Microsoft​ ទំនង​ជា​នាំ​យក​ Surface​ Laptop​ 3​ ដែល​មាន​អេក្រង់​ 15​ អ៊ីញ​ចូល​ក្នុង​ទីផ្សារ​ឆាប់ៗ​នេះ​​
ដោយ​ ៖ Ratanak | 8 ខែមុន SHARE

 

ប្រិយមិត្តភាគច្រើន ប្រហែលជាធ្លាប់បាន ស្គាល់ច្បាស់ហើយ កំព្យូទ័រយួរដៃរបស់ Microsoft ដែលក្នុងនោះ ក៏មានច្រើនម៉ូឌែលគួរសមដែរ។ បើតាមការកត់សម្គាល់កន្លងមក នៅក្នុងស្រុកយើង ភាគច្រើនគឺនិយមប្រើប្រាស់ ប្រភេទ Surface Pro ដោយវាជាម៉ូឌែលមួយ ដែលមានលក្ខណៈជាថេប្លេតផង និងជាកុំព្យូទ័រយួរដៃផង។ ដោយឡែក នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងថា ក្រុមហ៊ុនខាងលើនេះ គ្រោងនឹងបញ្ចេញនូវ កុំព្យូទ័រយួរដៃ ជម្រើសថ្មីមួយទៀតគឺ Microsoft Surface Laptop 3 ដោយវាជា ម៉ូឌែលថ្មីមួយដែលមានអេក្រង់ 15 អ៊ីញទៀតផង។ 

 

 

 

មិនខុសទេ គម្រោងរបស់ Microsoft ត្រូវបានគេរំពឹងថា អាចនឹងមាននូវ កុំព្យូទ័រយួរដៃជំនាន់ថ្មីមួយ ដែលមានអេក្រង់ធំ មិនធ្លាប់មានពីមុន ប្រចាំត្រកូល Surface Laptop ហើយវាអាចជាអេក្រង់ទំហំ 15 អ៊ីញ ដែលនឹងត្រូវយកទៅបំពាក់លើ Surface Laptop 3 ទៀតផង។ ពិតណាស់ បើតាមមតិជាច្រើនទៀត គេយល់ថា Microsoft អាចនឹងដាក់បង្ហាញ Laptop ដែលមានខ្នាតអេក្រង់ថ្មីនេះ នៅខែក្រោយ ដែលវាអាចនឹងភ្ជាប់មកជាមួយ កម្រិតសមាមាត្រអេក្រង់ដដែល 3:2 នឹងកាន់តែពិសេសទៅទៀតនោះ វាក៏អាចនឹងដំណើរការដោយ CPU ព្រមទាំង GPU របស់ AMD ទៀតផង។ គួរបញ្ជាក់ថា សព្វថ្ងៃនេះ ក្រុមហ៊ុនខាងលើ ក៏មាននូវម៉ូឌែល 15 អ៊ីញរួចហើយដែរ ប៉ុន្តែមានត្រកូលជា Surface Book មិនមែនជា Surface Laptop ដូចម៉ូឌែលខាងលើឡើយ។ ម្យ៉ាងវិញ គេក៏បានជឿថា Microsoft អាចនឹងធ្វើឲ្យអ្នកគាំទ្រ ផលិតផលរបស់ខ្លួនទាំងអស់ មានការភ្ញាក់ផ្អើលផងដែរ ព្រោះគេគិតថា ក្រុមហ៊ុននេះ អាចនឹងបញ្ចញ Surface Pro 7 ដែលគាំទ្រជាមួយ USB-C និងអាចដំណើរការដោយ បន្ទះឈីបរបស់ Qualcomm ទៀតផង។ 

 

 

ដូច្នេះហើយ នៅក្នុងឆ្នាំនេះ Microsoft អាចនឹងមានអ្វីជាច្រើន សម្រាប់ធ្វើឲ្យហ្វេនរបស់ខ្លួន មានការភ្ញាក់ផ្អើល ហើយចំពោះព្រឹត្តិការណ៍ដាក់បង្ហាញ ផលិតផលដែល បានរៀបរាប់ខាងលើ ក្រុមហ៊ុននេះ បានជ្រើសយកថ្ងៃទី 2 ខែតុលាខាងមុខ ដើម្បីចាប់ផ្ដើមព្រឹត្តិការណ៍មួយនេះ។ អញ្ចឹង ដើម្បីកាន់តែច្បាស់ក្នុងចិត្តទៀតនោះ គឺយើងមានតែ រង់ចាំមើល នៅពេលដែល ថ្ងៃប្រកាសរបស់ Microsoft បានមកដល់ ហើយពេលនោះ គឺគ្មានអ្វីលាក់បាំង មិនឲ្យដឹងទៀតឡើយ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង