ឧបករណ៍​ស្រូប​សម្លេង​រំខាន​ពី​រថយន្ត​ដែល​បញ្ចេញ​សម្លេង​ខ្លាំង​ៗ កំពុង​ដាក់​សាក​ល្បង​នៅ​ទីក្រុង​ប៉ារីស​
ដោយ​ ៖ Kealy | 5 ខែមុន SHARE

 

ចាប់តាំងពីសតវត្សទី 20 មក យើងឃើញថា កំណើនរថយន្តមានការកើនឡើង ឥតឈប់ឈរតែម្តង ហើយវាក៏បានដើរតួយ៉ាងសំខាន់ ក្នុងការរស់នៅរបស់មនុស្សម្នាក់ៗ ព្រមទាំងបានក្លាយជាមធ្យោបាយដឹកជញ្ជូន ដែលមានប្រជាប្រិយភាពខ្លាំង ជាពិសេស នៅតាមបណ្តាលប្រទេសជឿនលឿន តែម្តង។ ស្របពេលនោះដែល វាក៏មានកត្តាអវិជ្ជមានមួយចំនួន ដូចជាការបំពុលផ្សែង បង្កបញ្ហាគ្រោះថ្នាក់ផ្សេងៗ និងការបញ្ចេញសម្លេងរំខាននានា ជាដើម។

 

 

ជាក់ស្តែង នៅទីក្រុងប៉ែកអឺរ៉ុបធំៗ មួយចំនួន ដូចជាទីក្រុងប៉ារីស នៅទីនោះ មហាជនគេ តែងតែធ្វើដំណើរ លើផ្លូវគោកទៅមក  តាមមធ្យោយបាយយានយន្ត។ អ្វីដែលកាន់តែពិសេសទៀតនោះ រថយន្តរបស់គេ សុទ្ធតែទំនើបៗ ដែលមានកម្លាំងម៉ាស៊ីនខ្លាំង ជាហេតុធ្វើឲ្យវាបញ្ចេញសម្លេងខ្លាំងដែរ ដូច្នេះឥឡូវនេះ គេកំពុងសាកល្បងប្រើប្រាស់ប្រព័ន្ធថ្មី “Noise Radar” បង្កើតឡើងដោយ ក្រសួងបរិស្ថាន Bruitparif របស់ប្រទេសប៉ារាំងផ្ទាល់ ដើម្បីស្រូបយកសម្លេងរំខាន និងធ្វើការផាកពិន័យ ពីរថយន្តទាំងនោះ ដោយស្វ័យប្រវត្តិតែម្ដង។ ចំពោះឧបករណ៍នេះដែរ វាបំពាក់ដោយ រន្ធស្រូបសម្លេង 4 គ្រាប់ ក្នុងការចាប់យកទិន្នន័យ និងភ្ជាប់ទៅកាន់ប្រព័ន្ធ កាមេរ៉ាសុវត្ថិភាព CCTV ដើម្បីបង្ហាញទីកន្លែងជាក់លាក់ ពីរថយន្តណាមួយ ដែលបានបញ្ចេញសម្លេងឡើង ធ្វើឲ្យរំខានដល់អ្នកដទៃ ជាពិសេស គេបានដាក់វា នៅតំបន់ជាយៗក្រុង Villeneuve-le-Roi មុនគេបង្អស់ផងដែរ។

 

 

យ៉ាងណាមិញ រាល់ការប្រើប្រាស់ឧបករណ៍ សម្រាប់តាមដាន ក្នុងអំឡុងពេល 2 ឆ្នាំនេះ គឺគេពុំទាន់សង្កត់ធ្ងន់  ទៅលើការផាកពិន័យភ្លាមៗ នៅឡើយទេ វាគ្រាន់តែជាការធ្វើតេស្ត សាកល្បង លើកដំបូង នៃបច្ចេកវិទ្យាថ្មីនេះ ទៅលើកម្រិតសម្លេងណាមួយ ថាតើកម្រិតសម្លេងប៉ុនណា ទើបអាចចាត់ទុកថា ជាកម្រិតបញ្ចេញសម្លេងខ្លាំង ឈានដល់ថ្នាក់អាចធ្វើការ ផាកពិន័យបាន។ ដូច្នេះ ច្បាប់ថ្មីនេះ មិនទាន់បានអនុម័តនៅឡើយទេ ព្រោះវាស្ថិតក្រោមដំណាក់ការ ស្ទង់មតិពីប្រជាជនសិន ហើយបើសិនជា មានមតិគាំទ្រច្រើន នោះគេនឹងអនុម័តច្បាប់នេះ មកអនុវត្ត ជាផ្លូវការ តែម្តង។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង