សប្តាហ៍​​ក្រោយ Apex Legends នឹង​ទទួល​បាន​​​កំណែ​អាប់ដេត​ថ្មី ដើម្បី​ស្វាគមន៍​​​ការ​មក​ដល់​​​របស់ Halloween​
ដោយ​ ៖ Chiro | 3 ខែមុន SHARE

 

សម្រាប់ប្រិយមិត្ត មួយចំនួនដែលជាអ្នកចូលចិត្តលេងហ្គេម ប្រហែលជាស្គាល់ហ្គេម Apex Legends ច្បាស់ជាមិនខាន។ វាគឺជាហ្គេម ប្រភេទ Battle Royale ដែលមានលក្ខណៈស្រដៀងទៅនឹង PUBG, Rules of  Survival និង Fortnite អញ្ចឹងដែរ។ Apex Legends ត្រូវបានបង្កើតឡើងដោយស្ទូឌីយោ Respawn ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន EA ហើយវាត្រូវបានដាក់ ឲ្យលេងនៅលើ Platform មួយចំនួនដូចជា PlayStation 4, Xbox One និង PC ជាដើម។ ចំនុចដ៏ពិសេសមួយ របស់ហ្គេម Apex Legends គឺវាតែងតែធ្វើការអាប់ដេត នាំយកអ្វីដែលល្អ, អ្វីដែលថ្មី និងអ្វីដែលប្លែក ដើម្បីធ្វើឲ្យអ្នកលេងទទួលបានបទពិសោធន៍ នៃការលេងហ្គេមមួយដ៏ល្អ និងកាន់តែអស្ចារ្យ ពីមួយជំនាន់ទៅមួយជំនាន់។

 


ជុំវិញកំណែអាប់ដេតរបស់ Apex Legends នេះ យើងក៏ទើបតែទទួលបានព័ត៌មានថ្មីមួយដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាមគេហទំព័រ The Verge បានសរសេរថាដើម្បីស្វាគមន៍ការមកដល់នូវពិធីបុណ្យ Halloween នៅក្នុងសប្ដាហ៍ក្រោយ នេះ Apex Legends នឹងបញ្ចេញកំណែអាប់ដេតថ្មី ដែលនាំយកព្រឹត្តិការណ៍ថ្មីមួយដែលមានឈ្មោះថា Fight or Fright។ នៅក្នុង ព្រឹត្តិការណ៍នេះដែរ Apex Legend នឹងទទួលបានវគ្គ Solo ថ្មីមួយដែលមានឈ្មោះថា Shadowfall ហើយនៅក្នុងវគ្គនេះ គេសង្កេត ឃើញថាវាមានផែនទីដែលមានលក្ខណៈស្រដៀងទៅនឹងផែនទី Kings Canyon អញ្ចឹងដែរ ប៉ុន្តែវាត្រូវធ្វើឡើងនៅពេលយប់។ ប្រភពបន្តថា នៅពេលដែលអ្នកលេងចំនួន 35 នាក់ មានវត្តមាននៅក្នុងវគ្គថ្មីនេះហើយ បើសិនជានរណាម្នាក់ត្រូវបានគេសម្លាប់ ម្នាក់នោះនឹងប្រែក្លាយទៅជាខ្មោចឆៅ ដែលមានលក្ខណៈពិសេសៗមួយចំនួនដូចជា គេនឹងរត់លឿនជាង កម្លាំងវាយដៃខ្លាំងជាង អ្នកលេងដែលមិនទាន់ស្លាប់ ប៉ុន្តែពួកគេមិនអាចប្រើប្រាស់ Skills របស់ពួកគេបាននោះទេ ហើយអ្នកលេងដែលនៅសល់ 10 នាក់ចុងក្រោយ ត្រូវតែសហការគ្នា ដើម្បីឆ្ពោះទៅកាន់នាវាជម្លៀសខ្លួន មុនពេលដែលអ្នកត្រូវខ្មោចឆៅទាំងអស់នោះសម្លាប់។

 


គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍ថ្មីនេះ នឹងត្រូវដាក់ឲ្យលេងជាផ្លូវការចាប់ពីថ្ងៃ ទី 15 ខែតុលា រហូតដល់ថ្ងៃ ទី 5 ខែវិច្ឆិកាខាងមុខនេះ។ ក្នុងព្រឹត្តិការណ៍នេះដែរ ក្រុមការងាររបស់ Respawn ក៏បានធ្វើការបន្ថែម ឈុតសំលៀកបំពាក់ខាងក្រៅថ្មីៗសម្រាប់តួអង្គមួយចំនួន ដែលមាននៅក្នុងហ្គេម Apex Legends និង Skins ថ្មីសម្រាប់អាវុធមួយចំនួន ផងដែរ។ អញ្ចឹងសរុបមកវិញ នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់ប្រិយមិត្ត ដែលតែងតែចូលចិត្តលេងហ្គេង Apex Legends នេះ ព្រោះថាកំណែអាប់ដេតជំនាន់ថ្មីនេះ នឹងធ្វើឲ្យការលេងហ្គេម របស់អ្នកទទួល បានបទពិសោធន៍ថ្មីថែមមួយកម្រិតទៀតច្បាស់ជាមិនខាន។

 

ដោយ​ ៖ Polygon
អត្ថបទទាក់ទង