កាតាបមួយនេះអាចបញ្ជាតន្ត្រី ផែនទី ដោយមិនចាំបាច់បើកទូរសព្ទ​
ដោយ​ ៖ Sam | 4 ខែមុន SHARE

 

បច្ចេកវិទ្យាបានរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ឥតឈប់ឈរ។ ក្នុងនោះបច្ចេកវិទ្យាមួយចំនួន បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងទៅហើយ ដោយវានៅជាប់ខ្លួនរបស់យើងជារៀងរាល់ថ្ងៃមានដូចជា ស្មាតហ្វូន នាឡិកាដៃវៃឆ្លាត កាសស្ដាប់តន្ត្រីឥតខ្សែ និងថេប្លេតជាដើម។ ពេលនេះផងដែរ ក្រុមហ៊ុន ក្រុមហ៊ុនឌីហ្សាញល្បីឈ្មោះ Saint Laurent បានចេញលក់ កាតាបស្ពាយ ដែលមានបំពាក់សេវាកម្ម Google ជាមួយនឹងការរចនាដោយប៉ះបញ្ជាលើផ្ទៃក្រណាត់ផ្ទាល់។ 

 

 

 

ដោយបានសហការពី Project Jacquard របស់ Google នោះកាតាប Cit-E អនុញ្ញាតអោយម្ជាស់របស់វាអាចធ្វើការបញ្ជាទៅលើ តន្រ្តី, ផែនទី និង ភ្លើងបង្ហាញសារដំណឹងបាន តាមរយៈខ្សែកាតាបផ្ទាល់។ 

 

 

Yves Saint Laurent Cit-E អាចភ្ជាប់ជាមួយស្មាតហ្វូនបានតាមរយៈដុំតូចមួយដែលមានភ្ជាប់មកជាមួយ នឹងកាតាបជាស្រាប់។ បន្ទាប់ពីបានភ្ជាប់រួចហើយនោះ យើងអាចបញ្ជាទៅលើមុខងារនានា ដោយការអូសគ្រវាសទៅលើផ្ទៃនៃខ្សែកាតាបខាងឆ្វេងដែលមាន 4 ជម្រើសមានដូចជា៖ អូសឡើង, អូសចុះ, ប៉ះ 2 ដង និង ប្រើប្រអប់ដៃគ្រប់លើវាតែម្តង។  

 

 

និយាយពីគុណភាពនៃ កាតាបនេះវិញ ក៏ត្រូវបានផលិតឡើងដោយសាច់ក្រណាត់នីឡុង ដែលមានខណ្ឌចែកកន្លែងសម្រាប់ដាក់ ស្មាតហ្វូន និងកុំព្យូទ័រយួដៃនៅខាងក្នុង។ តែគួអោយសោកស្តាយ ព្រោះកាតាបស្ពាយមួយនេះតម្លៃដល់ទៅ 877 ដុល្លារ ឯនោះ ដែលហាក់បីដូចជា លើសពីសមត្ថភាពដែលវាមាន។ យ៉ាងណាមិញ វាមានលក់តែនៅលើវែបសាយ Yves Saint Laurent តែប៉ុណ្ណោះនៅពាក់កណ្តាលខែនេះ។ 

 

ដោយ​ ៖ The Verge
អត្ថបទទាក់ទង