មេរោគ​ថ្មី​មាន​ឈ្មោះ​ថា Joker បាន​ឆ្លង​ដល់​ឧបករណ៍ Android ចំនួន​ជិត 500,000 គ្រឿង​ហើយ​
ដោយ​ ៖ Leng | 4 ខែមុន SHARE

 

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវ បានស្វែងរកឃើញនូវ មេរោគថ្មីមួយប្រភេទ ដែលមានដំណើរការនៅលើ Android ជុំវិញពិភពលោក ហើយមេរោគនេះត្រូវបាន គេដាក់ឈ្មោះឲ្យថា “Joker” ដែលពួកវាបានលាក់ខ្លួន នៅលើ Google Play Store ចំនួន 24 កម្មវិធីផ្សេងៗគ្នា ជាមួយនឹងចំនួនទាញយក សរុបច្រើនជាង 472,000 ដងឯណោះ។ មេរោគនេះត្រូវបាន គេសម្គាល់ថាជាប្រភេទ Spyware ដែលប្រទះឃើញដំបូង នៅខែមិថុនាឆ្នាំ 2019 ដោយត្រូវបានគេរកឃើញ នៅពេលវាប្រើយុទ្ធសាស្រ្ត បែបបំបាំងកាយ ទៅវាយប្រហារស្មាតហ្វូនណា មានផ្ទុកកម្មវិធីទាំងនោះ ដើម្បីលួចយកទិន្នន័យឯកជន រួមមានដូចជា សារ SMS, សៀវភៅទំនាក់ទំនង, ព័ត៌មានលម្អិត របស់ស្មាតហ្វូន និងទិន្នន័យផ្សេងៗ ជាច្រើនទៀត ផងដែរ។

 

 

មិនត្រឹមតែលួចទិន្នន័យប៉ុណ្ណោះទេ មេរោគដែលមានឈ្មោះថា “Joker” ចេញមកថ្មីមួយនេះ គឺអាចមានសមត្ថភាព យកស្មាតហ្វូនរបស់យើង ទៅចុះឈ្មោះលើ សេវាកម្មនានាជាច្រើន ដើម្បីបង្ហូរទឹកប្រាក់របស់យើង ប្រសិនបើមានភ្ជាប់ គណនីធនាគារ ឬ កាតឥណទាន នៅលើស្មាតហ្វូននោះ ថែមទៀតផង។ សម្រាប់ឧទាហរណ៍ថា នៅប្រទេសដាណឺម៉ាក មេរោគ Joker អាចប្រើប្រាស់ស្មាតហ្វូន ដើម្បីធ្វើការចុះឈ្មោះឲ្យ ជនរងគ្រោះ ដោយស្ងៀមស្ងាត់ ទៅលើប្រព័ន្ធសេវាកម្ម ប្រចាំសប្ដាហ៍មួយ ដែលមានតម្លៃប្រហែល 7.47 ដុល្លារ ហើយខ្លួនឯងផ្ទាល់ មិនដឹងសោះឡើយ។ 

 

ការសិក្សាស្រាវជ្រាវដដែល បានស្វែងរកឃើញថា កម្មវិធីទាំងអស់នោះភាគច្រើន មានគោលដៅទៅលើ តំបន់អឺរ៉ុប និងតំបន់អាស៊ីយើង ដោយឡែកវាព្យាយាមបិទនៅ សហរដ្ឋអាមេរិក និងប្រទេសកាណាដា ដើម្បីជៀសវាងបច្ចេកវិទ្យា ការត្រួតពិនិត្យកម្រិតខ្ពស់ ផងដែរ។ យ៉ាងណាក៏ដោយ ដើម្បីការពារថែមមួយកម្រិតទៀត កម្មវិធីមេរោគទាំងអស់នោះ គឺសុទ្ធតែទទួលកូដប្រភេទ Dynamic Code និងទទួលយកបញ្ជាតាមរយៈ HTTP ហើយពួកវាដំណើរការកូដ ដោយភាសា JavaScript ទៅកាន់ភាសា Java ថែមទៀតផង។

 

***ដើម្បីទទួលយកព័ត៌មានបន្ថែមអំពីមេរោគ “Joker” សូមចុចទីនេះ

 

 

បន្ទាប់ពីទទួលបានដំណឹងនេះ Google ក៏បានលុបកម្មវិធីទាំង 24 នោះចេញពី Play Store ភ្លាមៗតែម្ដង ក្រោយពីត្រូវបានស្នើសុំដោយ ក្រុមអ្នកស្រាវជ្រាវ ដែលរកឃើញមេរោគ “Joker” ចេញថ្មីមួយនេះ។ ទោះបីជាយ៉ាងណាក្ដី “Joker” មិនមែនជាមេរោគប្រភេទ Spyware ដំបូងនោះឡើយ ដែលបានបង្ហាញខ្លួននៅលើ Play Store ហើយក្រុមការងារ Google តែងតែខិតខំព្យាយាម ការពារជាច្រើនលើក ច្រើនសាមកហើយ ប៉ុន្ដែហាក់បីដូចជា នៅតែត្រឡប់មកវិញដដែល។ ដូចដែលយើងបានប្រាប់ ជាច្រើនដងមកហើយថា មុននឹងទាញយកកម្មវិធី មកដំឡើងលើស្មាតហ្វូន គួរតែត្រួតពិនិត្យមើលផ្ទាល់ Review នៅខាងក្រោមកម្មវិធី ដើម្បីអាចដឹងបានថា វាល្អឬក៏អាក្រក់ និងរក្សាទុកតែកម្មវិធីណា ដែលចាំបាច់បំផុតប៉ុណ្ណោះ នៅលើស្មាតហ្វូន របស់អ្នកទាំងអស់គ្នា ផងដែរ។

ដោយ​ ៖ Computing
អត្ថបទទាក់ទង