Amazon​ បញ្ចេញ​វ៉ែនតា​ឆ្លាត​វៃ Echo Frames ​អាច​ប្រើប្រាស់​ជំនួយ​ការ​ Alexa​ បាន​គ្រប់​ទី​កន្លែង​​
ដោយ​ ៖ Ratanak | 9 ខែមុន SHARE

 

កាលពីពេលម្សិលមិញនេះ Amazon បានបើកព្រឹត្តិការណ៍ធំមួយ ដើម្បីដាក់បង្ហាញផលិតផលថ្មីៗ ប្រចាំឆ្នាំរបស់ខ្លួន ដែលក្នុងនោះយើងឃើញ ឧបករណ៍ជាច្រើន ត្រូវបានបង្ហាញវត្តមាន ជាក់ស្ដែង ក៏មានដូចជា វ៉ែនតាម៉ូឌែលថ្មីមួយ ដែលមានឈ្មោះថា Echo Frames ផងដែរ។ មិនខុសទេ នេះជាវ៉ែនតាថ្មីមួយ ត្រូវបានក្រុមហ៊ុនខាងលើ ដាក់បង្ហាញ ដោយវាត្រូវបានភ្ជាប់មកជាមួយ មុខងារមានប្រយោជន៍ មួយចំនួនទៀតផង។

 

 

ចំពោះការរចនារូបរាងរបស់វា យើងឃើញថា មានលក្ខណៈស្រដៀងគ្នា ជាមួយវ៉ែនតាធម្មតាដែរ និយាយឲ្យចំទៅ វាមានភាពសាមញ្ញ នៅផ្នែកខាងមុខ ចំណែកឯដងសងខាងវិញ គឺមានរាងក្រាស់ ព្រោះថានៅក្នុងនោះ វាមានបំពាក់ជាមួយ ខួរក្បាលសម្រាប់ដំណើរការ រួមទាំងថាមពលថ្ម និងមានប៊ូតុងបញ្ជាមួយចំនួន នៅផ្នែកខាងស្ដាំ។ លើសពីនេះទៅទៀត វាក៏ត្រូវបានធ្វើឡើង ដោយមានទម្ងន់ត្រឹម 31 ក្រាម ដែលធ្វើឲ្យអ្នកប្រើប្រាស់ ទទួលបានអារម្មណ៍ស្និទ ពេលពាក់វាអញ្ចឹងដែរ។ បើនិយាយទៅ វ៉ែនតានេះ មិនមានមុខងារ អ្វីច្រើននោះទេ ហើយអ្វីដែលវាអាចធ្វើបាន ពិសេសបំផុតនោះ គឺមានជំនួយការមួយ ដែលត្រូវបានគេហៅថា Alexa។ 

 

 

មិនខុសទេ Alexa ជាជំនួយការមួយ ដែលរង់ចាំឆ្លើយតប អ្នកប្រើប្រាស់បានគ្រប់ពេល តាមរយៈរន្ធ Speaker នៅលើដងរបស់ Echo Frames ហើយដើម្បីប្រើប្រាស់វានោះ គឺគ្រាន់តែនិយាយពាក្យថា Alexa ព្រមទាំងភ្ជាប់មក ជាមួយអ្វីដែលអ្នកចង់ដឹង ឧទាហរណ័ដូចជា “Alexa, what’s the weather” បន្ទាប់មកទៀត ជំនួយការនេះ នឹងប្រាប់អ្នកអំពីអកាសធាតុ ដូច្នេះដែរ។ មិនត្រឹមតែប៉ុណ្ណោះ Amazon បានបញ្ជាក់ថា សំលេងដែលចេញពី Speaker របស់វ៉ែនតានេះ គឺមានតែអ្នកប្រើប្រាស់ម្នាក់ប៉ុណ្ណោះ ដែលបានឮ ចំណែកឯអ្នកដែល នៅជុំវិញខ្លួននោះ គឺមិនបានឮនោះទេ ម្យ៉ាងវិញទៀត សម្លេងដែលវាបានបញ្ចេញនោះ ក៏ឮច្បាស់ល្អផងដែរ។ កាន់តែពិសេសនោះ នៅពេលដែលអ្នកចុចប៊ូតុងម្ដង បន្ទាប់មកចុចឲ្យជាប់ នោះវាចូលទៅកាន់ ជំនួយការដែលមាន នៅលើស្មាតហ្វូនរបស់អ្នក ជាក់ស្ដែងដូចជា Google Assistant ជាដើម លើសពីនេះ យើងក៏អាចប្រើប្រាស់វា ដើម្បីបញ្ជារលើរបាបង្ហាញដំណឹង ក៏ដូចជាធ្វើការកំណត់បញ្ជី VIP បានទៀតផង។

 

 

និយាយរួមទៅ ទាំងនេះជាចំណុចសំខាន់ៗមួយចំនួន ដែលមាននៅលើ វ៉ែនតាម៉ូឌែលថ្មី Echo Frames ហើយ Amazon ក៏បានបញ្ជាក់ទៀតថា ថ្មរបស់វា អាចប្រើប្រាស់បាន 3 ម៉ោងសម្រាប់ការ ឆ្លើយតបជាប់ និងប្រើបាន 14 ថ្ងៃសម្រាប់ការប្រើប្រចាំ តាមពេលវេលាផងដែរ។ អញ្ចឹងហើយ ជាមួយសមត្ថភាពដូចបានរៀបរាប់ខាងលើនេះ Amazon បានដាក់លក់វា នៅក្នុងតម្លៃ 179.99 ដុល្លារ ហើយវាក៏មិនត្រូវបានដាក់លក់ទូទៅនោះដែរ ដូច្នេះសម្រាប់អ្នកដែលចង់បាន គឺត្រូវដាក់ពាក្យទិញទើបបាន។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង