ប្រភពមួយរាយការណ៍មកថា LG ជា​អ្នក​ផ្គត់​ផ្គង់​កាមេរ៉ា 3D ទៅ​ឲ្យ iPad Pro ជំនាន់​ថ្មី​
ដោយ​ ៖ Chiro | 4 ខែមុន SHARE

 

កាលពីម្សិលមិញនេះ យើងទើបតែទទួលបានព័ត៌មានដែលចុះផ្សាយ បង្ហាញពីរូបរាងពុម្ពគម្រូ របស់ iPad Pro ជំនាន់ថ្មី ដែលត្រៀម នឹងបង្ហាញខ្លួននាពេលខាងមុខនេះ។ តាមរយៈព័ត៌មាននោះដែរ ធ្វើឲ្យយើងដឹងថា iPad Pro ជំនាន់ថ្មីនឹងបំពាក់មកជាមួយកាមេរ៉ា 3 គ្រាប់ ដែលមានលក្ខណៈស្រដៀងទៅនឹង កាមេរ៉ាដែលបំពាក់នៅលើ iPhone 11 Pro និង iPhone 11 Pro Max។


 

ស្រាប់តែក្នុងថ្ងៃនេះ យើងក៏ទទួលបានព័ត៌មានដែលនិយាយទាក់ទងទៅនឹង iPad Pro ជំនាន់ថ្មីនេះផងដែរ។ នេះបើយោងទៅតាម គេហទំព័ររបស់កូរ៉េមួយដែលមានឈ្មោះថា The Elec បានរាយការណ៍មកថា ក្រុមហ៊ុន LG នឹងធ្វើការផ្គត់ផ្គង់កាមេរ៉ា 3D (ToF) ទៅឲ្យ iPad Pro ជំនាន់ថ្មី ដែលត្រៀមបង្ហាញខ្លួនជាផ្លូវការ នៅក្នុងខែមីនា ឆ្នាំ 2020 ខាងមុខនេះ។ គួរបញ្ជាក់ផងថាសេនស័រ ToF មកពីពាក្យពេញថា Time-of-flight ហើយគេប្រើប្រាស់វាដើម្បីជំនួយក្នុងការ ថតព្រាលផ្ទៃខាងក្រោយ ឬកំណត់ និងកែប្រែ Effects ផ្សេង។ ចំពោះដំណើរការរបស់វាវិញ គឺវាប្រើប្រាស់ភ្លើង LED ឬ Laser ដើម្បីគណនា និងធ្វើការញែកឲ្យដាច់ពី របស់ដែល យើង កំពុងថត និងវត្ថុដែលនៅជុំវិញរបស់នោះ បើនិយាយឲ្យងាយស្រួលស្តាប់ គឺធ្វើការញែក Background (ផ្ទៃខាងក្រោយ) និង Foreground (ផ្ទៃខាងមុខ) ឲ្យដាច់ពីគ្នា។ គួរបញ្ជាក់ផងថា នេះមិនមែនជាលើកទីមួយនោះទេ ដែលមានព័ត៌មានចុះផ្សាយថា iPad Pro ជំនាន់ថ្មី នឹងបំពាក់មកជាមួយសេនស័រ ToF។ ជាក់ស្តែងកាលពីដើមឆ្នាំ 2019 លោក Mark Gurman ដែលជាសមាជិករបស់ ភ្នាក់ងារសារព័ត៌មាន Bloomberg ក៏បានធ្វើការអះអាងដូច្នេះដែរ។ ខណៈពេលដែលគេហទំព័រ Mac Otakara និង Sony Dickson បានរំពឹងថា iPad Pro ជំនាន់ថ្មីនឹងបំពាក់មកជាមួយកាមេរ៉ាក្រោយចំនួន 3 គ្រាប់។ គួររំលឹកផងថា លោក Ming-Chi Kuo ដែលជាអ្នកវិភាគដ៏ល្បីល្បាញមួយរូប ក៏ធ្លាប់បានធ្វើការព្យាករណ៍ថា iPad ជំនាន់ថ្មីដែលបំពាក់មកជាមួយកាមេរ៉ាបែប 3D (ToF) មានអត្រាលើសពី 50 ភាគរយ ដែលអាចបង្ហាញខ្លួននៅត្រីមាសទី 4 ក្នុងឆ្នាំ 2019 ឬក៏ត្រីមាសទី 1 ក្នុងឆ្នាំ 2020។



 

ដូច្នេះសរុបមកវិញ វាមាន 3 ករណី ដែលអាចនឹងកើតមានឡើង ដោយករណីទី 1 ក្រុមហ៊ុន Apple អាចនឹងផ្លាស់ប្តូរចិត្ត ដោយលើក យកកាលបរិច្ឆេទ នូវការដាក់បង្ហាញ iPad Pro ជំនាន់ថ្មីនៅក្នុងខែ មីនា ឆ្នាំ 2020 មកបង្ហាញនៅក្នុង ខែតុលាឆ្នាំ 2019 វិញ។ ចំណែកឯករណីទី 2 វិញ Apple អាចនឹងធ្វើការប្រកាសចេញ iPad Pro ជំនាន់ថ្មីដែលមានការកែប្រែបន្តិចបន្តួច នៅក្នុងខែតុលា ខាងមុខនេះ បន្ទាប់មកខ្លួននឹងបញ្ចេញ iPad Pro ជំនាន់ថ្មីមួយផ្សេងទៀតដែលទទួលបានកំណែប្រែមួយដ៏ធំ។ រីឯករណីទី 3 វិញ គឺ ក្រុមហ៊ុន Apple នឹងមិនប្រកាសបង្ហាញ iPad Pro ជំនាន់ថ្មីនៅក្នុង ខែតុលា ខាងមុខនេះទេ។ ប៉ុន្តែរង់ចាំដល់ ខែមីនា ឆ្នាំ 2020 ទើបពួកគេប្រកាសបង្ហាញតែម្តង។

 

ដោយ​ ៖ Mac Rumors
អត្ថបទទាក់ទង