យល់​ដឹង​បន្ថែម​ពី​មុខងារ​លើ Google Photos អាច​ឲ្យ​អ្នក Copy អក្សរ​ចេញ​ពី​រូបភាព​បាន​
ដោយ​ ៖ Ratanak | 5 ខែមុន SHARE

 

ថ្មីៗនេះ Google បានដាក់ចេញមុខងារថ្មីមួយ នៅលើកម្មវិធី Google Photos ដែលអាចនិយាយបានថា វាជាមុខងារមានប្រយោជន៍មួយ ដែលយើងគ្រប់គ្នាត្រូវការ។ ពិតណាស់ វាអាចបង្ហាញដល់យើង ពីពត៌មានមួយចំនួន ទាក់ទងនឹងរូបភាព ដែលយើងបានជ្រើស ជាពិសេសនោះ វាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការ Copy អក្សរដែលមាននៅលើរូបនោះ បានទៀតផង។ ហេតុនេះហើយ បើអ្នកចង់ដឹង ពីរបៀបប្រើប្រាស់ មុខងារថ្មីដែលមាននៅលើ Google Photos នេះ ប្រិយមិត្តអាចអនុវត្តបាន តាមវិធីខាងក្រោម។

 

 

មិនខុសទេ វាជាមុខងារ Google Lens ដែលមិនមែនមានសមត្ថភាព ត្រឹមប៉ុណ្ណោះទេ និយាយឲ្យចំ វាបានបង្កើនវិធីសាស្រ្ត កាន់តែងាយស្រួលបន្ថែមទៀត ក្នុងការស្វែងរករូបភាពដែលអ្នកចង់បាន ដែលធ្វើបែបនេះ អ្នកមិនចាំបាច់ អូសចុះក្រោម ដើម្បីរករូបភាពជាច្រើននោះឡើយ។ ជាក់ស្ដែងខាងក្រោមនេះ ជាវីធីដែលអ្នកអាច អនុវត្តតាមបាន ដោយមានលក្ខណៈសាមញ្ញ ព្រមទាំងងាយស្រួលផងដែរ។

 

ពិតណាស់  សំខាន់បំផុត ដំបូងអ្នកត្រូវ ចុចចូលទៅកាន់កម្មវិធី Google Photos ជាមុនសិន

 

•  រួចហើយ ចុចនៅលើប្រអប់ដែលមានពាក្យ Search ដើម្បីស្វែងរក នូវប្រភេទរូបភាព ដែលអ្នកចង់ជ្រើសរើស។ ឧទាហរណ៍ថា បើវាជាប្រភេទ រូបភាពដែលអ្នកបានធ្វើការ Screenshot អញ្ចឹង អ្នកគ្រាន់តែ សរសេរពាក្យ Screenshot នៅក្នុងប្រអប់ខាងលើ នោះវានឹងបង្ហាញដល់អ្នក ពីរូបភាពទាំងប៉ុន្មាន ដែលអ្នកបានរក្សាទុក តាមរយៈការ Screenshot 

 

•  បន្ទាប់មកទៀត អ្នកត្រូវជ្រើសរើស រូបភាពណាមួយ ដែលចង់បាន

 

•  ពេលចុចលើរូបរួចហើយ អ្នកត្រូវចុចលើ មុខងារ Google Lens ដែលវាមានលក្ខណៈជា ការ៉េរួមទាំងមានចំណុចពណ៌ស នៅចំកណ្តាល

 

•  នៅពេលនោះ វានឹងធ្វើការ highlight នូវអក្សរដែលមាន នៅលើរូបភាពនោះ ហើយវាក៏អនុញ្ញាតឲ្យអ្នកធ្វើការ Copy ដើម្បីយកទៅផ្ញើសារ ឬមួយក៏ Paste ទុកក្នុងកម្មវិធី ណាមួយក៏បាន

 

•  មិនត្រឹមតែប៉ុណ្ណោះ វាក៏បានបង្ហាញពីពត៌មានមួយចំនួន ដែលទាក់ទងនឹង រូបភាពរបស់អ្នកផងដែរ។ 

 

 

 

អញ្ចឹងហើយ ទាំងនេះគឺជា អត្ថប្រយោជន៍ ក៏ដូចជាគុណសម្បត្តិ របស់មុខងារ Google Lens នៅក្នុងកម្មវិធី Google Photos ដែលវាមិនមែនជា ចំណុចអ្វីប្លែកនោះទេ ប៉ុន្តែវាអាចនឹងមានសារៈសំខាន់ ចំពោះបុគ្គលមួយចំនួន ដែលនិយមប្រើកម្មវិធីខាងលើនេះ។ ដូច្នេះ សម្រាប់ខ្ញុំ វាជាមុខងារល្អមួយ ដែលធ្វើឲ្យខ្ញុំ ទទួលបានភាពងាយស្រួល ក្នុងការស្វែងរករូបភាព រួមទាំងងាយស្រួលទៅលើការ Copy អក្សរចេញរូបនោះ បានផងដែរ។

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង