ស្មាតហ្វូនអេក្រង់ 90Hz របស់ OPPO នឹងត្រូវបង្ហាញ នៅក្នុងពេលឆាប់ៗនេះ​
ដោយ​ ៖ Ratanak | 5 ខែមុន SHARE

 

ប៉ុន្មានខែមុន OPPO បានដាក់លក់ជាផ្លូវការ នូវស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួន ដែលមានឈ្មោះថា OPPO Reno ក្រោយមកទៀត ក្រុមហ៊ុននេះ បានបង្ហាញស្មាតហ្វូន មួយសេរ៊ីទៀត ប៉ុន្តែវាស្ថិតនៅក្នុងត្រកូលដដែល និយាយឲ្យចំគឺ OPPO Reno 2 series ហើយវាក៏ទើបតែត្រូវបានប្រកាស កាលពីពេលថ្មីៗនេះ ប៉ុណ្ណោះ។ មិនខុសទេ បន្ទាប់ពីចេញ មិនទាន់បានប៉ុន្មានថ្ងៃផងនោះ ពេលនេះ ក្រុមហ៊ុនខាងលើ បានបង្ហាញថា ខ្លួននឹងបង្ហាញស្មាតហ្វូន ដែលមានអេក្រង់ 90Hz ក្នុងពេលឆាប់ៗនេះ។

 

 

ពិតណាស់ ប្រហែលជា មួយសប្តាហ៍ទៀត OPPO Reno series នឹងត្រូវប្រកាសជាផ្លូវការ នៅក្នុងប្រទេសចិន ខណៈពេលប៉ុន្មានថ្ងៃមុន វាបានប្រកាសរួចរាល់ហើយ នៅក្នុងប្រទេសឥណ្ឌា។ ដោយឡែក ថ្មីៗនេះ អនុប្រធានរបស់ ក្រុមហ៊ុនចិនខាងលើនេះ បានប្រាប់ដល់សារធារណៈជន តាមបណ្តាញសង្គមថា ស្មាតហ្វូនដែលមានអេក្រង់ 90Hz របស់ខ្លួន នឹងត្រូវបង្ហាញជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។ លើសពីទៀត បុគ្គលខាងលើ បានបញ្ជាក់យ៉ាងច្បាស់ថា នេះមិនមែនជាស្មាតហ្វូនត្រកូល Reno 2 ឡើយ និយាយឲ្យចំទៅ វាគឺជាស្មាតហ្វូនត្រកូលថ្មី មួយទៀត ដែលនឹងធ្វើឲ្យមនុស្សគ្រប់គ្នា មានការភ្ញាក់ផ្អើលទៀតផង។ មួយវិញទៀត វាត្រូវបានគេរំពឹងថា អាចនឹងត្រូវប្រកាសជាផ្លូវការ នៅក្រោយពេលដែល វត្តមានរបស់ OPPO Reno 2 បានទៅដល់ស្រុកចិន ពោលគឺវាអាចបង្ហាញខ្លួន នៅចុងខែនេះផងដែរ។

 

 

ដូច្នេះហើយ មិនយូរទៀតឡើយ យើងនឹងបានឃើញវត្តមានស្មាតហ្វូន ម៉ូដែលថ្មីរបស់យីហោ OPPO ដែលវានឹងត្រូវបង្ហាញខ្លួន ជាផ្លូវការនៅក្នុងពេលឆាប់នេះ។ កាន់តែពិសេស វាអាចជាប្រភេទ ស្មាតហ្វូន ដែលផលិតមក ដោយយកចិត្តទុកដាក់ខ្លាំងទៅលើ ការលេងហ្គេមទៀតផង ព្រោះថាវាមាន កម្រិត Refresh rate អេក្រង់ដល់ទៅ 90Hz ផងដែរ។ វាមិនប្លែកទេ ចំពោះមុខងារអេក្រង់បែបនេះ ព្រោះក្រុមហ៊ុនផ្សេង មានដល់ 120Hz រួចហើយ ប៉ុន្តែអ្វីដែល យើងចង់ដឹងបន្ថែមនោះ គឺលក្ខណៈសម្បត្តិពេញលេញរបស់វា អញ្ចឹងហើយ មានតែរង់ចាំមើល បន្តទៀតប៉ុណ្ណោះ ទើបអាចដឹងច្បាស់។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង