Apex Legends រដូវកាលទី 3 បាន​ធ្វើ​ការ​បន្ថែម​តួ​អង្គ​ថ្មី និង​ផែន​ទី​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​
ដោយ​ ៖ Chiro | 7 ខែមុន SHARE

 

សម្រាប់ប្រិយមិត្ត មួយចំនួនដែលជាអ្នកចូលចិត្តលេងហ្គេម ប្រហែលជាស្គាល់ហ្គេម Apex Legends ច្បាស់ជាមិនខាន។ វាគឺជាហ្គេម ប្រភេទ Battle Royale ដែលមានលក្ខណៈស្រដៀងទៅនឹង PUBG, Rules of  Survival និង Fortnite អញ្ចឹងដែរ។ Apex Legends ត្រូវបានបង្កើតឡើងដោយស្ទូឌីយោ Respawn ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន EA ហើយវាត្រូវបានដាក់ ឲ្យលេងនៅលើ Platform មួយចំនួនដូចជា PlayStation 4, Xbox One និង PC ជាដើម។ ចំនុចដ៏ពិសេសមួយ របស់ហ្គេម Apex Legends គឺវាតែងតែធ្វើការអាប់ដេត នាំយកអ្វីដែលល្អ, អ្វីដែលថ្មី និងអ្វីដែលប្លែក ដើម្បីធ្វើឲ្យអ្នកលេងទទួលបានបទពិសោធន៍ នៃការលេងហ្គេមមួយដ៏ល្អ និងកាន់តែអស្ចារ្យ ពីមួយជំនាន់ទៅមួយជំនាន់។

 



ជាក់ស្តែងនៅក្នុងកំណែអាប់ដេតនៅក្នុង Season 3 នេះ ហ្គេម Apex Legends ទទួលបានការកែប្រែ និងបន្ថែមជាច្រើន ដោយក្នុង នោះមានដូចជា តួអង្គថ្មី ដែលមានឈ្មោះថា Crypto និងផែនទីថ្មី ដែលមានឈ្មោះថា World’s Edge ហើយវាគឺជាផែនទីដ៏ថ្មីមួយ ដែលមិនធ្លាប់មានវត្តមានពីមុននោះឡើយ។ ចំពោះតួអង្គថ្មីនេះ មានសមត្ថភាពក្នុងការ Hack យកទីតាំងរបស់សត្រូវ និងប្រើប្រាស់ Drone ធ្វើជាអាវុធដើម្បីសម្លាប់សត្រូវរបស់ខ្លួន។ រីផែនទីថ្មីវិញ វាប្រមូលផ្តុំទៅដោយទីតាំងគ្រោះថ្នាក់ជាច្រើន ក្នុងនោះរួមមានដូចជា ចំណោតទឹកកក, កំអែភ្នំភ្លើង និងទីតាំងគ្រោះថ្នាក់ជាច្រើនទៀត។ ក្រៅពីការបន្ថែមតួអង្គថ្មី និងផែនទីថ្មីខាងលើ ក្រុមការងាររបស់ Respawn ក៏បានធ្វើការកែប្រែទៅលើ កម្លាំង និងសមត្ថភាពរបស់ អាវុធនិងតួអង្គមួយចំនួនផងដែរ។ ម្យ៉ាងវិញទៀតពួកគេក៏បាន ធ្វើការជួសជុល និងកែប្រែបញ្ហាដែលកើតមានឡើងនៅក្នុងរដូវកាល មុនៗផងដែរ។

 


លើសពីនេះទៅទៀត នៅក្នុង Season 3 នេះ ក្រុមហ៊ុន Respawn ក៏បានបញ្ចេញលក់ Battle Pass ថ្មីមួយដែលមានឈ្មោះថា Meltdown ដែលប្រើប្រាស់សម្រាប់អនុញ្ញាតឲ្យអ្នកលេងដែលបានទិញវាយកទៅធ្វើការបំពេញបេសកកម្ម ដើម្បីទទួលបានអាវុធ ពិសេសៗ និងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតជាច្រើនថែមទៀតផង។ អញ្ចឹងសរុបមកវិញ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្ត ដែលតែងតែចូលចិត្តលេងហ្គេង Apex Legends នេះ ព្រោះថាកំណែអាប់ដេតជំនាន់ថ្មីនេះ នឹងធ្វើឲ្យការលេងហ្គេមរបស់អ្នក ទទួល បានបទពិសោធន៍ថ្មីថែមមួយកម្រិតទៀតច្បាស់ជាមិនខាន។


 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង