Fujifilm ទើប​បញ្ចេញ​កាមេរ៉ា Mirrorless ជំនាន់​ថ្មី​មាន​តម្លៃ​ត្រឹម 700 ដុល្លារ​
ដោយ​ ៖ Kongkit | 4 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតកាមេរ៉ារបស់ប្រទេសជប៉ុន Fujifilm បានប្រកាសចេញនូវកាមេរ៉ាជំនាន់ថ្មីមកមួយម៉ូឌែលទៀត ដោយវាមានឈ្មោះផ្លូវការថា X-A7 ហើយវាក៏ជាប្រភេទកាមេរ៉ា Mirrorless ជំនាន់ចុងក្រោយស្ថិតក្នុងត្រកូល X របស់ក្រុមហ៊ុនមួយនេះ លើកដំបូង ដែលបានភ្ជាប់មកជាមួយតម្លៃ សមរម្យមួយ ផងដែរ។ 

 

 

ជាក់ស្ដែង កាមេរ៉ានេះ ត្រូវបានបង្កើតឡើងមកជាពិសេស សម្រាប់អ្នកដែលទើបតែចាប់ផ្តើមរៀនថតដំបូង ដែលវាមានលក្ខណៈពិសេសជាច្រើន និងការរចនាបែបសាមញ្ញ ជាមួយនឹងមុខងារគ្រប់គ្រងតិចជាងមុន ហើយវាក៏បានផ្តោតយ៉ាងសំខាន់ទៅលើអេក្រង់អាច Touchscreen បានផងដែរ។ X-A7 មានសេនស័រកាមេរ៉ាទំហំ 24.2MP ជាមួយនឹងសេនស័រ APS-C ថ្មី ដែល Fujifilm បានអះអាងថា វាអាចជួយ បន្ថែមល្បឿនថត បានកាន់តែលឿនជាង X-A5 ជំនាន់មុនថែមមួយកម្រិតទៀត និងអាច Support លើការចាប់សម្គាល់ផ្ទៃមុខ និងភ្នែកបាន ទៀតផង។

 

 

មិនតែប៉ុណ្ណោះ X-A7 ក៏ត្រូវបានធ្វើអោយប្រសើរឡើងលើមុខងារថតវីដេអូ ជាមួយកម្រិត 4K 30fps និងកម្រិត 1080p 60fps ផងដែរ។ យ៉ាងណា គួរអោយសោកស្ដាយ ពីព្រោះថាវាត្រូវបានកំណត់អោយថតវីដេអូ 4K បានត្រឹម 15 នាទីប៉ុណ្ណោះ និងថតកម្រិត 1080p បាន 30 នាទី ប៉ុន្តែសមត្ថភាពប៉ុណ្ណឹងគួរតែគ្រប់គ្រាន់ហើយ សម្រាប់អ្នកប្រើធម្មតាភាគច្រើន។ លើសពីនេះ វាមានអេក្រង់ទំហំ 3.5 អ៊ីញ ជាប្រភេទ LCD ជាមួយ Aspect Ratio 16:9 ដូច្នេះ អ្នកនឹងអាចមើលវីដេអូ បានវែងទូលាយល្អផងដែរ។ មួយវិញទៀត អេក្រង់នេះ ជាប្រភេទថាច់ស្គ្រីន ហើយអាចបត់បានទៅមុខបាន សម្រាប់ថត Vlogs ឬថតរូបដោយខ្លួនឯងបែប Portraits បានទៀតផង។

 

 

ជាចុងក្រោយ កាមេរ៉ា X-A7 ក៏មាន Wireless សម្រាប់ប្រើ Bluetooth ដើម្បីភ្ជាប់ជាមួយទូរសព្ទរបស់អ្នក ក្នុងការផ្ទេររូបភាព និងវាមាន USB-C សម្រាប់ភ្ជាប់ទៅកុំព្យូទ័រ និងសម្រាប់បញ្ចូលថ្ម ផងដែរ។ Fujifilm X-A7 មានតម្លៃប្រមាណជា 700 ដុល្លារ ដែលបានភ្ជាប់មកជាមួយលេនប្រភេទ 15-45 មីលីម៉ែត្រ និងមាន Aperture ចាប់ពី f/3.5 ទៅដល់ f/5.6 ហើយវានឹងមាន 4 ពណ៌សម្រាប់អោយជ្រើសរើស រួមមានពណ៌ Camel, Dark Silver, Mint Green និងពណ៌ Silver ជាដើម។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង