Apple​ មាន​គម្រោង​ផ្ដល់​ថវិកា​វិនិយោគ​ដល់​ក្រុមហ៊ុន​ Japan​ Display​ ចំនួន​ 200​ លាន​ដុល្លារ​​
ដោយ​ ៖ Ratanak | 3 ខែមុន SHARE

 

ក្រុមហ៊ុន Japan Display គឺជាក្រុមហ៊ុនផលិតបន្ទះបង្ហាញធំមួយ ដែលតែងតែផ្តល់អេក្រង់ LCD ទៅឲ្យ Apple ជាក់ស្ដែងដូចជាអេក្រង់ ដែលមាននៅលើ iPhone 11 ក៏ជាផលិផលរបស់ ក្រុមហ៊ុនជប៉ុននេះដែរ។ យ៉ាងណាក៏ដោយ បើទោះបីជា Apple នៅតែប្រើបន្ទះបង្ហាញ របស់ក្រុមហ៊ុននេះមែន ក៏ Japan Display នៅតែមានការធ្លាក់ចុះដដែល ព្រោះការប្រើប្រាស់ អេក្រង់ LCD របស់ Apple គឺមានចំនួនកាន់តែតិចជាងមុនអញ្ចឹងដែរ។ ដូចនេះហើយ ទើបពេលនេះ មានដំណឹងថា ក្រុមហ៊ុនផ្លែប៉ោម មានគម្រោងផ្ដល់ថវិកាវិនិយោគ ដល់ក្រុមហ៊ុន JDI យ៉ាងច្រើនទៀតផង។

 

 

មិនខុសទេ Japan Display បញ្ជាក់ប្រាប់ថា ក្រុមហ៊ុនរបស់ខ្លួន ត្រូវបានអតិថិជនសំខាន់មួយ មានគម្រោងក្នុងការវិនិយោគដល់ទៅ 200 លានដុល្លារឯណោះ ហើយនេះជាចំនួន ដែលច្រើនជាងមុនពីរដង បើប្រៀបជាមួយ គម្រោងលើកមុន ដែលអតិថិជនសំខាន់នេះ ចង់វិនិយោគជាមួយ។ នៅក្នុងនោះដែរ ការបង្ហើបប្រាប់នេះ ត្រូវបានបង្ហាញដោយ CEO របស់ JDI ផ្ទាល់តែម្ដង ដែលមានឈ្មោះថា Minoru Kikuoka ហើយលោកក៏បានរំពឹងថា គម្រោងទាំងនេះ នឹងត្រូវបំពេញរួចរាល់ នៅក្នុងខែនេះថែមទៀតផង។ គួរបញ្ជាក់ដែរ បើទោះបីជាក្រុមហ៊ុន ខាងលើមិនបានបង្ហាញក៏ដោយ ក៏យើងអាចដឹងបានដែរថា អតិថិជនសំខាន់នោះ គឺជាក្រុមហ៊ុន ដែលមានដើមកំណើត ក្នុងសហរដ្ឋអាមេរិក និយាយឲ្យចំគឺ Apple តែម្ដង ហើយបុគ្គលខាងលើ ក៏បានបង្ហាញទៀតថា ក្រុមហ៊ុន Oasis Management ដែលមានមូលដ្ឋាន នៅក្នុងទឹកដីហុងកុង ក៏បានចូលរួមវិនិយោគយ៉ាងច្រើននោះដែរ ពោលគឺខ្ទង់ 150-180 លានដុល្លារទៀតផង។ 

 

 

យ៉ាងណាក៏ដោយ បើសិនជាក្រុមហ៊ុន JDI ត្រូវបានដួលរលំនោះ ហេតុនេះ Apple កាន់តែពិបាកក្នុងការផលិតស្មាតហ្វូន ដើម្បីប្រកួតប្រជែងលើទីផ្សារ ផ្នែកតម្លៃជាមិនខាន ព្រោះថាបន្ទះអេក្រង់ LCD របស់ក្រុមហ៊ុនខាងលើ គឺមានតម្លៃថោក ដែលធ្វើឲ្យក្រុមហ៊ុនផ្លែប៉ោម លក់ស្មាតហ្វូនដែលបំពាក់អេក្រង់នេះ ក្នុងតម្លៃកាន់តែធូរថ្លៃផងដែរ។ ជាក់ស្ដែង យើងមើលទៅលើ iPhone 11 ត្រូវបាន Apple លក់ថោកជាងឆ្នាំមុនខ្ទង់ 50 ដុល្លារ នេះបើយើងប្រៀបជាមួយ iPhone XR ដូច្នេះហើយ ទើប JDI គឺដៃគូសំខាន់សម្រាប់ Apple ក្នុងផលិតស្មាតហ្វូន ដែលមានតម្លៃប្រកួតប្រជែង ក៏ដូចជាក្រុមហ៊ុនមួយ ដែល Apple ត្រូវតែផ្ដល់ទុនវិនិយោគ អញ្ចឹងដែរ។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង