របាយការណ៍​មួយ​បង្ហាញ​ថា TikTok ព្យាយាម​ហាម​ឃាត់​រាល់​វីដេអូ​ដែល​រិះ​គន់​រដ្ឋាភិបាល​ចិន​
ដោយ​ ៖ Leng | 8 ខែមុន SHARE

 

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន ByteDance ដែលបង្កើតកម្មវិធី TikTok ដ៏ល្បីល្បាញទូទាំងពិភពលោក ត្រូវបានគេរាយការណ៍មកថា ខិតខំព្យាយាមបញ្ជាក់ប្រាប់ បុគ្គលិកត្រួតពិនិត្យរបស់ខ្លួន ឲ្យធ្វើការលុបចោល និងហាមឃាត់រាល់គ្រប់ វីដេអូណាដែលប៉ះពាល់ដល់ទីលាន Tiananmen Square កាលពីឆ្នាំ 1989, រិះគន់ប្រព័ន្ធនយោបាយចិន, ធ្វើការផ្សព្វផ្សាយដល់ក្រុមសាសនា Falun Gong ក៏ដូចជាការរិះគន់ដល់ រដ្ឋាភិបាលចិនរបស់ខ្លួន ផងដែរ។ របាយការណ៍លើកនេះ គឺត្រូវបានស្វែងរកឃើញដោយ ក្រុមសារព័ត៌មាន The Guardian ហើយក្រុមហ៊ុនចិន ByteDance ក៏បាននិយាយប្រាប់ថា ច្បាប់បង្កើតថ្មីទាំងនេះ ត្រូវបានដាក់ចូលនិវត្ត ចាប់តាំងពីខែឧសភាមកម្ល៉េះ។

 

 

ក្រៅពីបានហាមឃាត់ វីដេអូរំលឹកឡើងអំពី ព្រឹត្តិការណ៍ប្រឆាំងតវ៉ា នៅលើទីលាន Tiananmen Square កាលពីឆ្នាំ 1989 ដោយឡែកក្រុមហ៊ុន ByteDance ក៏បានចុះបញ្ជីខ្មៅទៅនឹង ឧប្បទវហេតុផ្សេងៗដទៃទៀត ដូចជាព្រឹត្តិការណ៍កុបកម្មឆ្នាំ 1998 នៅប្រទេសឥណ្ឌូណេស៊ី ហើយព្រមទាំងរួមមាន អំពើប្រល័យពូជសាសន៍ នៅប្រទេសកម្ពុជាយើង ជាប្រធានបទសំខាន់មួយ មិនអាចទទួលយកបាន ថែមទៀតផង។ ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ TikTok ទាំងអស់ មិនអាចនិយាយអ្វីមួយ ដែលទាក់ទងទៅនឹង រឿងនយោបាយនានា ឬ ព្រឹត្តិការណ៍កើតឡើងកាលពីអតីតកាល ដូចបញ្ជាក់ប្រាប់ខាងលើ តទៅទៀតនោះឡើយ។

 

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចិន ByteDance បានណែនាំឲ្យបានដឹងមុនថា ចំពោះរៀងរាល់អ្នកប្រើប្រាស់ TikTok ណាម្នាក់ នៅតែបង្កើតវីដេអូបែបនេះដដែល ដូច្នេះអាចនឹងត្រូវបាន ក្រុមការងារបស់ខ្លួន លាក់វីដេអូទាំងនោះ មិនឲ្យដាក់បង្ហាញលើផ្ទាំង Home ឲ្យអ្នកដទៃឃើញនោះទេ ហើយប្រសិនបើនៅតែមិនធ្វើតាម អាចឈានដល់ការបិទគណនី ចោលរហូតតែម្ដង។ ចំណែកឯការបង្កើតច្បាប់ថ្មីនេះ គឺមិនត្រឹមតែធ្វើឡើងនៅលើ ប្រទេសចិនមួយនោះទេ ប៉ុន្ដែសម្រាប់អ្នកប្រើប្រាស់ TikTok ជុំវិញពិភពលោក ផងដែរ។

 

 

សម្រាប់ការហាមឃាត់ លើវីដេអូទាក់ទងទៅនឹង រិះគន់រដ្ឋាភិបាលចិន ក៏ដូចជាការប៉ះពាល់ដល់ ព្រឹត្តិការណ៍ពីមុនៗមក គឺប្រាកដជាអាចធ្វើឲ្យ មានមនុស្សជាច្រើន បានយល់ឃើញថា នេះជាការព្យាយាមលាក់បាំង នូវអពើអាក្រក់អ្វីមួយ ជាក់ជាមិនខានឡើយ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនចិន ByteDance បានបញ្ជាក់ប្រាប់ឲ្យដឹងថា ការបង្កើតច្បាប់ថ្មីលើកនេះ គឺគ្រាន់តែចង់ធ្វើឲ្យកម្មវិធី TikTok របស់ខ្លួន ទទួលបានបទពិសោធន៍ល្អ សម្រាប់អ្នកប្រើប្រាស់ ហើយប្រកបដោយ សុវត្ថិភាពខ្ពស់ និងភាពវិជ្ជមានជានិច្ច តាមរយៈការមិនលើកឡើងពី រឿងនយោបាយនោះទេ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង