នេះ​ជា​ទូរទស្សន៍​ឆ្លាត​វៃ​ដំបូង​របស់ Huawei ដើរដោយ Harmony OS និង​មាន​កាមេរ៉ា​ហូត​ចុះ​ឡើង (Pop-up) ទៀត​ផង​
ដោយ​ ៖ Kealy | 8 ខែមុន SHARE

 

ព្រឹត្តិការណ៍ធំ ប្រចាំឆ្នាំ 2019 របស់ Huawei ដែលធ្វើឡើងនៅប្រទេសអាលឺម៉ង វេលាម៉ោង 7 យប់មិញនេះ ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរហើយ ដោយឆ្នាំនេះ ក្រុមហ៊ុនយក្សរបស់ចិនមួយនេះ បានបញ្ចេញនូវសមិទ្ធផលថ្មីៗជាច្រើន សុទ្ធសឹងតែជាលំដាប់កំពូល ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីអតិថិជនរបស់ខ្លួន នៅជុំវិញពិភពលោក។ តួយ៉ាងឆ្នាំនេះ Huawei បានបញ្ចេញកំពូលស្មាតហ្វូន Mate 30 និង Mate 30 Pro ដែលផ្តោតសំខាន់ ទៅលើផ្នែកកាមេរ៉ា ដដែលដូចទៅនឹងត្រកូល P ថែមទាំងមាននាឡិកា ជំនាន់ថ្មីរបស់ខ្លួន និងស្បែក EMUI ជំនាន់ថ្មី ទៀតផង។ នៅមិនទាន់អស់ទេ នៅមានទូរទស្សន៍ឆ្លាតវៃ Huawei Vision TV ជំនាន់ដំបូង ដែលដើរដោយប្រព័ន្ធប្រតិបតិ្តការណ៍ Harmony OS របស់ក្រុមហ៊ុនផ្ទាល់ទៀតផង។ 

 

 

 

ទូរទស្សន៍ឆ្លាតវៃ Huawei Vision មួយគ្រឿងថ្មីនេះ វាត្រូវបានវេចខ្ចប់ នូវបន្ទះបង្ហាញស្ដើង និងធ្វើឲ្យទូរទស្សន៍ មានកម្រាស់ស្ដើងផងដែរ ព្រមទាំងបំពាក់មកជាមួយ បច្ចេកវិទ្យា Quantum Dot ដែលមានកម្រិតបង្ហាញ 4K គួបផ្សំជាមួយកម្រិតទឹកពណ៌ DCI-P3 1០០% និងកម្រិតល្បឿនបង្ហាញរបស់អេក្រង់ 120Hz ដែលអាចផ្ដល់ជូននូវ បទពិសោធន៍ទស្សនា បានកម្រិតពណ៌ដិតល្អ ត្រជាក់ភ្នែក កាន់តែប្រសើរ។ 

 

 

ចំណែកឯ កម្រិតសម្លេងនៃ Vision TV នេះវិញ ក៏មានបំពាក់មកជាមួយ ប្រព័ន្ធសម្លេង 8+1+1 អមជាមួយ 5.1 ដែរ។ លើសពីនេះទៀត វាព្រមទាំងដើរតួជា Smart home hub ដែលអាចធ្វើការជាមួយឧបករណ៍ឆ្លាតវៃ ម៉ូឌែល HiLink ថែមទៀតផង។ លើសពីនេះ វាបានបំពាក់មកជាមួយបច្ចេកវិទ្យា “Always listening” ដែលអនុញ្ញាត ឲ្យយើងធ្វើការបញ្ជា ដោយប្រើប្រាស់សម្លេងបានគ្រប់ពេល។ 

 

 

ចំណុចដែលញ៉ាំងឲ្យ ទូរទស្សន៍ឆ្លាតវៃថ្មីនេះ កាន់តែមានលក្ខណៈពិសេសនោះ គឺត្រង់ថាវាត្រូវបានរចនាឡើង បំពាក់ដោយកាមេរ៉ាហូតចុះឡើង (Pop-up) មួយគ្រាប់តូច ដោយបំពាក់មកជាមួយបច្ចេកវិទ្យា AI Video Call ដែលជួយឲ្យការ ខលវីដេអូរបស់យើង កាន់តែប្រសើរ ក៏ព្រោះតែវាមានភាពវៃឆ្លាត ក្នុងការចាប់យកទម្រង់ផ្ទៃមុខ និងចលនារំកឹលទៅមក នៅមុខទូរទស្សន៍។ នេះហើយ អាចជាបទពិសោធន៍ថ្មីមួយ ដែល Huawei ចង់ផ្តល់ឲ្យអតិថិជនរបស់ខ្លួន។

 

សរុបមក នៅក្នុងព្រឹត្តិ្កការណ៍ដាក់បង្ហាញនោះដែរ Huawei បានបញ្ជាក់ប្រាប់ថា សម្រាប់ពេលបច្ចុប្បន្ន ទូរទស្សន៍ឆ្លាតវៃថ្មីនេះ នឹងមកជាមួយអេក្រង់ 3 ជម្រើសផ្សេងៗគ្នា រួមមានដូចជា អេក្រង់ 55 អ៊ីញ, 65 អ៊ីញ និងមួយចុងក្រោយ លោតដល់អេក្រង់ 75 អ៊ីញ ឯណោះ។ យ៉ាងណា Huawei ក៏ពុំទាន់បានបង្ហើបអ្វីទៀតឡើយ អំពីតម្លៃ និងកាលបរិច្ឆេទ ជាក់លាក់ណាមួយ នៃថ្ងៃដាក់លក់ Vision TV ជាផ្លូវការ នៅលើទីផ្សារ។ ដូច្នេះ ក្រុមការងារ ខេមបូរីផត នឹងព្យាយាមអាប់ដេតជូន ប្រិយមិត្តទាំងអស់គ្នា បើសិនជាមានពត៌មាន ដែលទាក់ទងបន្ថែមទៀត។

ដោយ​ ៖ Bee Bom
អត្ថបទទាក់ទង