ការសិក្សាបង្ហាញថា មនុស្សដែលមានគំនិត​សុទិដ្ឋិនិយម​មានអាយុវែងជាង មនុស្សដែលមានគំនិត​ទុទិដ្ឋិនិយម​
ដោយ​ ៖ Chiro | 4 ខែមុន SHARE

 

នៅលើពិភពលោកយើងនេះ ជីវិតគឺជារបស់ដែលមានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបានហេតុដូច្នេះ ទើបមនុស្សយើងម្នាក់ៗរមែង តែងតែប្រាថ្នាចង់បានអាយុវែង ដើម្បីបាននៅជួបជុំគ្រួសារ និងមើលថែមនុស្សដែលយើងស្រលាញ់ ព្រមទាំងកូនចៅទៀតផង។ អញ្ចឹងហើយទើបមនុស្សយើងម្នាក់ៗតែងតែស្វែងរកវិធីសាស្រ្ត ឬមធ្យោបាយផ្សេងៗដើម្បីថែទាំសុខភាពរបស់ខ្លូន។




ជុំវិញរឿងរ៉ាវដែលទាក់ទងទៅនឹង ការធ្វើយ៉ាងណាទើបធ្វើឲ្យមនុស្សយើងមានជីវិតរស់នៅបានយូរអង្វែងនេះដែរ កាលពីពេលថ្មីនេះក៏មានការសិក្សាស្រាវជ្រាវថ្មីមួយ ដែលបានចុះផ្សាយនៅក្នុងបណ្ឌិតសភានៃវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលបង្ហាញឲ្យឃើញថាមនុស្សដែលមានគំនិតសុទិដ្ឋិនិយមមានអាយុវែងជាង មនុស្សដែលតែងតែមានគំនិតទុទិដ្ឋិនិយម។ ដោយការសិក្សានេះត្រូវបានធ្វើឡើងដោយការស្រង់ទិន្នន័យពីអ្នកចូលរួមចំនួន 8,300នាក់ ដោយក្នុងនោះ មនុស្សស្រី 6,900នាក់ និង មនុស្សប្រុស 1,400 នាក់ ហើយវាត្រូវបានផ្តោតសំខាន់ទៅលើទំនាក់ទំនង រវាងគំនិតសុទិដ្ឋិនិយម និងការរស់នៅបានយូរអង្វែង (មានអាយុយ៉ាងតិច 85 ឆ្នាំឡើងទៅ )។ អ្នកស្រាវជ្រាវបានធ្វើការពិនិត្យលើកម្រិតសុទិដ្ឋិនិយម របស់អ្នកដែលបានចូលរួម និងអត្រាមរណភាពរបស់ពួកគេ ពីអំឡុងឆ្នាំ 2014 និង 2016។ បន្ទាប់ពីឆ្លងកាត់ការសិក្សាស្រាវជ្រាវយ៉ាងម៉ត់ចត់ បានបង្ហាញឲ្យយើងឃើញថា មនុស្សដែលមានគំនិតសុទិដ្ឋិនិយមមានអាយុវែងជាង មនុស្សដែលមានគំនិតទុទិដ្ឋិនិយមពិតមែន។ នៅពេលដែលយើងធ្វើការប្រៀបធៀបរវាង មនុស្សដែលមានគំនិតសុទិដ្ឋិនិយម និងមនុស្សដែលមានគំនិតទុទិដ្ឋិនិយម វាបានបង្ហាញឲ្យយើងឃើញថា មនុស្សមនុស្សដែលមានគំនិតសុទិដ្ឋិនិយម ជាមធ្យមមានអត្រាពី 11 ទៅ 15 ភាគរយ មានអាយុវែងជាងមនុស្សដែលមានគំនិតទុទិដ្ឋិនិយម។ គេក៏បានបញ្ជាក់ទៀតថា ការដែលមានគំនិតសុទិដ្ឋិនិយម វាអាចជួយឲ្យការទទួលទានដំណេក របស់យើងមានការស្កប់ស្កល់ និងមានអារម្មណ៍ស្រស់ស្រាយនៅពេលដែលយើងក្រោកពីដំណេក ផងដែរ។

 


អញ្ចឹងសរុបមកវិញ បើប្រិយមិត្តប្រាថ្នាចង់បានអាយុវែង ដើម្បីបាននៅជួបជុំគ្រួសារ និងមើលថែមនុស្សដែលយើងស្រលាញ់ អ្នកគួរគប្បីតែគិតអ្វីៗនៅក្នុងផ្លូវសុទិដ្ឋិនិយម (ការគិតអ្វីមួយនៅក្នុងផ្លូវល្អ) និងកាត់បន្ថយគំនិតទុទិដ្ឋិនិយម (ការគិតអ្វីមួយនៅក្នុងផ្លូវអាក្រក់)

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង