Google Maps ជួយ​ឲ្យ​រក​​ឃើញ​ឡាន​របស់​បុរស​ម្នាក់​បាត់​ខ្លួន​អស់​ពីរ​ទសវត្ស ក្នុង​ស្រះ​ទឹក​មួយ​កន្លែង​នៅ​រដ្ឋ Florida​
ដោយ​ ៖ Kealy | 8 ខែមុន SHARE

 

យើងសង្កេតឃើញថា បច្ចេកវិទ្យា បានក្លាយទៅជាវិស័យ ដ៏ជឿនលឿនមួយ ដែលមនុស្សគ្រប់គ្នា មិនអាចខ្វះបាន ក្នុងពេលបច្ចុប្បន្ននេះ។ ជាក់ស្តែង ដូចជាកម្មវិធី ផែនទីអេឡិចត្រូនិចរបស់ Google ជាដើម ដែលវាពិតជាទទួលបានការពេញនិយមខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ជាច្រើនលាននាក់ នៅទូទាំងសកលលោក។ Google Maps ជាកម្មវិធីមួយ ដែលជួយបង្ហាញផ្លូវ ឬផែនទី នៃទីតាំងណាមួយ ដ៏មានប្រយោជន៍ ក្នុងជីវភាពជឿនលឿន មិនតែប៉ុណ្ណោះ វាក៏បានក្លាយជាផ្នែកមួយ ដ៏អស្ចារ្យ ដែលអាចជួយដល់សមត្ថកិច្ច ក្នុងការដោះស្រាយករណីព្រហ្មទណ្ឌផ្សេងៗ ក៏ដូចជាជួយស្វែងរកឧក្រិដ្ឋជន បានយ៉ាងឆាប់ផងដែរ។ 

 

 

ទាក់ទងនឹងកម្មវិធីនេះដែរ ស្រាប់តែថ្មីៗនេះ គេបានប្រទះឃើញ ករណីមួយ ដែលគ្មាននរណានឹកស្មានដល់ ដោយបុរសម្នាក់ ដែលមានឈ្មោះថា William Moldt អាយុ 40 ឆ្នាំ បានបាត់ខ្លួន អស់រយៈពេលជាង 2 ទសវត្ស បើគិតចាប់តាំងពីថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 1997 មក ហើយនៅទីបំផុត ត្រូវបានគេរកឃើញ ឡានគាត់លិចចូល ទៅក្នុងស្រះទឹកមួយកន្លែង នៅតំបន់ Moon Bay Circle នៃរដ្ឋ Florida តាមរយៈកម្មវិធី ផែនទីអេឡិចត្រូនិចរបស់ Google។ នេះបើយោងតាមរបាយការណ៍ពីប៉ូលីស Palm Beach County Sheriff បានប្រាប់ឲ្យដឹងថា ជាការចៃដន្យ ថ្ងៃមួយ អ្នកស្រុកដែលធ្លាប់នៅតំបន់នោះ បានប្រើប្រាស់ Google Maps ដើម្បីមើលស្ថានភាពទីនោះ ស្រាប់តែគេប្រទះឃើញមានអ្វីមួយ ដ៏ចម្លែកនៅក្នុងស្រះ រួចគេក៏ព្យាយាមសង្កេតមើលឲ្យកាន់តែច្បាស់ ទើបដឹងថា វាគឺជាឡានមួយគ្រឿង ដែលបានលិចចូលក្នុងស្រះនោះ បន្ទាប់មក គេបានរាយការណ៍ទៅទីស្នាក់ការ ក្នុងតំបន់នោះ។ 

 

 

ជុំវិញរឿងរ៉ាវ បាត់ខ្លួននេះដែរ គេអាចសន្មត់ថា នៅថ្ងៃកើតហេតុនោះ លោក Moldt បើកបរក្នុងសភាពស្រវឹង រួចបានបើកឡានធ្លាក់ចូលស្រះ ព្រោះខណៈពេលនោះ លោកបានទៅក្លឹបកំសាន្តមួយកន្លែង ដែលមានទីតាំងជិត កន្លែងកើតហេតុនោះ បន្ទាប់មក លោកក៏បានទាក់ទងប្រាប់មិត្តស្រីខ្លួន ថានឹងត្រលប់ទៅផ្ទះវិញ ប៉ុន្តែ ចាប់ពីយប់នោះទៅ គ្មានអ្នកណាអាចរកឃើញលោកទៀតឡើយ ដោយឆ្លងអស់រយៈពេលជាង 20 ឆ្នាំកន្លងផុត ទើបអាចរកឃើញការពិត ពីការបាត់ខ្លួនរបស់លោក Moldt។ 

 

 

ដូច្នេះ យើងអាចបញ្ជាក់ប្រាប់ថា Google Maps មិនមែនកម្មវីធីធម្មតាទេ ដោយវាបានចូលរួមចំណែក យ៉ាងសំខាន់ ដល់ការរស់នៅ ប្រចាំថ្ងៃ របស់យើងផងដែរ។

ដោយ​ ៖ CNN
អត្ថបទទាក់ទង