អតីត​បុគ្គលិក​របស់ Yahoo ម្នាក់ ជាប់​ទោស​ពី​បទ​លួច​ចូល​មើល​គណនី​ចំនួន 6,000 ដើម្បី​រករូប​ឬ​វីដេអូ​អាក្រាត​កាយ​
ដោយ​ ៖ Leng | 3 ខែមុន SHARE

 

ការិយាល័យមេធាវី នៃសហរដ្ឋអាមេរិក សម្រាប់សង្កាត់ភាគខាងជើង នៃរដ្ឋកាលីហ្វ័រញ៉ា បានរៀបចំឡើងសេចក្ដីប្រកាស កាលពីពេលថ្មីៗនេះថា លោក Reyes Daniel Ruiz ដែលត្រូវជាអតីតបុគ្គលិករបស់ Yahoo ផ្នែកខាងសរសេរកូដ បានប្រើប្រាស់តំណែងរបស់ខ្លួន ដើម្បីចូលទៅបើកមើល គណនីដែលមានភេទជាស្ដ្រីជាច្រើន រួមមានទាំងមិត្តភក្ដិ និងអ្នកធ្វើការជាមួយគាត់ ថែមទៀតផង។ របាយការណ៍បានបញ្ជាក់ប្រាប់ថា បានយល់ព្រមសារភាព និងទទួលទោសតាមផ្លូវច្បាប់ ទៅលើបទលួចចូលមើល គណនីសរុបរហូតដល់ទៅ 6,000 នៃអ្នកប្រើប្រាស់ Yahoo ដើម្បីស្វែងរកមើលរូប ឬវីដេអូអាក្រាតកាយ។

 

 

នាពេលបច្ចុប្បន្ននេះ ហាក់បីដូចជា នៅមិនទាន់ដឹងច្បាស់ថា លោក Reyes Daniel Ruiz បានចូលទៅបើកគណនីទាំងនោះ ដោយផ្ទាល់តែម្ដងទេ ពីព្រោះមានប្រភពមួយចំនួន និយាយប្រាប់ឲ្យបានដឹងថា Yahoo ផ្ដល់សិទ្ធិឲ្យបុគ្គលិករបស់ខ្លួន ចូលឆែកមើលព័ត៌មានសំខាន់ៗ របស់អ្នកប្រើប្រាស់ដូចជា លេខសម្ងាត់ជាដើម តាំងតែពីដំបូងមក ឬក៏គាត់ប្រើសមត្ថភាព Hack របស់ខ្លួនឯងទៅលើ គណនីទាំងអស់នោះឡើយ។ លើសពីនេះទៅទៀត គាត់ក៏បានសារភាពថា គាត់បានព្យាយាមធ្វើការ Hack គណនី iCloud, Facebook, Dropbox និងសូម្បីតែ Gmail របស់ជនរងគ្រោះទាំង 6,000 នាក់នោះផងដែរ។ បើយោងទៅតាម ប្រភពសារព័ត៌មាន ZDNet បានចុះផ្សាយឲ្យដឹងថា លោក Ruiz បានធ្វើការនៅក្រុមហ៊ុន Yahoo អស់រយៈពេល 10 ឆ្នាំជាងមកហើយ បន្ទាប់ពីគាត់បានលាឈប់នៅឆ្នាំ 2018 កន្លងផុតទៅនេះ។

 

***ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀតពីទោសរបស់លោក Ruiz សូមចុចទីនេះ 

 

 

លោក Reyes Daniel Ruiz ដែលត្រូវជាអតីតបុគ្គលិករបស់ Yahoo បានយល់ព្រមចុះហត្ថលេខា លើកិច្ចព្រមព្រៀង និងទទួលទោសរបស់គាត់ បន្ទាប់ពីមានការចោទប្រកាន់ ពីសំណាក់គណៈអភិបាល សហព័ន្ធកាល នៅក្នុងខែមេសា ឆ្នាំ 2019 មុននេះ ពីបទរំលោភសិទ្ធិឯកជន លើគណនីចំនួន 6,000 នាក់ទាំងអស់នោះ។ ហេតុដូច្នេះហើយ គាត់នឹងត្រូវបាន ផ្តន្ទាទោសនៅក្នុងខែកុម្ភៈ ឆ្នាំក្រោយនេះតទៅ ប្រឈមមុខជាប់ទោស អស់រយៈពេលដល់ទៅ 5 ឆ្នាំក្នុងពន្ធនាគារ និងការផាកពិន័យទឹកប្រាក់ចំនួន 250,000 ដុល្លារ សម្រាប់ជនរងគ្រោះ ថែមទៀតផង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង