នាយកប្រតិបត្តិ Huawei ជឿ​ជាក់​ថា​ខ្លួន​នឹង​អាច​លក់ Mate 30 និង Mate 30 Pro បាន​ចំនួន 20 លាន​គ្រឿង​
ដោយ​ ៖ Chiro | 8 ខែមុន SHARE

 

ប្រិយមិត្តបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសចេញជាផ្លូវការ នូវស្មាតហ្វូន Huawei Mate 30 និង Mate 30 Pro ទៅឲ្យមហាជនបាន ឃើញពីរូបរាង និងលក្ខណៈសម្បត្តិរបស់ពួកវា។ ក្នុងនោះយើងឃើញថាពួកវា ពិតជាបានធ្វើឲ្យអ្នកទស្សនាជាច្រើន មានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងមិនដាច់ពីមាត់ អំពីសមត្ថភាពកាមេរ៉ាក្រោយ របស់ពួកវា។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ Huawei Mate 30 និង Mate 30 Pro មិនបានភ្ជាប់មកជាមកជាមួយ Google Service នោះទេ បើទោះបីជាពួកវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ក៏ដោយ។ ចំពោះមូលហេតុដែលពួកវា មិនបានភ្ជាប់មកជាមួយ Google Services នោះ គឺព្រោះតែបញ្ហា សង្រ្គាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន មិនទាន់ត្រូវបានដោះស្រាយ ហេតុដូច្នេះហើយក្រុមហ៊ុនរបស់អាមេរិក មិនអាចធ្វើជំនួញជាមួយក្រុមហ៊ុនចិននោះទេ។

 


អញ្ចឹងមានន័យថា ក្រុមហ៊ុន Huawei នឹងជួបបញ្ហាក្នុងការចេញលក់ Huawei Mate 30 និង Mate 30 Pro ទៅកាន់ក្នុងទីផ្សារអឺរ៉ុប បើទោះបីជាពួកវាមានលក្ខណៈសម្បត្តិ និងមុខងារពិសេសៗយ៉ាងណាក៏ដោយ។ ជុំវិញបញ្ហានេះដែរ យើងក៏ទើបតែទទួលបានព័ត៌មាន មួយដែលដកស្រង់ចេញពីពាក្យសំដីរបស់នាយកប្រតិបត្តិ របស់ Huawei គឺ លោក Richard Yu ដែលបានបញ្ជាក់ទៅកាន់ភ្នាក់ងារ សារព័ត៌មាន Android Authority ថាពួកគេជឿជាក់ថាខ្លួននឹងអាចលក់ Mate 30 និង Mate 30 Pro បានចំនួន 20 លានគ្រឿង។ គាត់បានបន្តទៀតថា ការបិទមិនឲ្យយើងប្រើសេវាកម្មរបស់ Google គឺមានផលប៉ះពាល់តែនៅក្រៅប្រទេសតែប៉ុណ្ណោះ ខណៈដែល នៅក្នុងប្រទេសវិញ យើងជឿជាក់ថាចំនួននៃលក់នឹងមានការកើនឡើង នេះក៏ដោយសារតែ Huawei Mate 30 និង Mate 30 Pro គឺជាស្មាតហ្វូនដែលបំពាក់មកជាមួយបច្ចេកវិទ្យា 5G ដែលមានលក្ខណៈសម្បត្តិពិសេសៗជាច្រើន។ ជាចុងក្រោយគាត់ជឿថាចំនួន នៃការលក់នៅក្នុងប្រទេសចិន នឹងមានការកើនឡើងជាបន្តបន្ទាប់ ខណៈពេលដែលការលក់នៅក្រៅប្រទេសនឹងមានការធ្លាក់ចុះ។

 

 

សរុបមកវិញ ការអះអាងរបស់លោក Richard Yu ប្រហែលជាអាចទៅរួចដែរ ព្រោះបើយោងទៅតាមគេហទំព័រល្បីខាងវិភាគ ព័ត៌មានទីផ្សារ ដែលមានឈ្មោះថា Canalys បានបង្ហាញឲ្យយើងដឹងថា បើទៅះបីជាមានការបិទមិនឲ្យប្រើប្រាស់សេវាកម្មរបស់ Google ក៏ដោយ ក៏ចំនួននៃ ការលក់ស្មាតហ្វូនរបស់ Huawei នៅក្នុងប្រទេសចិន នៅតែមានការឡើងរហូតដល់ 31% ឯណោះ នេះបើគិតត្រឹមត្រីមាសទី 2 នៃឆ្នាំ 2019 នេះ។ ចុះសម្រាប់អ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះការអះអាងរបស់លោក Richard Yu។

ដោយ​ ៖ Android Authority
អត្ថបទទាក់ទង