Google បាន​បន្ថែម​មុខងារ​ថ្មី​មួយ អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បាន​ដឹង ថា​តើ​ពាក្យ​សម្ងាត់​ត្រូវ​បាន​គេ​លួច Hack ចូល​ដែរ​ឬ​ទេ​
ដោយ​ ៖ Leng | 7 ខែមុន SHARE

 

កាលពីម្សិលមិញនេះ Google បានធ្វើការប្រកាសចេញ មុខងារដ៏ពិសេសថ្មីៗមួយចំនួន ដែលមានគោលបំណងចង់ ការពារសិទ្ធិសុវត្ថិភាព របស់អ្នកប្រើប្រាស់ទាំងអស់ ដោយរួមបញ្ចូលទាំង មុខងារសម្ងាត់ Incognito Mode នៅលើកម្មវិធី Map របស់ខ្លួន, ការលុបប្រវត្តិ (History) ទស្សនាវីដេអូលើ YouTube ដោយស្វ័យប្រវត្តិ, ការអាប់ដេតប្រព័ន្ធការពារ ទៅលើជំនួយការឌីជីថល Google Assistant និងផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះទៅទៀត Google ក៏បាននាំយកមកនូវ មុខងារការពារសុវត្ថិភាពថ្មីមួយ ដែលអាចត្រួតពិនិត្យមើល ពាក្យសម្ងាត់របស់អ្នកប្រើប្រាស់ ហើយបញ្ជាក់ប្រាប់មកវិញថា ត្រូវបានមាននរណាម្នាក់លួច Hack ចូលរួចហើយឬនៅទេ និងណែនាំឲ្យផ្លាស់ប្ដូរចេញផងដែរ។

 

 

ពិតប្រាកដណាស់ នេះមិនមែនជាមុខងារដែល Google មានដំបូងគេបង្អស់នោះទេ ប៉ុន្ដែយ៉ាងហោចណាស់ ឥឡូវនេះវាបានមកដល់ហើយ និងមានភាពងាយស្រួល សម្រាប់ម្ចាស់គណនី Gmail ទូទាំងពិភពលោក ហើយជៀងវាងកុំឲ្យនរណាម្នាក់ អាចលួចពាក្យសម្ងាត់យើង ចូលឆែកមើលបាន។ ចំណែកឯមុខងារថ្មីមួយនេះ គឺបានដាក់បញ្ចូលរួមជាមួយ មុខងារគ្រប់គ្រងពាក្យសម្ងាត់ (Password Manager) តែម្ដង ដោយបន្ទាប់ពីអាចប្រាប់ថា ពាក្យសម្ងាត់របស់លោកអ្នក ត្រូវបានគេលួច Hack ដែរឬក៏អត់ ហើយវាក៏អាចពិនិត្យដឹងថា ពាក្យសម្ងាត់មិនសូវមានសុវត្ថិភាព ថែមទៀតផង ដែលងាយស្រួយឲ្យគេទាយបាន ដូចជាសរសេរថា “123456” ឬ “password” ជាដើម។ លើសពីនេះទៅទៀត វាក៏បញ្ជាក់ឲ្យឃើញថា លោកអ្នកបានប្រើប្រាស់ ពាក្យសម្ងាត់ដដែលៗ នៅលើគណនីមួយចំនួន និងណែនាំឲ្យផ្លាស់ប្ដូរចេញខុសៗពីគ្នា ពីព្រោះការដាក់ពាក្យសម្ងាត់ដូចៗគ្នា ទៅលើគ្រប់គណនីទាំងអស់ ក៏មិនមានសុវត្ថិភាពប៉ុន្មាននោះទេ។ ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចចុចនៅត្រង់នេះ ដើម្បីធ្វើការត្រួតពិនិត្យ ពាក្យសម្ងាត់របស់លោកអ្នក តាមរយៈការភ្ជាប់ជាមួយគណនី Google ផងដែរ។

 

 

ខណៈពេលដែល ប្រកាសចេញមុខងារ ការពារសុវត្ថិភាពថ្មីនេះ Google ក៏បាននិយាយប្រាប់ថា ក្រុមការងាររបស់ខ្លួន នឹងចាប់ផ្ដើមបង្កើតបច្ចេកវិទ្យា ការពារពាក្យសម្ងាត់ថ្មីម្យ៉ាង ភ្ជាប់នៅលើកម្មវិធី Chrome មកស្រាប់តែម្ដង ដើម្បីធ្វើការត្រួតពិនិត្យភ្លាមៗ ដោយមិនចាំបាច់តម្រូវឲ្យ ចូលទៅឆែកមើលទៀតនោះឡើយ។ ជាចុងក្រោយគេបង្អស់ Google ក៏បានបង្ហើបប្រាប់ថា មុខងារឆែកមើលថា គេហទំព័រណាមួយ ដែលធ្លាប់ត្រូវបានគេលួច Hack ដើម្បីជាការព្រមានឲ្យ អ្នកប្រើប្រាស់បានដឹងមុន នឹងចាប់ផ្ដើមបើកដំណើរការ នាពេលឆាប់ៗខាងមុខនេះ។

ដោយ​ ៖ BGR
អត្ថបទទាក់ទង