ដៃហ្គេម Xbox ត្រូវ​បាន​ដាក់​លក់​លើ​គេហទំព័រ​ផ្លូវការ​របស់ Apple ជា​លើក​ដំបូង​
ដោយ​ ៖ Kealy | 3 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងហើយថា កាលពីប៉ុន្មានសប្តាហ៍ កន្លងផុតទៅ ថ្មីៗនេះ Apple បានបញ្ចេញ ប្រព័ន្ធប្រតិបតិ្តការ iOS 13 និង iPadOS ជាផ្លូវការ ដើម្បីឲ្យអ្នកប្រើប្រាស់ ដែលមានឧបករណ៍ iDevice ទាំងឡាយណា អាចធ្វើការអាប់ដេតបាន។ ហេតុដូច្នេះ ខ្ញុំជឿថាមានប្រិយមិត្ត មិនតិចនោះទេ បានធ្វើការអាប់ដេតឡើងទៅ កំណែប្រព័ន្ធប្រតិបត្តិការ ចុងក្រោយនេះហើយ ព្រោះថាវាបានភ្ជាប់ជាមួយ មុខងារពិសេសៗជាច្រើន ដែលទាក់ទាញឲ្យអ្នកប្រើប្រាស់ ធ្វើការទទួលយក នូវកំណែប្រែថ្មីមួយនេះ។  បើនិយាយទៅដល់មុខងារពិសេសៗទាំងនោះ ដែលមាននៅលើ ប្រព័ន្ធប្រតិបតិ្តការថ្មីនេះ មុខងារដែលអនុញ្ញាតឲ្យយើង អាចធ្វើការតភ្ជាប់ដៃបញ្ជាហ្គេម ជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន Sony និង Microsoft ក៏អាចចាត់ទុកថា ជាមុខងារមួយ ដែលជុំរុញឲ្យអ្នកប្រើប្រាស់ ជាពិសេស អ្នកចូលចិត្តលេងហ្គេម ធ្វើការអាប់ដេតដើម្បីទទួលបានមុខងារថ្មីមួយនេះ។

 

 

ទាក់ទងទៅនឹងមុខងារ អនុញ្ញាតឲ្យធ្វើការតភ្ជាប់ ដៃបញ្ជាហ្គេមនេះ យើងក៏ទទួលបានព័ត៌មានថ្មីមួយ ដែលនិយាយពីវាផងដែរ។ បើយោងទៅតាម គេហទំព័រ របស់ Apple បានឲ្យយើងដឹងថា ក្រុមហ៊ុននេះ ចាប់ផ្តើមដាក់លក់ដៃបញ្ជាហ្គេមឥតខ្សែ Xbox Wireless Controller របស់ Microsoft ជាលើកដំបូង នៅលើគេហទំព័រ ផ្លូវការ របស់ពួកគេ តែម្តង ជាមួយតម្លៃ $59.95 ដុល្លារ។ 

 

ការដែល Apple បានសម្រេចចិត្តធ្វើបែបនេះ ព្រោះចង់ឲ្យអ្នកប្រើប្រាស់ ទទួលបានបទពិសោធន៍ថ្មី កាន់តែងាយស្រួល ដើម្បីតភ្ជាប់ទៅក្នុងកម្មវិធី Apple Arcade របស់ខ្លួន ដែលជាកម្មវិធីផ្តល់ជូន សេវាកម្មហ្គេម នៅលើ iPhone, iPod និង iPad ហើយព្រមទាំងកុំព្យូទ័រ Mac និងទូរទស្សន៍ Apple TV។ វាជាការពាំនាំយក ហ្គេមល្បីៗទាំងឡាយពី App Store ចែកជូនទៅដល់អ្នកជាវទាំងអស់ តាមរយៈការបង់ថ្លៃ សេវាប្រចាំខែផងដែរនោះ ទើបអនុញ្ញាតឲ្យមានការតភ្ជាប់ ទៅដៃហ្គេមទាំងអស់នេះ នៅលើកំណែអាប់ដេត iOS 13 ឬ iPadOS។ គួរបញ្ជាក់ផងដែរថា រាល់ការតភ្ជាប់ដៃបញ្ជាពីខាងក្រៅនេះ អាចលេងជាមួយប្រភេទហ្គេមផ្សេងៗបាន ដែលមាននៅក្នុង App Store។ 

 

 

អញ្ចឹងសរុបមកវិញ ទាំងនេះជាព័ត៌មាន ដែលនិយាយអំពីមុខងារតភ្ជាប់ដៃបញ្ជាឥតខ្សែ ទៅកាន់ឧបករណ៍ iDevice ដែលដំណើរការដោយ iOS 13 ឬ iPad OS។ ដូច្នេះ បើសិនប្រិយមិត្ត ដែលកំពុងប្រើប្រាស់ iPhone ឬ iPad ដែលដំណើរដោយប្រព័ន្ធប្រតិបតិ្តការ ចុងក្រោយគេបង្អស់ របស់ Apple និងមានដៃបញ្ជា Xbox Wireless Controller ឬ PS DualShock 4 ហើយមានបំណងចង់សាកល្បងនៃបទពិសោធន៍ថ្មីនេះ លោកអ្នកអាចចាប់ផ្តើម ពីពេលនេះ ប៉ុន្តែបើសិនជាប្រិយមិត្តណា ដែលមិនទាន់មានទេ អាចរកទិញបាន នៅក្នុងស្រុកយើងបាន ជាមួយនឹងតម្លៃប្រហាក់ប្រហែលគ្នា ទៅនឹងតម្លៃដែលដាក់លក់ នៅលើ Apple Store ដែរ។ 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង