ដៃបញ្ជា Nintendo អាចកាច់បាន ត្រូវគេប្រទះឃើញក្នុងប័ណ្ណប៉ាតង់ថ្មីមួយ​
ដោយ​ ៖ Sam | 5 ខែមុន SHARE

 

ចាប់តាំងពីការបញ្ចេញលក់នូវ Nintendo Switch រយៈពេលប្រហែល 2 ឆ្នាំមកនេះ គេបានឃើញថា មានការបង្ហាញមតិពីសំណាក់អ្នកប្រើប្រាស់ទៅលើ ប្រព័ន្ធដៃបញ្ជាដើមរបស់វា មានខុសៗគ្នា។ ក្នុងនោះមានអ្នកប្រើប្រាស់ខ្លះ បានបង្ហាញការពេញចិត្តចំពោះ ការដែលអាចផ្តាច់ចេញ នូវដៃបញ្ជាពីតួខ្លួនបាន រីឯខ្លះទៀតក៏មិនបានពេញចិត្តនឹង ការដោះចេញចុះឡើងនោះដែរ។ ពិតណាស់ គ្រប់គ្នាសុទ្ធតែចង់បានភាពរឹងមាំ ដោយហេតុថា ដៃបញ្ជាដើមរបស់ Nintendo មានបញ្ហាជារឿយៗទៅលើគន្លឹះភ្ជាប់ និង ប៊ូតុងបញ្ជាទិស ងាយគាំងផងដែរ។

 

 

 

យោងទៅលើបញ្ហាទាំងនោះហើយ ដែលអាចអោយ Nintendo ពិចារណាទៅលើការបង្កើតនូវ ដៃបញ្ជាថ្មី ដើម្បីជំនួសអោយដៃបញ្ជាចាស់ ដែលងាយខូចនោះ។ តាមរយៈ ប័ណ្ណប៉ាតង់ភាសាជប៉ុន មួយត្រូវបានលាតត្រដាង នៅលើបណ្តាញ អ៊ីនធើណេត បានបង្ហាញអំពីគំរូរចនាថ្មី របស់ដៃបញ្ជា ដែលអាចកាច់បាន ទាំងខាងឆ្វេង និងខាងស្តាំ។ ដៃបញ្ជាថ្មីនោះ អាចភ្ជាប់ទៅកាន់ម៉ាស៊ីនហ្គេមបានដដែល គឺគ្រាន់តែ វានៅផ្នែកខាងលើរបស់វា អាចកាច់បានក្នុងមុំ 30 ឌឺក្រេ ដោយយើងអាចមើលលំអិតតាមរយៈរូបភាព ដែលទទួលបានពីប័ណ្ណប៉ាតង់ខាងក្រោម៖ 

 

 

យើងមិនទាន់អាចដឹងទេថា ដៃបញ្ជាដែលអាចបត់បែនបាននេះ នឹងមិនមានបញ្ហានៅលើគន្លឹះ និង ប៊ូតុងបញ្ជាទិសទៀតទេ ឬយ៉ាងណា។ តែបើមើលទៅតាម គំរូរចនានោះ យើងអាចរំពឹងបានថា វាប្រហែលជាបង្កើតឡើងក្នុងគោលបំណង តម្រូវទៅលើប្រភេទហ្គេមថ្មីណាមួយរបស់ Nintendo ដែលអាចបង្កើតឡើងយ៉ាងពិសេសដៃបញ្ជានេះប៉ុណ្ណោះ។ ទោះជាយ៉ាងណា យើងមិនអាចរំពឹងទៅលើភាពរឹងមាំនៅលើ ដៃបញ្ជាប្រភេទនេះបាននោះទេ ដោយសារតែវាអាចបាក់ ឬរលុងនៅពេលដែលយើងកាច់វាច្រើនដង។ តើអ្នកយល់យ៉ាងណាដែរ ចំពោះគំរូដៃបញ្ជាដែលអាច់កាច់ចុះឡើងបាននេះ? យើងនឹងក៏មិនទាន់អាចសន្និដ្ឋានបានថា វាជាការពិតឬ យ៉ាងណានោះដែរ។ ដោយឡែក យើងក៏បានទទួលនូវពាក្យចចាមអារ៉ាម អំពីម៉ូឌែល Nintendo Switch Pro ដែលអាចនឹងមានភ្ជាប់មកជាមួយនូវដៃបញ្ជាល្អជាងនេះ។ បន្ថែមពីនោះ បើអ្នកមិនចូលចិត្ត ម៉ូឌែលដែលដោះដៃបញ្ជាចេញបាននោះ Nintendo Switch Lite ប្រហែលជាអាចអោយអ្នកពិចារណាបាន ដោយវានឹងចេញលក់នៅថ្ងៃទី 20 ខែកញ្ញានេះហើយ។ 

 

 

 

ដោយ​ ៖ The Next Web
អត្ថបទទាក់ទង