ហាញខ្លួនមែន ឬក៏អត់នោះ គឺយើងទាំងអស់គ្នាមានតែរង់ចាំមើល នៅថ្ងៃដែលស្មាតហ្វូនកំពូល Google Pixel 4 បង្ហាញខ្លួនប៉ុណ្ណោះ និយាយឲ្យចំទៅ គឺនៅសប្តាហ៍ក្រោយ ក្នុងថ្ងៃទី 15 នេះឯង។ បើតាមការរៀបរាប់នេះ ខ្ញុំគិតថា វាក៏អាចទៅរួចដែរ ដែលវត្តមានរបស់ នាឡិកាខាងលើ អាចនឹងបង្ហាញខ្លួន ព្រោះថា វាមានពត៌មានលេចធ្លាយ តាំងពីឆ្នាំមុនមកម្លះ អញ្ចឹងហើយ ឆ្នាំនេះគួរតែជាឆ្នាំដែល Pixel Watch បង្ហាញខ្លួនពិតប្រាកដដូច្នេះដែរ។ ចុះប្រិយមិត្តទាំងអស់គ្នាវិញ តើគិតថា Google នឹងបញ្ចេញនាឡិកាឆ្លាតវៃ ជំនាន់ដំបូងរបស់ខ្លួន ជាមួយ Pixel 4 ដែរឬទេ ?

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង