Mac Pro នឹង​កាន់​តែ​ឡើង​ថ្លៃ​បន្ថែម​ទៀត បន្ទាប់​ពី Apple ត្រូវ​បាន​បង្ខំ​ឲ្យ​បង់​ពន្ធ​ច្រើន​ជាង​មុន​
ដោយ​ ៖ Leng | 7 ខែមុន SHARE

 

ការចុះបញ្ជីខ្មៅ និងការបន្ថែមពន្ធ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺបានផ្ដល់ផលលំបាកដល់ ក្រុមហ៊ុនចិន ធ្វើការចាប់ដៃគូគ្នាជាមួយនឹង ក្រុមហ៊ុនអាមេរិក ហើយព្រមទាំងដាក់សម្ពាធ ទៅលើការធ្វើពាណិជ្ជកម្ម និងបញ្ហានយោបាយ ដែលកំពុងតែបន្ត នាពេលបច្ចុប្បន្ននេះ ថែមទៀតផង។ យ៉ាងណាក៏ដោយ ហាក់បីដូចជា មិនត្រឹមតែក្រុមហ៊ុនចិនប៉ុណ្ណោះ ដែលទទួលរងផលប៉ះពាល់នេះ ពីព្រោះនាពេលឥឡូវនេះ ក្រុមហ៊ុនអាមេរិក ចាប់ផ្ដើមជួបបញ្ហាមួយនេះ ជាបណ្ដើរៗដែរហើយ។ កុំព្យូទ័រលើតុស៊េរីថ្មី ដែលមានតម្លៃខ្ពស់ រហូតដល់ទៅចំនួន 6,000 ដុល្លារ នឹងអាចកាន់តែឡើងថ្លៃ ដោយសារតែ Apple ត្រូវបានតម្រូវឲ្យបង់ពន្ធ 25% បន្ថែមទៀត សម្រាប់គ្រឿងបន្លាស់ នាំចូលពីប្រទេសចិន ផងដែរ។

 

 

កាលពីពេលមុនមកនេះ Apple ក៏បានធ្វើការស្នើរសុំ សេចក្ដីលើកលែង ការបង់ពន្ធបន្ថែម លើគ្រឿងបន្លាស់ចំនួន 15 ផ្នែក ដើម្បីតម្លើងនៅលើកុំព្យូទ័រ Mac Pro ដែលសុទ្ធតែផលិតនៅ ប្រទេសចិនទាំងអស់ ប៉ុន្ដែមានត្រឹមតែចំនួន 10 ផ្នែក នៃគ្រឿងបន្លាស់ប៉ុណ្ណោះ អាចត្រូវបានយល់ព្រម លើកលែងឲ្យបាន។ ចំណែកឯគ្រឿងបន្លាស់ចំនួន 5 ផ្នែកផ្សេងៗទៀត គឺសុទ្ធតែសំខាន់ៗទាំងអស់ ដែលរួមមានដូចជា ជើងសម្រាប់ទប់កុំព្យូទ័រនេះ, បន្ទះសៀគ្វី សម្រាប់គ្រប់គ្រងចរន្ដចេញ ចរន្ដចូល និងដុំបញ្ចូលភ្លើង ជាដើម។ សម្រាប់បញ្ហាបន្ថែមថ្លៃពន្ធនេះ គឺបណ្ដាលមកពី សង្គ្រាមពាណិជ្ជកម្ម ហើយលោកប្រធានាធិបតី Donald Trump ចង់ឲ្យក្រុមហ៊ុនអាមេរិក Apple បែរត្រឡប់មកតម្លើង ផលិតផលទាំងអស់ នៅលើទឹកដីរបស់ខ្លួនវិញ ដោយមិនបាត់ត្រូវការ រោងចក្រនៅប្រទេសចិនឡើយ ប៉ុន្ដែលោក Tim Cook ក៏បានពន្យល់ប្រាប់វិញថា ការធ្វើដូចនេះ នឹងកាន់តែបង្កើនថ្លៃចំណាយ ពីព្រោះនៅប្រទេសចិន មានតម្លៃពលកម្មទាបជាង នៅសហរដ្ឋអាមេរិក ផងដែរ។ ទោះបីជាយ៉ាងណា នាពេលបច្ចុប្បន្ននេះ Apple គ្មានជម្រើសផ្សេងទៀតឡើយ ដោយត្រូវតែបង់ពន្ធ 25% បន្ថែមទៀត ទៅលើគ្រឿងបន្លាស់ ដែលផលិតនៅប្រទេសចិន ទាំងអស់នោះ និងអាចធ្វើឲ្យកុំព្យូទ័រ Mac Pro តម្លៃ 6,000 ដុល្លារ កាន់តែថ្លៃជាងនេះទៅទៀត។

 

 

បើយោងទៅតាម ការបញ្ជាក់ប្រាប់របស់ លោកប្រធានាធិបតី Donald Trump កាលពីខែកក្កដា ឆ្នាំ 2019 កន្លងផុតទៅនេះ គឺផ្ដោតសំខាន់ទៅលើ ការផលិតកុំព្យូទ័រសិនប៉ុណ្ណោះ ហើយក៏បានបន្ថែមទៀតថា បើអាចផលិតនៅ សហរដ្ឋអាមេរិកបានទាំងស្រុង ដូច្នេះនឹងលែងមាន ការបន្ថែមពន្ធនោះឡើយ។ ការបង្ខំឲ្យបង់ថ្លៃពន្ធបន្ថែមនេះ គឺហាក់បីដូចជា ប៉ះពាល់តែសម្រាប់កុំព្យូទ័រ Mac Pro ប៉ុណ្ណោះ ពីព្រោះតែវាត្រូវតម្លើងនៅ សហរដ្ឋអាមេរិក ហើយត្រូវការនាំចូល គ្រឿងបន្លាស់ពីប្រទេសចិន ដោយឡែកសម្រាប់ ផលិតផលផ្សេងៗទៀត ដូចជា iPhone និង iPad សុទ្ធត្រូវបានផលិតនៅ ប្រទេសចិនទាំងស្រុងតែម្ដង ដូច្នេះមិនសូវប៉ះពាល់ ច្រើនណាស់ណានោះទេ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង