បន្ទាប់​ពី Sony ឥឡូវ​នេះ LG Display ក៏​មាន​គម្រោង​កាត់​បន្ថយ​បុគ្គលិក​ដែរ​ហើយ​
ដោយ​ ៖ Leng | 8 ខែមុន SHARE

 

កាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុនកូរ៉េខាងត្បូង LG Display បានរៀបចំឡើងនូវ ការប្រជុំក្រុមប្រឹក្សា ដោយអាសន្នមួយ ដើម្បីធ្វើការទទួលស្រប នឹងការលាឈប់របស់លោក Han Sang-beom និងតែងតាំងលោក Jeong Ho-young ដែលជាប្រធានក្រុមហ៊ុន LG Chem ឲ្យក្លាយទៅជា នាយកប្រតិបត្តិថ្មីវិញ ក្នុងពេលភ្លាមៗតែម្ដង នេះបើយោងទៅតាម ក្រុមសារព័ត៌មាន Reuters ផងដែរ។ ក្រៅពីនេះទៅទៀត នៅលើការប្រជុំលើកនេះ LG Display ព្រមទាំងបង្កើតគោលការណ៍ ទៅលើរៀបចំគម្រោងថ្មីមួយ ដើម្បីចង់កាត់បន្ថយបុគ្គលិក នៅក្នុងស្រុករបស់ខ្លួន ថែមទៀតផង។

 

 

ហេតុដូច្នេះហើយ របាយការណ៍ជាច្រើន បានលើកការសង្ស័យថា ដោយសារតែក្រុមហ៊ុន LG Display មិនអាចប្រកួតប្រជែងជាមួយនឹង ក្រុមហ៊ុនផលិតបន្ទះអេក្រង់ LCD មកពីប្រទេសចិន ពីព្រោះតែពួកគេបានដាក់លក់ ក្នុងតម្លៃទាបជាងច្រើន បានបណ្ដាលឲ្យមានការ មានការផ្លាស់ប្ដូរ ប្រធានប្រតិបត្តិថ្មី ហើយព្រមទាំងកាត់បន្ថយ កម្លាំងពលកម្មក្នុងស្រុក ដូចនេះ។ បើទោះបីជា LG Display ជាក្រុមហ៊ុនផលិតបន្ទះអេក្រង់ ស្ថិតលើចំណាត់ថ្នាក់លេខ 2 លើពិភពលោក យ៉ាងណាក៏ដោយ ប៉ុន្ដែនៅតែពិបាកប្រកួត ជាមួយគូប្រជែង បន្ទះអេក្រង់ប្រភេទ LCD មកពីប្រទេសចិនដដែល ដោយក្រៅពីមានតម្លៃទាបជាង វាក៏ទាក់ទងទៅនឹង ទីផ្សារកាន់តែចង្អៀត ផងដែរ។ 

 

ប្រភពព័ត៌មានដដែល Reuters បានដាក់បង្ហាញឲ្យឃើញថា ប្រាក់ចំណូលខាតបង់របស់ LG Display បានកាន់ឡើងដល់ទៅ 313 លានដុល្លារឯណោះ កាលពីត្រីមាសទី 2 នៃឆ្នាំ 2019 កន្លងផុតទៅនេះ។ ចំណែកឯការផ្ដោតទៅលើ បន្ទះអេក្រង់ប្រភេទ OLED ក៏អាចជួយធ្វើឲ្យ ប្រាក់ចំណូលប្រចាំត្រីមាស ឡើងមកវិញបានផងដែរ ក៏ប៉ុន្ដែត្រូវបានរំពឹងទុកថា មិនអាចឡើងច្រើននោះឡើយ ខណៈពេលដែល Samsung Display កាន់កាប់ចំណែកឯទីផ្សារ អេក្រង់ប្រភេទ OLED សម្រាប់ស្មាតហ្វូនដល់ទៅ 82% ភាគរយឯណោះ។

 

 

ការខិតខំប្រឹងប្រែងរៀបចំ រចនាសម្ព័ន្ធរបស់ក្រុមហ៊ុន LG Display ទៅលើទីផ្សារលក់បន្ទះអេក្រង់ LCD គឺមានភាពលំបាកខ្លាំង នាពេលបច្ចុប្បន្ននេះ ដោយសូម្បីតែក្រុមហ៊ុន Samsung Display ក៏កំពុងមានគម្រោងបិទរោងចក្រ ផលិតបន្ទះអេក្រង់ប្រភេទ LCD នៅមួយកន្លែងរបស់ខ្លួនផងដែរ បន្ទាប់ពីក្រុមហ៊ុនចិនជាច្រើន ហាក់បីដូចជា មានប្រៀបច្រើនជាង ជាមួយនឹងតម្លៃដាក់លក់ ហើយនិងភ្ញៀវស្វែងរកជាវ ថែមទៀតផង។ រហូតមកដល់ពេលនេះ Sony នឹងមិនមានតែឯងទៀតនោះទេ ដោយបានចូលរួមទាំង LG Display ទៅលើការកាត់បន្ថយ បុគ្គលិករបស់ខ្លួនមួយចំនួន ប៉ុន្ដែយើងសង្ឃឹមចុះថា នាពេលខាងមុខនេះ ស្ថានភាពនឹងល្អប្រសើរឡើងវិញ សម្រាប់ក្រុមហ៊ុនទាំងពីរនេះ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង