របក​គំហើញ​ថ្មី៖ ចំណាយ​ពេល​ត្រឹម 6 នាទី​ប៉ុណ្ណោះ ក្នុង​ការ​សាក​ថ្ម​ទូរសព្ទ​និង​ឡាន​របស់​អ្នក​
ដោយ​ ៖ Kealy | 5 ខែមុន SHARE

 

កាលពីថ្មីៗនេះ មានរបាយការណ៍មួយ បានបង្ហោះឲ្យដឹងថា ក្រុមហ៊ុនមួយ នៃប្រទេសអង់គ្លេស កំពុងធ្វើការស្រាវជ្រាវបង្កើតនូវ បច្ចេកវិទ្យាដែលអាចសាកថ្ម ស្មាតហ្វូន និងឡាន បានយ៉ាងលឿន ត្រឹមរយៈពេល 6 នាទី តែប៉ុណ្ណោះ។ មិនគួរឲ្យជឿទេថា តើគេអាចធ្វើទៅរួច បានយ៉ាងណា? 

 

ពិតមែនណាស់ គម្រោងថ្មីនេះ គឺត្រូវបានចាប់ផ្តើមចេញពី ក្រុមហ៊ុន Echion Technologies ដែលមានលោក Dr. Jean Da La Verpilliere ជាអ្នករកឃើញមុនគេ ខណៈពេលដែលគាត់កំពុងសិក្សាថ្នាក់បណ្ឌិត PhD នៅសាកលវិទ្យាល័យ ដ៏ល្បីឈ្មោះមួយ នៃចក្រភពអង់គ្លេស Cambridge University។ លោក Dr. Jean បង្ហើបឲ្យយើងដឹងថា លោកបានរកឃើញម្សៅថ្មីមួយប្រភេទ ដែលអាចជាសមាធាតុសំខាន់បំផុត នៃថ្មលីចូម ដែលអនុញ្ញាតឲ្យយើងធ្វើការបញ្ចូលថ្មឡើងវិញ ត្រឹមរយៈពេលដ៏ខ្លី។ ដូច្នេះទៅថ្ងៃមុខ កាន់តែងាយស្រួល មែនទែន ចំពោះអ្នកប្រើប្រាស់ឡានអគ្គិសនី ដែលវាមានលក្ខណៈពិសេស អាចសាកថ្មបានរហ័សទាន់ចិត្ត ដូចពេលដែលយើង ចាក់សាំងឡានធម្មតាដែរ ពោលមិនចាំបាច់ចំណាយពេល ចាំយូរទៀតឡើយ។ ប្រិយមិត្តអ្នកអាន ប្រាកដជាឆ្ងល់ហើយថា តើគេនឹងមានវិធីសាស្រ្ត បែបណាទើបអាចចាប់ផ្តើមផលិត របកគំហើញថ្មីមួយនេះបាន? 

 

 

តួយ៉ាង ក្រុមហ៊ុននេះ កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងគំរោងថ្មីរបស់គេ ដោយបានបង្កើតម្សៅប្រភេទថ្មីម្យ៉ាង ដែលគេពុំទាន់បង្ហើប ឈ្មោះវាជាសាធារណៈនោះទេ គ្រាន់តែដឹងត្រឹមថា វានឹងក្លាយ ជាគូប្រកួតប្រជែង ជាមួយថ្មប្រភេទ Graphite ដែលសព្វថ្ងៃ កំពុងទទួលបានការប្រើប្រាស់យ៉ាងពេញនិយម លើឧបករណ៍អេឡិចត្រូនិច នានា។ គួរបញ្ជាក់ដែរថា ជាទូទៅ យើងតែងគិតថា កាលណាថ្មសាកលឿនពេក អាចមានភាគរយផ្ទុះក៏ខ្ពស់ យ៉ាងណា CEO នៃក្រុមហ៊ុន Echion Technologies បានបញ្ជាក់ថា ទោះថាមពលថ្មប្រភេទថ្មី របស់ពួកគេ មានសមត្ថភាពខ្លាំង អាចសាកបានត្រឹមក្នុងរយៈ 6 នាទី ក៏ពិតមែន តែវាមានសុវតិ្ថភាពខ្ពស់ មិនងាយនឹងផ្ទុះ ឬមានឧបត្តហេតុផ្សេងៗ កើតឡើង ដូចថ្ម Graphite ឡើយ។ 

 

 

សរុបមក គម្រោងផលិតថ្មខ្លាំងនេះ បានចូលដល់ដំណាក់កាល ធ្វើតេសាកល្បង ជាលក្ខណៈគម្រូ ហើយបច្ចេកវិទ្យាថ្មីនេះ និងអាចរួចរាល់ជាស្រេច នៅដើមឆ្នាំ 2020 ខាងមុខ។ ដូច្នេះ យើងនឹងរង់ចាំមើល ទាំងអស់គ្នា ថាតើវានឹងមានលក្ខណៈពិសេស យ៉ាងណាដែរ និងពិតជាអាចចំណាយពេលត្រឹមតែ 6 នាទី ដូចអ្វីដែលគេបានអះអាងឬទេ ព្រោះបើតាមស្តាប់ទៅ វាសឹងតែពិបាកជឿដែរ?

ដោយ​ ៖ Bee Bom
អត្ថបទទាក់ទង