Echo Buds ជា​កាស​ឥត​ខ្សែ​មាន​ជំនួយ​ការ Alexa និង​មុខ​ងារ​កាត់​បន្ថយ​សម្លេង​រំខាន មាន​តម្លៃ​ខ្ទង់ 129 ដុល្លារ​
ដោយ​ ៖ Leng | 8 ខែមុន SHARE

 

ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច Amazon ដែលទទួលបានល្បីល្បាញ ជុំវិញពិភពលោក ផ្នែកខាងលក់ទំនិញអនឡាញ បានធ្វើការរៀបចំឡើងនូវ ព្រឹត្តិការណ៍ថ្មីមួយ កាលពីម្សិលមិញនេះ ដោយបានប្រកាសចេញនូវ ផលិតផលថ្មីៗជាច្រើន។ ចំណែកឯផលិតផលថ្មីមួយ ក្នុងចំណោមទាំងអស់នោះ គឺជាប្រភេទកាសឥតខ្សែ ជំនាន់ដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Echo Buds ហើយវាមានលក្ខណៈពិសេសមួយចំនួន ដោយរួមបញ្ចូលទាំង ជំនួយការឌីជីថល Alexa (ដូចជា Siri ឬ Google Assistant) និងជាមួយបច្ចេកវិទ្យា កាត់បន្ថយសម្លេងរំខាន របស់ក្រុមហ៊ុន Bose ថែមទៀតផង។

 

 

សម្រាប់មុខងារជំនួយការ Alexa នៅលើកាសឥតខ្សែ Echo Buds ថ្មីមួយនេះ គឺអាចដំណើរការបាន ដូចជាឧបករណ៍របស់ Amazon ដាក់លក់ពីមុនៗអញ្វឹងដែរ ដោយគ្រាន់តែនិយាយថា “Alexa” ដូច្នេះវានឹងភ្ញាក់រង់ចាំ ការបញ្ជារបស់យើង និងអាចសួរអ្វីបានទាំងអស់ ដូចជាបាសបំពងសម្លេង Echo ស៊េរីធម្មតាផងដែរ។ ពិតប្រកាសណាស់ អ្វីដែលខុសគ្នាច្រើននោះគឺថា កាសឥតខ្សែ Echo Buds អាចងាយស្រួល យកតាមខ្លួនបាន គ្រប់ទីកន្លែងទាំងអស់ ក៏ប៉ុន្ដែត្រូវការតភ្ជាប់ បណ្ដាញប្រព័ន្ធអ៊ីនធើណេត ចេញពីស្មាតហ្វូនជានិច្ច។ បើយើងត្រួតពិនិត្យមើល ទៅលើផ្នែករឹងរបស់វា គឺអាចឃើញបានថា កាសមួយចំហៀងៗរបស់ Echo Buds គឺមានមីក្រូហ្វូនដល់ទៅ 3 កន្លែងឯណោះ ដូច្នេះសរុបទាំងអស់គឺ 6 មីក្រូហ្វូន សម្រាប់ឲ្យជំនួយការ Alexa ស្ដាប់យើងបានច្បាស់ល្អ ហើយព្រមទាំងមាន បំពាក់គ្រឿងទ្រទ្រង់ និងកែសម្រួលគុណភាពសម្លេងចំនួនពីរ និងមានសេនស័រពិសេស ដែលអាចផ្អាកសម្លេងតន្ដី្រ ដោយស្វ័យប្រវត្តិ នៅពេលដែល យើងដោះកាសចេញពីត្រចៀក។

 

លើសពីនេះទៅទៀត ដោយសារតែ មានសេនស័រទាំងនោះ ដូច្នេះយើងក៏អាចធ្វើការបញ្ជា កាសឥតខ្សែនេះបាន តាមរយៈការប៉ះទៅលើវា ដោយប៉ះចំនួនពីរដង ដើម្បីបើកដំណើរការបច្ចេកវិទ្យា កាត់បន្ថយសម្លេងរបស់ Bose ហើយប៉ះមួយដងឲ្យជាប់ នៅពេលចង់ប្រើប្រាស់ ជំនួយការផ្សេងៗទៀតដូចជា Siri ឬ Google Assistant ក្នុងស្មាតហ្វូនរបស់យើង។ បើទៅលើផ្នែកការពារតួខ្លួនវិញនោះ កាសឥតខ្សែ Echo Buds មានភ្ជាប់មកជាមួយ អាវក្រោះការពារកម្រិត IPX4 ដែលមិនបាច់បារម្ភពី ញើសរបស់យើង ឬ នៅពេលភ្លៀងតិចៗ នោះទេ។ ក្រុមហ៊ុនយក្ស Amazon បានហ៊ានធានាថា កាសឥតខ្សែរបស់ខ្លួននេះ នឹងកាន់ថ្មបានដល់ទៅ 5 ម៉ោងឯណោះ នៅពេលដែលដោះមកពាក់ ហើយសរុបទាំងអស់ដល់ 20 ម៉ោង បើគិតរួមទាំងថាមពលថ្ម នៅក្នុងប្រអប់សាកថ្មរបស់វា។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលដាក់បង្ហាញពីការពណ៌នា Echo Buds ថ្មីនេះ ៖

 

 

ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចធ្វើការកម្ម៉ង់ កាសឥតខ្សែ Echo Buds នេះទុកមុនបាន បើមានចំណាប់អារម្មណ៍ទៅលើវា តាមរយៈវេបសាយរបស់ Amazon ផ្ទាល់តែម្ដង ឬ សូមចុចត្រង់នេះ ចាប់ពីថ្ងៃនេះតទៅហើយ ដោយថ្ងៃចេញលក់ជាផ្លូវការ គឺនៅថ្ងៃទី 30 ខែតុលា ឆ្នាំ 2019 ខាងមុខនេះ សម្រាប់តម្លៃដាក់លក់ខ្ទង់ 129.99 ដុល្លារ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង