នៅ​លើ App Store Connect ក៏​ចាប់​ផ្តើម​ទទួល​បាន Dark Mode ដែរ​
ដោយ​ ៖ Kealy | 3 ខែមុន SHARE

 

ដូចដែលប្រិយមិត្តអ្នកអាន បានដឹងរួចមកហើយថា កាលពីមួយអាទិត្យមុននេះ Apple បានដាក់បញ្ចេញ កំណែអាប់ដេត iOS ជំនាន់ 13 ជាសកល សម្រាប់ម៉ូឌែល iPhone SE រហូតដល់ម៉ូឌែល iPhone XS Max។ ពិតមែនណាស់ ប្រព័ន្ធប្រតិបត្តិការ ជំនាន់ថ្មីលើកនេះ ហាក់បីដូចជាមានការផ្លាស់ប្តូរ មុខមាត់ថ្មីច្រើន ដែលរួមមានដូចជា ការផ្លាស់ប្តូររចនាបថថ្មី ទៅលើកម្មវិធីមើលរូបភាព Photos, ការកែប្រែសម្លេងនៅលើកម្មវិធី Siri, ផ្នែករបាកំណត់កម្រិតសម្លេង ក៏តូចជាងមុន និងនៅកៀនខាងឆ្វេងដៃវិញ, បន្ថែមក្ដារចុចភាសាខ្មែរ, បូករួមទាំងសេវាកម្មហ្គេម Apple Arcade នៅលើ App Store, និងការអាប់ដេតបន្ថែមទៅលើល្បឿនដំណើរការ នានា ជាដើម។ 

 

 

ជុំវិញប្រព័ន្ធប្រតិបតិ្តការ iOS 13 នេះដែរ នៅមានចំណុច ដ៏ពិសេសមួយទៀត ដែលខ្ញុំជឿថា មានប្រិយមិត្ត ក៏ដូចជាហ្វេន Apple មួយចំនួនធំ ប្រាកដជាពេញចិត្តនឹងវាខ្លាំង ហើយមុខងារមួយនេះ  ក៏ជាមូលហេតុធំមួយ ដែលធ្វើឲ្យយើងម្នាក់ៗ ទន្ទឹងរង់ចាំកំណែអាប់ដេត ជំនាន់ថ្មី យ៉ាងអន្ទះសាផងដែរ។ ពិតណាស់ Apple បានពាំនាំយកមកមុខងារ Dark Mode មកដាក់លើ iOS 13 ជំនាន់ក្រោយនេះ ដោយវាបានជួយផ្លាស់ប្តូរមុខមាត់ នៃផ្ទៃកម្មវិធីដើមទាំងអស់ ឲ្យទៅជាពណ៌ខ្មៅ ក្នុងនោះមានដូចជា កម្មវិធី Calendar, Photos, Contacts, Notes, Music និងកម្មវិធី App Store ជាដើម។ យ៉ាងណាមិញ កាលពីល្ងាចម្សិលមិញនេះ Apple ទើបដាក់បញ្ចេញមុខងារ Dark Mode ក៏ដូចជាការកែលម្អ នូវបញ្ហាមួយចំនួន សម្រាប់កម្មវិធីមួយទៀត របស់ខ្លួន ដែលវាមានឈ្មោះថា App Store Connect។ គួរបញ្ជាក់ផងដែរថា App Store Connect មានលក្ខណៈខុសគ្នានឹង App Store ត្រង់ថា វាជា App សម្រាប់ឲ្យអ្នកអភិវឌ្ឍកម្មវិធីទាំងឡាយណា អាចធ្វើការគ្រប់គ្រង កម្មវិធី ដែលខ្លួនបានបង្ហោះចូល App Store។ 

 

 

ជាធម្មតា App នេះ មានទម្រង់ពណ៌សសុទ្ធ ដូច្នេះបន្ទាប់ពី វាអាចគាំទ្រដោយ Dark Mode ដូចគេដូចឯងហើយ ពិតជាធ្វើឲ្យអ្នកអភិវឌ្ឍន៍កម្មវិធី ទទួលបាននូវបទពិសោធន៍ថ្មីមួយទៀត ជាពិសេស ជួយកាត់បន្ថយផលប៉ះពាល់ភ្នែក បានទៀតផង។

ដោយ​ ៖ 9to5Mac
អត្ថបទទាក់ទង