Porsche បាន​ដាក់​បង្ហាញ​រថយន្ដ​ទំនើប Carrera 2020 សម្រាប់​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ​នេះ​
ដោយ​ ៖ Leng | 8 ខែមុន SHARE

 

ចាប់តាំងពីពេលដំបូងមក រថយន្ដទំនើបម៉ូឌែល Porsche 911 គឺតែងតែទទួលបាន ប្រជាប្រិយភាព ទូទាំងពិភពលោក ដោយវាមានរូបរាងដ៏ប្រណិត គួរឲ្យទាក់ទាញផងដែរ បើទោះបីជាឈ្មោះរបស់វា ធ្វើឲ្យយើងនឹកដល់ព្រឹត្តិការណ៍ វាយប្រហារនៅសហរដ្ឋអាមេរិក យ៉ាងណាក៏ដោយ។ រហូតមកដល់ពេលថ្មីៗនេះ Porsche ក៏បានរៀបចំឡើងកម្មវិធីមួយ ដើម្បីធ្វើការប្រកាសចេញ រថយន្ដទំនើបម៉ូឌែលថ្មីៗ សរុបចំនួនពីរតែម្ដង ដែលរួមមានដូចជា 992 Carrera ស៊េរីឆ្នាំ 2020 បែបធម្មតា និងម៉ូឌែលថ្មីមួយទៀត អាចបិទបើកដំបូលបាន ថែមទៀតផង។

 

 

អ្វីដែលល្អនោះគឺថា វាមានការឌីហ្សាញឡើង ស្រដៀងគ្នាទៅនឹងស៊េរី Carrera 4s អញ្ចឹងដែរ ដោយបានធ្វើឲ្យ រថយន្ដទំនើបម៉ូឌែល 992 ចុងក្រោយនេះ មានភាពស្រស់ស្អាត និងទាន់សម័យ ដូចជាស៊េរីដើមដដែល។ រថយន្ដដ៏ប្រណិតម៉ាក Porsche Carrera 2020 ស៊េរីចុងក្រោយនេះ គឺបានបំពាក់នូវម៉ាស៊ីន 3.0-Liter ជាមួយនឹងកម្លាំងជំនួយ Twin-Turbo ដោយអាចបង្កើតបាន កម្លាំងសេះ 379hp (Horsepower) និងកម្លាំងបង្វិលជុំ 331 lb-ft of torque ចន្លោះពីល្បឿន 1,950 rpm ទៅ 5,000 rpm ផងដែរ។ ហេតុដោយសារតែ រថយន្ដទំនើបស៊េរីថ្មីនេះ មានភ្ជាប់មកជាមួយ ម៉ាស៊ីនបញ្ជូនល្បឿនកម្រិត 8-Speed PDK និងអាចបើកដោយកង់ទាំងបួន ក្នុងពេលតែមួយ ដូច្នេះវាអាចជាន់ពីល្បឿន 0 km/h ដល់ 96.56 km/h ដោយចំណាយ រយៈពេលត្រឹមតែ 4.0 វិនាទីប៉ុណ្ណោះ។ 

 

 

យ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នក ចង់បានល្បឿនលឿន ជាងនេះទៅទៀត ដូច្នេះអ្នកអាចជ្រើសយកកញ្ចប់ Sport Chrono ដែលនឹងអាចកាត់បន្ថយ រយៈពេលបានត្រឹម 3.8 វិនាទីដែរ។ បើយើងនិយាយទៅដល់ ប្រព័ន្ធបើកដោយកង់ទាំងបួន ក្នុងពេលតែមួយ នោះគឺថារថយន្ដទំនើប Porsche Carrera 2020 ស៊េរីថ្មីនេះ ក៏ព្រមទាំងប្រើប្រាស់ បច្ចេកវិទ្យាដូចជាម៉ូឌែល Carrera 4S អញ្ចឹង។ ហេតុដូច្នេះហើយ គឺចង់មានន័យថា ផ្នែកចង្កូតខាងមុខនៃរថយន្ដ នឹងត្រូវបានបំពាក់ដោយ ឧបករណ៍ចរន្ដទឹក Liquid-Cooled ហើយក្រុមហ៊ុន Porsche បានបញ្ជាក់ប្រាប់ថា វាមានសមត្ថភាពខ្ពស់ អាចជួយនៅស្ថានភាពរអិលបាន ដូចជានៅពេលកំពុងតែភ្លៀង និងធ្លាក់ព្រិលជាដើម។

 

 

ចំពោះផ្នែកខាងក្នុងរបស់វា គឺមានបំពាក់នូវអេក្រង់ទំហំ 10.9 អ៊ីញមួយនៅចំកណ្ដាល ដោយអាចឲ្យថាច់ស្គី្រនបាន និងព្រមទាំងមានប៊ូតុងចំនួន 5 ដើម្បីឲ្យបញ្ជាបានផងដែរ។ នាពេលបច្ចុប្បន្ននេះ រថយន្ដទំនើបម៉ាក Porsche Carrera 2020 ស៊េរីចុងក្រោយនេះ គឺកំពុងដាក់ឲ្យកម្ម៉ង់ នៅសហរដ្ឋអាមេរិក ជាមួយនឹងតម្លៃ 105,050 ដុល្លារ សម្រាប់ម៉ូឌែលធម្មតា ហើយបើជ្រើសរើសយក ម៉ូឌែលបិទបើកដំបូលបាន នឹងមានតម្លៃឡើងដល់ 118,850 ដុល្លារ ដោយក្រុមហ៊ុន Porsche មានគម្រោងដាក់លក់ ជាផ្លូវការនៅដើមឆ្នាំ 2020 ខាងមុខនេះនេះហើយ។

ដោយ​ ៖ Cnet
អត្ថបទទាក់ទង