MacBook Pro 16 អ៊ីញ មាន​ភាគ​រយ​ខ្ពស់ក្នុង​ការ​ភ្ជាប់​មក​ជាមួយ​ឆ្នាំង​សាក​ល្បឿន​លឿន 96W​
ដោយ​ ៖ Chiro | 3 ខែមុន SHARE

 

មួយរយៈចុងក្រោយនេះ យើងកត់សម្គាល់ឃើញថា មានព័ត៌មានជាច្រើនដែលចុះផ្សាយនិយាយអំពី លក្ខណៈសម្បត្តិ និងមុខងារ ពិសេសៗរបស់ MacBook Pro ជំនាន់ថ្មីចុងក្រោយគេបង្អស់របស់ Apple នោះគឺ MacBook Pro ដែលបំពាក់មកជាមួយអេក្រង់ 16 អ៊ីញ។ ហើយភ្នាក់ងារសារព័ត៌មានល្បីៗជាជាច្រើនបានរំពឹងថាក្រុមហ៊ុន Apple នឹងធ្វើការបើកព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅចុងខែ នេះតែម្តង ដើម្បីបង្ហាញអំពីផលិតផលថ្មីៗរបស់ខ្លួនបន្ថែមទៀត។ ក្នុងនោះផលិតផលធំៗទាំង 2 ដែលមនុស្សភាគច្រើន ជាពិសេស អ្នកគាំទ្ររបស់ Apple តែម្តង ទន្ទឹងរង់ចាំមើលយ៉ាងអន្ទះសា នោះគឺ iPad Pro 2019 និង MacBook Pro 16 អ៊ីញតែម្តង។

 


បើនិយាយទៅដល់ MacBook Pro ជំនាន់ថ្មីចុងក្រោយរបស់ Apple នេះ យើងក៏ទើបតែទទួលបានព័ត៌មានថ្មីមួយដែលនិយាយ ទាក់ទងពីវាផងដែរ។ បើយោងទៅតាមគណនីនៅក្នុងបណ្តាញសង្គម Twitter មួយដែលមានឈ្មោះថា ChargerLab បានធ្វើការ បង្ហោះរូបភាពមួយសន្លឹកដែលបានមកពីគេហទំព័រ Chongdiantou អមមកជាមួយពាក្យមួយឃ្លាថា “Apple 96W charger (A2166) leaked, same size as 87W chager” ដូច្នេះមានន័យថា ឆ្នាំងសាកល្បឿនលឿនរបស់ Apple ដែលមានកម្លាំង 96W ដែលមានឈ្មោះតំណាងថា A2166 ត្រូវបានលេចធ្លាយ ហើយវាមានទំហំប៉ុនគ្នាទៅនឹង ឆ្នាំងសាកល្បឿនលឿន ដែលមានកម្លាំង 87W របស់ Apple អញ្ចឹងដែរ។ បន្ទាប់ពីបានឃើញរូបភាពនេះហើយ ក៏មានមតិជាច្រើនបានលើកឡើងថាវាអាចជាឆ្នាំងសាក ដែលប្រើប្រាស់សម្រាប់សាកថ្មទៅឲ្យ MacBook Pro 16 អ៊ីញ ដែលត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។

 


គួររំលឹកផងថា កាលពី iPhone 11 Pro និង iPhone 11 Pro Max មិនទាន់ត្រូវបានប្រកាសចេញជាផ្លូវការ គណនី Twitter ដែលមានឈ្មោះ ChargerLab នេះ ក៏ធ្លាប់ធ្វើការបង្ហោះរូបភាពមួយសន្លឹក ព្រមទាំងបាននិយាយថាវាគឺជាឆ្នាំងសាកល្បឿនលឿន ដែលមានកម្លាំង 18W ដែលភ្ជាប់មកជាមួយ iPhone 11 Pro និង iPhone 11 Pro Max ស្រាប់តែម្តង ហើយនៅទីបំផុតវាក៏ក្លាយ ទៅជាការពិតមែន។ ដូច្នេះព័ត៌មានខាងលើមានភាគរយខ្ពស់ផងដែរ ដែលអាចក្លាយទៅជាការពិត ប៉ុន្តែយើងក៏មិនអាចប្រាកដបាន 100% នោះដែរ ដូច្នេះមានតែរង់ចាំមើលរហូតដល់ថ្ងៃ Apple ប្រកាសចេញជាផ្លូវការទើបយើងបានដឹងច្បាស់។ បើចំពោះ គំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាវាអាចទៅរួច ព្រោះថាកាលពីពេលកន្លងក្រុមហ៊ុន Apple បាននិយាយថាម៉ូនីទ័រ Pro Display XDR របស់ខ្លួនមានសមត្ថភាពអាចសាកថ្មទៅឲ្យឧបករណ៍ដទៃបាន ក្នុងកម្លាំង 96W តាមរយៈខ្សែ Thunderbolt 3 (USB-C) ផងដែរ។

ដោយ​ ៖ Apple Insider
អត្ថបទទាក់ទង