Apple​ Watch​ បាន​ជួយ​សង្គ្រោះ​បុរស​ម្នាក់​ ឲ្យ​ទទួល​បាន​ការ​វះ​កាត់​ទាន់​ពេល​វេលា​​
ដោយ​ ៖ Ratanak | 9 ខែមុន SHARE

 

ដូចដែលប្រិយមិត្តបានដឹងហើយ កាលពីថ្ងៃទី 10 ខែកញ្ញាកន្លងទៅ Apple បានបង្ហាញជាផ្លូវការនូវ Apple Watch ជំនាន់ទី 5 ដែលមានរូបរាងមិនសូវជាខុសគ្នាប៉ុន្មាន ពីជំនាន់ទី 4 ឡើយ ប៉ុន្តែសមត្ថភាពវិញ វាហាក់ដូចជាខុសគ្នាច្រើនគួរសមដែរ។ មិនខុសទេ រាល់នាឡិកាដៃឆ្លាតវៃ របស់ក្រុមហ៊ុនខាងលើ ពីមួយជំនាន់ទៅមួយជំនាន់ គឺតែងតែយកចិត្តទុកដាក់ខ្លាំងទៅលើ មុខងារសុខភាពថ្មីៗ ដែលអាចជួយដល់ ការរស់នៅប្រចាំថ្ងៃ របស់អ្នកប្រើប្រាស់ផងដែរ។ ចំណែកឯពេលនេះវិញ យើងក៏ទទួលបានដំណឹងមួយ ដែលអាចបញ្ជា្កក់បានថា មុខងារសំខាន់ៗដែល Apple បានបំពាក់លើនោះ ពិតជាមានប្រយោជន៍ពិតមែន។

 

 

ពិតណាស់ កាលពីពេលថ្មីៗនេះ បុរសជនជាតិអង់គ្លេសម្នាក់ឈ្មោះថា Chris ដែលមានអាយុ 30 ឆ្នាំគឺបានទទួលដំណឹងតាមរយៈមុខងារ ECG ដែលមាននៅលើ Apple Watch ដោយបានព្រមានថា ចង្វាក់បេះដូងរបស់បុរសម្នាក់នោះ គឺដើរមិនទៀតទាត់ ដែលវាអាចនាំឲ្យ មានការគាំងបេះដូង ឬមួយក៏អាចដាច់សរសៃឈាមខួក្បាល ភ្លាមៗបានផងដែរ។ ពិសេសមែនព្រោះថា ការព្រមានខាងលើនេះ បានធ្វើឲ្យបុរស ដែលមាននាទីជាឪពុករបស់កូនពីរនាក់ខាងលើ ត្រូវបានលោកវេជ្ជបណ្ឌិត ធ្វើការវះកាត់បានទាន់ពេលវេលាទៀតផង។ បន្ទាប់ពីទទួលបាន ការវះកាត់ជោគជ័យរួច ភរិយារបស់លោក Chris ក៏បានបង្ហោះជា Story មួយ ដែលនិយាយពីរឿងនេះ ទៅកាន់លោក Tim Cook ហើយ CEO របស់ Apple មួយនេះ ក៏បានឆ្លើយតបវិញថា “ខ្ញុំរីករាយដែលប្តីរបស់អ្នក ទទួលបានការវះកាត់ជោគជ័យ ព្រមទាំងមានសុវត្ថិភាពល្អ នៅក្នុងពេលនេះ ហើយសូមអរគុណសម្រាប់ការចែករំលែក Story របស់អ្នក ដែលវានឹងជួយជម្រុញឲ្យយើង ព្យាយាមបន្ថែមទៅមុខទៀត”។ 

 

 

គួរបញ្ជាក់ដែរថា Apple Watch ដែលគេបានប្រើប្រាស់ខាងលើនោះ គឺជាជំនាន់ទី 4 ព្រោះថាមានតែស៊េរីមួយនេះទេ ដែលមានមុខងារ ECG ក្រៅពី Apple Watch series 5។ ដូច្នេះហើយ អាចនិយាយបានថា ការបំពាក់មុខងារខាងលើ ក៏ដូចជាមុខងារសុខភាពផ្សេងទៀត ពិតជាមានប្រយោជន៍ច្រើន ដល់អ្នកប្រើប្រាស់ពិតមែន ដោយវាអាចបង្ហាញដំណឹងដល់ អ្នកប្រើប្រាស់ មុនពេលដែលបញ្ហាធំ កើតឡើងផងដែរ។ ហេតុននេះ សង្ឃឹមថា Apple និងបន្តស្វែងរក ក៏ដូចជាអភិវឌ្ឍន៍បន្ថែមទៀត ទៅលើមុខងារសុខាភាពផ្សេងៗ ដែលមាននៅលើនាឡិកាឆ្លាតវៃរបស់ខ្លួន ដែលធ្វើបែបនេះ អតិថិជនភាគច្រើន កាន់តែមានទំនុកចិត្ត ថែមមួយកម្រិតទៀត។

ដោយ​ ៖ 9To5 Mac
អត្ថបទទាក់ទង