iPhone 11 Pro មានបង្កប់មុខងារ Deep Fusion ដែលប្រើប្រាស់ AI ដើម្បីចាប់រូបភាពអោយកាន់តែច្បាស់​
ដោយ​ ៖ Sam | 9 ខែមុន SHARE

 

ក្រុមហ៊ុន Apple បានប្រកាសចេញជាផ្លូវការនូវ iPhone 11 និង iPhone 11 Pro កាលពីយប់មិញនេះ ជាមួយនឹងលក្ខណៈសម្បត្តិដ៏គួអោយចាប់អារម្មណ៍ជាច្រើន។ ក្នុងនោះ iPhone 11 Pro គឺជាម៉ូឌែល ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ទៅលើមុខងារកាមេរ៉ា ដែល Apple បានព្យាយាមដុះខាត់វាអោយកាន់តែមានសមត្ថភាពខ្លាំងជាងមុន ដើម្បីអាចឈ្នះ គូប្រជែងនានានៅលើទីផ្សារ។ តាមរយៈការធ្វើបទបង្ហាញពីសំណាក់ លោក Pill Schiller ដែលជាអនុប្រធានជាន់ខ្ពស់ នៃផ្នែកទីផ្សាររបស់ Apple បានធ្វើការលើកឡើងថា មុខងារមួយឈ្មោះថា “Deep Fusion” ដែលមាននៅលើ iPhone 11 Pro បានបង្កប់នូវលក្ខណៈពិសេសមួយ ដែលជំនួយក្នុងថតរូបអោយកាន់តែច្បាស់ និងមានគុណភាពខ្ពស់ ដែលវាអាចស្រដៀងទៅនឹង បច្ចេកវិទ្យា Dual Pixel នៅលើ Google Pixel 3។ 

 

 

លោក Schiller បានបន្ថែមថា វាដំណើរការដោយធ្វើការចាប់ យករូបភាពចំនួន 8 សន្លឹកផ្សេងៗគ្នាមុនពេលដែលយើងចុចលើប៊ូតុងថត បូករួមនឹងរូបភាព Long exposure មួយសន្លឹកផ្សេងទៀត សរុបទាំងអស់ 9 សន្លឹក ហើយផ្គុំរូបទាំងនោះ អោយទៅជារូបតែមួយ តាមរយៈបច្ចេកវិទ្យា “Pixel by pixel”។ ជាលទ្ធផល រូបភាពដែលថតបានមានកម្រិតច្បាស់ និងកាត់បន្ថយគ្រាប់ Noise បានយ៉ាងប្រសើរផងដែរ។ តាមមើលទៅ មុខងារនេះអាចមិនមែនជា មុខងារ “Dark mode” ដូចដែលឃើញមាននៅលើស្មាតហ្វូនផ្សេងៗឡើយ តែវាក៏បញ្ជាក់ពីការប្រៀបធៀបទៅនឹងបច្ចេកវិទ្យាបន្ថែមគុណភាពរូបភាព នៅលើ Pixel ដែរ។ 

 

 

សរុបមក យើងក៏មិនទាន់បានដឹងច្បាស់ពី ការបញ្ចេញនូវមុខងារ “Deep Fusion” នៅពេលណានេះផងដែរ តែតាមការប៉ាន់ស្មាន វានឹងមានស្រាប់មកក្នុងកម្មវិធី កាមេរ៉ា iPhone 11 Pro ឬក៏តាមរយៈកំណែអាប់ដេត Software តាមក្រោយ នៅប៉ុន្មានខែបន្ទាប់ពីនេះ។ យ៉ាងណាមិញ យោងតាមការប្រកាសរបស់ Google Pixel 4 ដែលនឹងមកដល់ឆាប់ៗនេះ វាពិតជាគួរអោយចាប់អារម្មណ៍ណាស់ក្នុងការមើលថាតើ Google នឹងមានបច្ចេកវិទ្យាកាមេរ៉ា ពិសេសៗអ្វីខ្លះ ដើម្បីបង្ហាញដល់ Apple វិញ។ 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង