តើ “Rose” និង “R1” ពិត​ជា​ឈ្មោះ​តំណាង​អង្គ​គណនា​ជំនួយ​ថ្មី​លើ iPhone 11 មែន​ទេ?​
ដោយ​ ៖ Chiro | 4 ខែមុន SHARE

 

នៅមិនដល់មួយថ្ងៃទៀតទេ iPhone ជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុន Apple នឹងបង្ហាញខ្លួនជាផ្លូវការហើយ។ ប៉ុន្តែខណៈពេល ណាដែលវាមិនទាន់បង្ហាញខ្លួនជាផ្លូវការនោះទេ យើងទៅតែ ទទួលបានព័ត៌មានដែលចុះផ្សាយនិយាយទាក់ទងនឹងលក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់វាជាបន្តបន្ទាប់ទៀត។ ជាក់ស្តែងនៅក្នុងថ្ងៃនេះយើងក៏បានទទួលបានព័ត៌មានមួយដែលនិយាយទាក់ទង នឹងលក្ខណៈសម្បត្តិរបស់ iPhone ជំនាន់ថ្មីចុងក្រោយនេះផងដែរ។


បើយោងតាមគេហទំព័រដ៏ល្បីឈ្មោះមួយ ដែលមានឈ្មោះថា MacRumors បានរាយការណ៍ថា ក្រុមហ៊ុន Apple មានគម្រោងបន្ថែមអង្គគណនាជំនួយថ្មី ដែលមានឈ្មោះតំណាងថា “Rose” និង “R1” ទៅក្នុងបន្ទះឈីប A13 ដែលបំពាក់នៅលើ iPhone ជំនាន់ថ្មីចុងក្រោយគេ ដែលត្រៀមបង្ហាញខ្លូននៅក្នុងយប់នេះ។ ប្រភពបន្តថាពួកគេមិនច្បាស់ថា ក្រុមហ៊ុន Apple នឹងប្រើឈ្មោះតំណាង Rose និង R1 ជាឈ្មោះរបស់អង្គគណនាជំនួយថ្មី ឬក៏អាចប្រើឈ្មោះថា R13 ដើម្បីឲ្យស៊ីគ្នាជាមួយបន្ទះឈីប A13 នោះទេ។ ប្រភពបានបន្ថែមទៀតថា បើផ្អែកទៅលើកូដដែលគេបានរកឃើញនៅក្នុង iOS ជំនាន់សាកល្បង អង្គគណនាជំនួយ ដែលមានឈ្មោះតំណាងថា Rose និង R1 ( t2006 ) មានលក្ខណៈសម្បត្តិស្រដៀងគ្នាទៅនឹងអង្គគណនាជំនួយដែលស្ថិតនៅក្នុង ត្រកូល M ដែលយើងឃើញមានវត្តនៅលើ iPhone ជំនាន់មុនៗ។ ប៉ុន្តែខុសត្រង់អង្គគណនាជំនួយ R1 ភ្ជាប់មកជាមួយសេនស័រច្រើន ជាង អង្គគណនាជំនួយដែលស្ថិតនៅក្នុងត្រកូល M។ បើងាកទៅមើល អង្គគណនាជំនួយ Rose វិញឃើញថា វាបន្ថែមការគាំទ្រ ការគណនានិចលភាព ( កម្លាំងរុញច្រានដែលធ្វើឲ្យវត្ថុមួយធ្វើដំណើរក្នុងទិសដៅតែមួយ ), Bluetooth 5.1, Ultra-Wide Band និងកាមេរ៉ា ( រាប់បញ្ចូលទាំងការចាប់យកចលនាដោយផ្ទាល់តែម្តង )។ បើតាមការប៉ាន់ស្មាន អង្គគណនាជំនួយ Rose នឹងជំនួសតំណែងរបស់អង្គគណនាជំនួយដែលស្ថិតនៅក្នុងត្រកូល M។


ដូច្នេះសរុបមកវិញ បើសិនជាព័ត៌មានខាងលើគឺជាការពិតមែននោះ គឺអាចចាត់ទុកថានេះគឺដំណឹងដ៏ល្អមួយសម្រាប់អ្នកដែលត្រៀមខ្លួន ទិញយក iPhone ជំនាន់ថ្មីយកមកប្រើប្រាស់ ព្រោះថា iPhone ជំនាន់ថ្មីនេះនឹងមានសមត្ថភាពខ្លាំងក្លា និងមានលក្ខណៈសម្បត្តិ ពិសេសៗច្រើនជាងមុន ដែលធ្វើឲ្យយើងជាម្ចាស់របស់វា មិនមានអារម្មណ៍ថាស្តាយក្រោយនោះទេ ដែលបានចំណាយលុយដ៏ច្រើន ក្នុងការទិញវាយកមកប្រើប្រាស់នោះ។



ដោយ​ ៖ Mac Rumors
អត្ថបទទាក់ទង