Adobe Premiere Pro បន្ថែមមុខងារថ្មី Auto Reframe សម្រាប់ជួយដល់ការផ្លាស់ប្តូរទម្រង់របស់វីដេអូ​
ដោយ​ ៖ Chiro | 4 ខែមុន SHARE

 

បើសិនប្រិយមិត្ត ជាអ្នកដែលជាអ្នកធ្វើការខាងកាត់ត វីដេអូ នោះប្រាកដជាស្គាល់កម្មវិធីមួយដ៏ល្បីល្បាញ ដែលមានឈ្មោះថា Adobe Premiere Pro ច្បាស់ជាមិនខានឡើយ។ វាគឺជាកម្មវិធីមួយ ដែលគេប្រើប្រាស់ សម្រាប់កាត់ត វីដេអូ បែបលក្ខណៈ Professional ហើយកម្មវិធីនេះត្រូវបាន បង្កើតឡើង ដោយក្រុមហ៊ុន Adobe។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺកម្មវិធីនេះទទួលបានការគាំទ្រយ៉ាង ខ្លាំងពីសំណាក់អ្នកប្រើ ជាពិសេសអ្នកដែលធ្វើការពាក់ព័ន្ធទៅនឹងការកាត់ត វីដេអូតែម្តង។ ព្រោះថាកម្មវិធីនេះទទួលបានកំណែ អាប់ដេត ពីមួយជំនាន់ទៅមួយជំនាន់ ដែលនាំយកសុទ្ធតែមុខងារល្អៗ និងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់។


ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Adobe បានដាក់បង្ហាញមុខងារថ្មីមួយ ដែលត្រៀមនឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Adobe Premiere Pro ហើយវាមានឈ្មោះថា Auto Reframe។ Auto Reframe គឺជាមុខងារមួយ ដែលជួយសម្រួលទៅដល់ការកែប្រែ កម្រិតសមាមាត្ររបស់វីដេអូ ដោយធ្វើការចាប់យកផ្នែកសំខាន់នៃវីដេអូ រួចធ្វើការកែប្រែឲ្យស៊ីទៅនឹងកម្រិតសមាមាត្រដែលអ្នកបាន ធ្វើការកំណត់ ឧទាហរណ៍ដូចជាពី ជ្រុង ទៅបញ្ឈរ, ពីបញ្ឈរទៅជាខ្នាតកុន 16:9 ជាដើម។ និយាយដល់ចំនុចនេះប្រាកដជាមាន ប្រិយមិត្តមួយចំនួនមានការងើងឆ្ងល់ហើយថា តើធ្វើយ៉ាងណាទើបមុខងារ Auto Reframe អាចដឹងថាផ្នែកមួយណានៃវីដេអូគឺជា ផ្នែកសំខាន់។ ដើម្បីដឹងថាផ្នែកមួយណាគឺជាផ្នែកសំខាន់ នៃវីដេអូរបស់អ្នក គឺវាពឹងផ្អែកលើបច្ចេកវិទ្យា AI និង Machine Learning របស់ក្រុមហ៊ុន Adobe ដែលមានឈ្មោះថា Adobe Sensei។ អ្វីដែលពិសេសនោះគឺអ្នកអាចធ្វើការកំណត់មុខងារ Auto Reframe សម្រាប់វីដេអូមួយ ឬច្រើនក៏បាន ដោយគ្រាន់តែកំណត់តែម្តងបានគ្រប់វីដេអូទាំងអស់ ដូច្នេះអ្នកមិនចាំបាច់ចំណាយពេលក្នុងការ កំណត់ម្តង 1 វីដេអូ ម្តង 1 វីដេអូនោះទេ។

 


គួរបញ្ជាក់ផងថា ក្រុមហ៊ុន Adobe មិនបានបញ្ជាក់អំពីថ្ងៃច្បាស់លាស់នៃការដាក់មុខងារ Auto Reframe ទៅក្នុងកម្មវិធី Adobe Premiere Pro នោះទេ។ ប៉ុន្តែពួកគេបានសន្យាថាមុខងារនេះ នៅបង្ហាញខ្លួនជាផ្លូវការ នៅចុងឆ្នាំនេះ សម្រាប់ Adobe Premiere Pro នៅលើប្រតិបត្តិការ MacOS ។ អញ្ចឹងសរុបមកវិញ នេះគឺជាដំណឹងដ៏ល្អមួយ ស្រាប់អ្នកធ្វើការខាងកាត់ត វីដេអូ និងជាពិសេស អ្នកដែលជា Content Creators ដែលត្រូវការវីដេអូក្នុងលក្ខណៈបញ្ឈរសម្រាប់ផុសនៅក្នុងបណ្តាញសង្គម Instagram និងវីដេអូ ក្នុងលក្ខណៈផ្តេកសម្រាប់ផុសនៅក្នុងគេហទំព័រ YouTube។

 


***សូមទស្សនាវីដេអូខាងក្រោម

 

 

 

ដោយ​ ៖ 9To5Mac
អត្ថបទទាក់ទង