គិត​យ៉ាង​ម៉េច​ បើ​សិន​ LG​ យក​ឈីប​ចេញ​កាល​ពី​ 3​ ឆ្នាំ​មុន មក​ដាក់​នៅ​លើ​ថេប្លេត​ម៉ូឌែល​ថ្មី​​?​​
ដោយ​ ៖ Ratanak | 4 ខែមុន SHARE

 

មានមនុស្សតិចណាស់ ដែលមិនស្គាល់យីហោ LG ព្រោះថាក្រុមហ៊ុនមួយនេះ មានវ័យចំណាស់ ព្រមទាំងផលិតផលជាច្រើន បានចរាចរណ៍ ចូលក្នុងទីផ្សារប្រទេសយើង ជាយូរមកហើយ។ ដោយឡែក សព្វថ្ងៃ ឧបករណ៍របស់ ក្រុមហ៊ុននេះ នៅតែមានវត្តមាន លើទីផ្សារស្រុកយើងដដែល ប៉ុន្តែវារាងធ្លាក់ចុះប្រជាប្រិយភាពជាងមុន ជាពិសេសគឺផលិតផល ស្មាតហ្វូនតែម្ដង។ ដោយឡែកថ្មីៗនេះ ក្រុមហ៊ុនខាងលើ ត្រូវបានគេដឹងថា មានគម្រោងក្នុងការ នាំយកផលិតផលថេប្លេត ចូលក្នុងទីផ្សារទៀតផង ប៉ុន្តែវាហាក់បីដូចជា រាងអស់សំណើចបន្តិចដែរ នៅពេលដែលយើង បានដឹងពីឈីប ដែលបានបំពាក់ជាមួយវា។

 

 

មិនខុសទេ ថេប្លេតនេះ មានឈ្មោះកូដ LM-T600L ហើយវាត្រូវបានគេរំពឹងទុក ដោយអាចមានឈ្មោះជាផ្លូវការថា LG G Pad 5 មិនត្រឹមតែប៉ុណ្ណោះ បើតាមប្រភពមួយបានបង្ហាញថា វាអាចនឹងមានអេក្រង់ទំហំ 10.1 អ៊ីញ ដែលមានកម្រិតបង្ហាញ 1920 x 1200 ភិចសែល ព្រមទាំងប្រើប្រាស់អ៊ីនធើណេត LTE ផងដែរ។ លើសពីនេះ វាអាចបំពាក់រ៉េម 4GB ជាមួយអង្គផ្ទុក 32GB ហើយអ្វីដែលហួសចិត្ត សឹងតែសើចមិនចេញនោះ គឺថា ថេប្លេតនេះ មានភាគរយច្រើនដែល LG នាំយកបន្ទះឈីបកំពូលជំនាន់ចាស់ ចេញកាលពី 3 ឆ្នាំមុនមកបំពាក់ និយាយឲ្យចំទៅ នោះគឺជាឈីប Snapdragon 821 ដែល Qualcomm បានប្រកាសចេញ កាលពីឆ្នាំ 2016 ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ វានឹងត្រូវដំណើរការដោយ Android 9 ស្រោបដោយស្បែកមុខ LG UX ហើយបើតាមអ្វីដែលយើងបានឃើញ ថេប្លេតនេះ មានគែមព័ន្ធជុំវិញ ក្រាស់គួរសម ព្រមទាំង មិនមានមុខងារ NFC ឡើយ។

 

 

អញ្ចឹងហើយ LG ប្រហែលជាមានចេតនា ចង់នាំយកថេប្លេតរបស់ខ្លួន ចូលប្រឡូក ក្នុងទីផ្សារនាពេលឆាប់ៗនេះ ប៉ុន្តែពិតជា សើចមិនចេញនោះទេ នៅពេលដែលដឹងថា ថេប្លេតនៅក្នុងឆ្នាំ 2019 ត្រូវបានបំពាក់ដោយឈីប ដែលចេញក្នុងឆ្នាំ 2016 បើគិតទៅគឺ 3 ឆ្នាំមកហើយ អ្វីដែលសំខាន់នោះ ឈីបជំនាន់ថ្មី ដែលចេញនាពេលបច្ចុប្បន្ន ក៏មានកម្លាំងខ្លាំងជាងនេះ ច្រើនណាស់ដែរ។ ហេតុនេះ ខ្ញុំគិតថា ប្រហែលជា LG នៅមានសល់បន្ទះឈីបប្រភេទនេះ ក្នុងឃ្លាំងច្រើនហើយ ទើបបានយកវា មកបំពាក់នៅលើ LG G Pad 5 ដែលអាចនឹង ចេញក្នុងឆ្នាំនេះ។ 

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង