iPhone 11 Pro មាន​ដុំសាក​ថ្ម​លឿន​ 18W ក្នុង​ប្រអប់​ស្រាប់ ហើយ​ប្រើ​ខ្សែ​សាក USB-C ទៅ Lightning ទៀត​
ដោយ​ ៖ Kongkit | 9 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួន ប្រាកដជាបានជ្រាបហើយថា កាលពីម៉ោង 12 រំលងអធ្រាត្រយប់មិញនេះ Apple បានចាប់ផ្ដើមបើកព្រឹត្តិការណ៍ពិសេសប្រចាំឆ្នាំរបស់ខ្លួន (Special Event) ដោយក្នុងនោះក្រុមហ៊ុនយក្យអាមេរិចមួយនេះ ក៏បានប្រកាសចេញ iPhone ជំនាន់ថ្មីចំនួន 3 ម៉ូឌែលខុសៗគ្នា ដូចទៅនឹងឆ្នាំមុនអញ្ចឹងដែរ។ ពិតណាស់ iPhone ស៊េរីថ្មីទាំង 3 ម៉ូឌែលនោះ ពួកវាមានឈ្មោះជាផ្លូវការថា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max។

 

 

នេះជាលើកទីមួយហើយចាប់តាំងពីទូរស័ព្ទ iPhone ជំនាន់ដំបូងត្រូវបានប្រកាសចេញមកកាលពីឆ្នាំ 2007 កន្លងទៅ ហើយនៅទីបំផុត Apple បានផ្លាស់ប្ដូរទម្លាប់ចាស់របស់ខ្លួន ដោយបានធ្វើអោយប្រសើរឡើងនូវដុំសាក និងខ្សែសាក ដែលភ្ជាប់មកជាមួយនៅក្នុងប្រអប់ស្រាប់តែម្ដង។ មិនខុសនោះទេ iPhone 11 Pro ដែលទើបបានប្រកាសចេញក្តៅៗកាលពីយប់មិញនេះ វាត្រូវបានភ្ជាប់មកជាមួយ បច្ចេកវិទ្យាសាកថ្មលឿនទំហំ 18W តាមរយៈរន្ធ USB-C ទៅ Lighting នៅក្នុងប្រអប់ស្រាប់ ថែមទៀតផង។ 

 

 

ប៉ុន្តែយ៉ាងណា គួរអោយសោកស្ដាយ ការផ្លាស់ប្តូរនេះមិនមែនទាំងអស់នោះទេ ដោយ iPhone 11 តម្លៃទាបជាងគេ នឹងនៅតែត្រូវបានភ្ជាប់មកជាមួយ ដុំសាកថ្មល្បឿនទំហំ 5W ដដែល និងបានបន្តប្រើប្រាស់ខ្សែសាកប្រភេទ USB-A ដែល Apple បានផ្តល់ជូន និងប្រើវា អស់រយៈពេលជាងមួយទសវត្សរ៍ មកហើយ ទោះបីជាវា មានសមត្ថភាពសាកលឿន ដូចគ្នានឹង iPhone 11 Pro ក៏ដោយ។ មានន័យថា អ្នកនឹងនៅតែត្រូវចំណាយប្រាក់បន្ថែម ដើម្បីទិញដុំសាក និងខ្សែថ្មី ប្រសិនបើអ្នកចង់សាកថ្មបានលឿន ឬចង់ប្រើវាជាមួយ Apple កុំព្យូទ័រ ស៊េរីថ្មីៗ។

 

 

ទោះបីជាការផ្លាស់ប្តូរនេះ មិនមានលើ iPhone 11 ក៏ដោយ យ៉ាងហោចណាស់សម្រាប់ iPhone 11 Pro ដែលមានតម្លៃថ្លៃជាងវា នឹងទទួលបានការផ្លាស់ប្ដូរដ៏ល្អមួយនេះ  ហើយវាក៏ជាលើកទីមួយដែរ ដែល Apple បានផ្ដល់ដុំសាកថ្មលឿន នៅក្នុងប្រអប់ស្រាប់ សម្រាប់ iPhone របស់ខ្លួនបែបនេះ។ ដោយឡែកសម្រាប់ iPhone ដែលប្រើរន្ធសាកថ្មប្រភេទ USB-C ប្រហែលជានឹងអាចចេញ នៅក្នុងឆ្នាំ 2020 ខាងមុខក៏អាចថាបាន ពីព្រោះថា Apple ចាប់ផ្ដើមមានការផ្លាស់ប្តូរហើយ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង