Microsoft បាន​ប្រកាស​ចេញ​ថេប្លេត​អេក្រង់​ភ្លោះ Surface Neo និង​ដើរ​ដោយ​ប្រព័ន្ធ​ដំណើរ​ការ​ថ្មី Windows 10X​
ដោយ​ ៖ Leng | 3 ខែមុន SHARE

 

បើគិតទៅជិតអស់រយៈពេល 10 ឆ្នាំជាងមកហើយ ដែលប្រទះឃើញមាន របាយការណ៍លេចធ្លាយ និងពាក្យចចាមអារ៉ាមថា Microsoft កំពុងតែសិក្សាលើ ឧបករណ៍ប្រើប្រាស់ម្យ៉ាង មានអេក្រង់ដល់ទៅពីរ ដោយរហូតមកដល់ កាលពីម្សិលមិញនេះ ក៏បានចេញជាផ្លូវការហើយ នៅឯព្រឹត្តិការណ៍ Microsoft Event រួមជាមួយគ្នានឹងឡេបថប Surface ជំនាន់ក្រោយៗផងដែរ។ ចំណែកឯឧបករណ៍ អេក្រង់ភ្លោះថ្មីនេះ គឺជាប្រភេទបែបថេប្លេត ដែលមានឈ្មោះថា Surface Neo ហើយវាដំណើរការដោយ Windows 10X ជំនាន់ដំបូងគេបង្អស់ និងកំពុងត្រៀមដាក់លក់ លើទីផ្សារនៅចុងឆ្នាំក្រោយ។

 

 

ពិតប្រាកដណាស់ មូលហេតុដែលត្រូវឲ្យ យើងរង់ចាំយូរយ៉ាងនេះ គឺដោយសារតែ Surface Neo ហាក់បីដូចជា កំពុងស្ថិតក្នុងដំណាក់កាល សាកល្បងគម្រូតែប៉ុណ្ណោះ ប៉ុន្ដែបើយោងទៅតាម Microsoft បានលើកឡើងថា វាជិតរួចរាល់ហើយ និងបាននិយាយទៀតថា ថេប្លេតអេក្រង់ភ្លោះនេះ មានលក្ខណៈខុសប្លែកពីគេ ដោយគ្មានក្រុមហ៊ុនណាផ្សេង ផលិតដាក់លក់នោះទេ។ លើសពីនេះទៅទៀត Surface Neo គឺជាផលិតផលថ្មីរបស់ Microsoft ដែលបានធ្វើឲ្យអ្នកគាំទ្រ ទូទាំងពិភពលោក មានភាពការភ្ញាក់ផ្អើលមែនទែន ហើយមិនសូវមាននរណាម្នាក់ រំពឹងទុកជាមុននោះឡើយ ព្រមទាំងស្មាតហ្វូនអេក្រង់ភ្លោះ Surface Duo ដំណើរការដោយ Android ថែមទៀតផង។

 

 

សម្រាប់អេក្រង់ទាំងពីរនៅលើ Surface Neo គឺមានទំហំត្រឹម 9 អ៊ីញដូចគ្នាទាំងសងខាង ដែលមានកម្រាស់ 5.6mm និងទម្ងន់ត្រឹមតែ 655 ក្រាម ជាមួយនឹងកញ្ចក់ការពារ Gorilla Glass ហើយលោក Panos Panay មកពី Microsoft បានបញ្ជាក់ប្រាប់ថា វាជាបន្ទះអេក្រង់ LCD ស្ដើងបំផុតលើពិភពលោក។ ចំពោះផ្នែករឹងរបស់វានេះ គឺត្រូវបានបំពាក់ដោយស៊ីភីយូប្រភេទ Intel Lakefield ដែលមានឈ្មោះហៅថា “Hybrid” ភ្ជាប់គ្នាជាមួយនឹង កាតក្រាហ្វិកជំនាន់ទី 11 ដើម្បីទ្រទ្រង់អេក្រង់ទាំងពីរនោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ នោះគឺថាក្ដារចុចរបស់វា មានលក្ខណៈដាច់ដោយឡែក ហើយវាអាចឆក់ជាប់ នៅសន្ទះខាងក្រោយ និងយកមកបំពាក់លើ អេក្រង់ខាងក្រោមមួយ ទុកឲ្យវាយអក្សរបាន។

 

 

ខណៈពេលដែល ភ្ជាប់ក្ដារចុចលើអេក្រង់ហើយ វាក៏នៅសល់ចន្លោះអេក្រង់បន្ដិច នៅផ្នែកខាងលើនោះ ដើម្បីដាក់បង្ហាញជារូប Emoji ឬ អាចធ្វើជាកន្លែងបញ្ជា Trackpad បានផងដែរ។ ក្រៅពីនេះទៅទៀត Microsoft បានបញ្ជាក់ប្រាប់ថា Surface Neo មានគន្លឹះបត់ដ៏រឹងមាំ ដែលអាចបង្វិលបាន 360 ដឺក្រេ ដូច្នេះអ្នកប្រើប្រាស់ អាចកំណត់កម្រិតបត់ តាមចំណូលចិត្តតែម្ដង។ ដូចដែលបានបញ្ជាក់ខាងលើអញ្ចឹង ដោយថេប្លេតអេក្រង់ភ្លោះ Surface Neo គឺកំពុងត្រៀមដាក់លក់ នៅឆ្នាំក្រោយឯណោះ ហើយក្រុមហ៊ុន Microsoft ក៏មិនទាន់បាន ប្រាប់ពីតម្លៃលក់របស់វា នៅឡើយនោះទេ។

 

ដោយ​ ៖ The Verge
អត្ថបទទាក់ទង