AMD មាន​គម្រោង​បញ្ចេញ APU ជំនាន់​ថ្មី ដែល​អាច​គាំទ្រ RAM ប្រភេទ LPDDR4X​
ដោយ​ ៖ Chiro | 7 ខែមុន SHARE

 

យើងបានដឹងហើយថា AMD (Advanced Micro Devices ) គឺជាក្រុមហ៊ុនយក្សអាមេរិក ដែលផលិតបន្ទះឈីប, បន្ទះក្រាហ្វិកកាត និងបច្ចេកវិទ្យាផ្សេងៗទៀត សម្រាប់យកទៅបំពាក់នៅលើ កុំព្យូទ័រ, ម៉ាស៊ីនហ្គេម Console និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត ជាច្រើន។ ហើយកាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុន AMD បានប្រកាសចេញ CPU និង GPU ជំនាន់ចុងក្រោយរបស់ខ្លួនជាផ្លូវការ គឺ AMD Ryzen ជំនាន់ទី 3 របស់ខ្លួន មានទំហំ 7nm ដែលបង្កើតឡើងផ្អែកទៅលើស្ថាបត្យកម្ម Zen 2 និង Navi GPU ដែលជា ក្រាហ្វិកកាតដំបូងគេរបស់ AMD ដែលបង្កើតឡើងដោយផ្អែកលើស្ថាបត្យកម្ម RDNA។


 

ពាក់ព័ន្ធទៅនឹង CPU និង GPU ជំនាន់ថ្មីរបស់ក្រុមហ៊ុន AMD នេះផងដែរយើងសង្កេតឃើញថា ពួកវាពិតជាទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលធ្វើឲ្យក្រុមហ៊ុន AMD ញញឹមបិទមាត់មិនជិតនោះទេ ប៉ុន្តែមិនមានន័យថាក្រុមហ៊ុន AMD បំភ្លេច APU (Accelerated Processing Units) របស់ខ្លួននោះទេ នេះបើយោងតាមព័ត៌មានដែលបានរាយការណ៍ ដោយគេហទំព័រមួយមានឈ្មោះថា Tom’s Hardware។ ប្រភពបាននិយាយថា APU ជំនាន់ថ្មី របស់ក្រុមហ៊ុន AMD នឹងមានឈ្មោះថា AMD Renoir មានទំហំ 7nm ដែលបង្កើតឡើងផ្អែកទៅលើស្ថាបត្យកម្ម Zen 2 មិនតែប៉ុណ្ណោះវាថែមទាំងគាំទ្រ RAM ប្រភេទ LPDDR4X ដែលមានល្បឿនរហូតដល់ 4,266 MHz ឯណោះ ហើយវាក៏អាចនឹងភ្ជាប់មកជាមួយ GPU Vega 10 ផងដែរ។ ដូច្នេះបើសិនជាព័ត៌មាននេះគឺជាការពិតមែន នោះមានន័យថា AMD Renoir នឹងក្លាយទៅជាបន្ទះ Chipset ដំបូងគេរបស់ AMD ដែលគាំទ្រ RAM ប្រភេទ LPDDR4X ហើយវាអាចនឹងបង្ហាញខ្លូននៅក្នុង ឆ្នាំ 2020 ខាងមុខនេះ។ គួរបញ្ជាក់ផងថា APU ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AMD ហើយវាជាបន្ទះ CPU ដែលភ្ជាប់មកជាមួយ GPU ស្រាប់តែម្តង (Integrated GPU) វាមានលក្ខណៈស្រដៀងទៅនឹង Intel HD Graphic ដែលបានភ្ជាប់មកជាមួយ CPU របស់ក្រុមហ៊ុន Intel អញ្ចឹង ប៉ុន្តែវាមានកម្លាំង ខ្លាំងជាង។

 

 

សរុបមកវិញ ព័ត៌មានខាងលើ គឺគ្រាន់តែជាព័ត៌មានដែលអះអាងដោយគេហទំព័រមួយតែប៉ុណ្ណោះ ហើយក៏គ្មានប្រភព ច្បាស់ការណា មួយចេញមកអះអាងថាវាគឺជាការពិត ឬយ៉ាងណានោះទេ ដូច្នេះយើងមានតែរង់ចាំមើលបន្តទៀត។

ដោយ​ ៖ Tech Radar
អត្ថបទទាក់ទង