តោះ​មក​មើល​ចំណាត់​ថ្នាក់​ស្មាតហ្វូន​ Android​ ទាំង​ 10​ នៅ​លើ​ AnTuTu​ គិត​ត្រឹម​ខែ​កញ្ញា​​
ដោយ​ ៖ Ratanak | 7 ខែមុន SHARE

 

ប៉ុន្មានខែចុងក្រោយនេះ វត្តមានរបស់ស្មាតហ្វូនកំពូលៗជាច្រើន បានបង្ហាញខ្លួន នៅលើទីផ្សារ ព្រមទាំងមានការប្រកួតប្រជែងគ្នាខ្លាំងទៀតផង។ មិនខុសទេ ស្មាតហ្វូនទាំងនោះ សុទ្ធតែបានបំពាក់មកជាមួយ លក្ខណៈសម្បត្តិកម្រិតកំពូលដូចៗគ្នា ប៉ុន្តែមានការរចនាខុសៗគ្នា ទៅតាមអ្វីដែលក្រុមហ៊ុនទាំងនោះ បានគ្រោងទុកអញ្ចឹងដែរ។ ដោយឡែក នៅក្នុងពេលនេះ យើងមកដឹងពីចំណាត់ថ្នាក់ របស់ស្មាតហ្វូន Android កំពូលទាំង 10 នៅលើកម្មវិធីដាក់ពិន្ទុ AnTuTu ទាំងអស់គ្នា។ 

 

 

មិនខុសទេ នៅក្នុងនោះយើងឃើញថា ស្មាតហ្វូនដែលមានពិន្ទុខ្ពស់ជាងគេនោះ គឺបានទៅលើ vivo NEX 3 5G ដែលធ្វើបានដល់ 483,427 ពិន្ទុ ហើយវាក៏ជាម៉ូឌែលដែលមានរ៉េម 8GB និងអង្គផ្ទុក 256GB ខណៈពេលដែលលេខ 2 គឺនៅតែជាស្មាតហ្វូន ដែលមានយីហោ vivo ដដែល ដោយវាមានឈ្មោះថា iQOO Pro 5G ហើយពិន្ទុរបស់វា គឺលោតដល់ទៅ 481,211 ពិន្ទុឯណោះ នេះក៏ជាម៉ូឌែលដែលមានរ៉េម និងអង្គផ្ទុកដូចគ្នា ជាមួយម៉ូឌែលខាងលើដែរ។ ចំណែកឯ ស្មាតហ្វូនដែលជាប់ចំណាត់ថ្នាក់ទី 3 វិញ ក៏មានគម្លាតពិន្ទុ មិនឆ្ងាយគ្នាប៉ុន្មាននោះឡើយ និយាយឲ្យចំទៅគឺ ASUS ROG Phone 2 ដែលមានរ៉េម 8GB និងអង្គផ្ទុក 128GB ទទួលបានពិន្ទុ 473,917 តាមពីក្រោយដោយ Blackshark 2 Pro ជាម៉ូឌែលរ៉េម 12GB និងអង្គផ្ទុក 128GB ទទួលបានចំនួន 464,953 ពិន្ទុ ចំណែកលេខ 5 វិញ ក៏ជាសមាជិករបស់ Xiaomi ដែរ ពោលគឺ Mi 9 Pro 5G ដែលមានរ៉េម 8GB និងអង្គផ្ទុក 256GB ព្រមទាំងទទួលបានពិន្ទុដល់ទៅ 464,807 ផងដែរ។ 

 

លើសពីនេះទៀត ចំណាត់ថ្នាក់ទី 6 បានទៅលើ Meizu 16S ខណៈដែល Redmi K20 Pro Premium ឈរនៅលេខបន្ទាប់ រីឯលេខ 8 គឺជា Galaxy Note 10+ 5G របស់ Samsung ក៏ដូចជា OnePlus 7 Pro ជាប់ចំណាត់ថ្នាក់លេខ 9 និងចុងក្រោយគេនោះ គឺជា Mate 30 Pro របស់ Huawei ហ្នឹងឯង។ សូមបញ្ជាក់ដែរថា ចំពោះពិន្ទុស្មាតហ្វូន ដែលមានចំណាត់ថ្នាក់ចាប់ពីទី 6 មក ប្រិយមិត្ត អាចមើលនៅក្នុងរូបភាព ដែលបានឲ្យខាងក្រោមនេះបាន។

 

 

ដូច្នេះហើយ នៅក្នុងតារាងស្មាតហ្វូន Android ទាំង 10 ដែលមានពិន្ទុខ្ពស់ជាងគេនោះ យើងឃើញថា vivo NEX 3 5G ជាអ្នកឈរនៅលើកំពូលតារាង ដែលលើសពិន្ទុ តែបន្តិចប៉ុណ្ណោះ បើប្រៀបជាមួយ vivo iQOO Pro 5G ដែលឈរនៅលេខ 2 ហើយចំណែក ស្មាតហ្វូនដែលឈរនៅលេខ 10 ឯណោះវិញ គឺជា Huawei Mate 30 Pro ដែលទើបតែត្រូវបាន ក្រុមហ៊ុនចិននេះ ប្រកាសចេញ កាលពីចុងខែកញ្ញានេះ។ យ៉ាងណាក៏ដោយ ពិន្ទុដែលបង្ហាញដោយ AnTuTu នេះ ក៏មិនប្រាកដមួយរយភាគរយថា មានភាពសុក្រិតនោះដែរ ព្រោះថាជួនកាលនៅពេលដែលយើង ធ្វើតេស្ដផ្ទាល់ គឺមិនទទួលបានលទ្ធផល ដូចដែលគេបានបង្ហាញនោះឡើយ។

ដោយ​ ៖ 91Mobile
អត្ថបទទាក់ទង