ការ​ស្ទង់​មតិ​ថ្មី​មួយ​បង្ហាញ​ថា មនុស្ស​ភាគ​ច្រើន​លែង​ត្រូវ​ការ​រន្ធ​ដាត​កាស 3.5mm ត​ទៅ​ទៀត​ហើយ​
ដោយ​ ៖ Leng | 5 ខែមុន SHARE

 

ការពិភាក្សាអំពីប្រធានបទ ដករន្ធដាតកាស 3.5mm ចេញពីស្មាតហ្វូន គឺចាប់ផ្ដើមពេញនិយម និងមានអ្នកលើកមកនិយាយច្រើន តាំងពីវត្តមានដំបូងនៃ iPhone 7 ផងដែរ ដោយមនុស្សមួយចំនួន អាចទទួលយកបាន ប៉ុន្ដែមួយចំនួនផ្សេងទៀត ត្រូវការវាជាចាំបាច់តែម្ដង។ រហូតមកដល់ពេលថ្មីៗនេះ គំនិតទៅលើរឿងមួយនេះ គឺត្រូវបានផ្លាស់ប្ដូរច្រើន បន្ទាប់ពីមានការស្ទង់មតិ (សូមចុចទីនេះ) ដោយក្រុមហ៊ុនអ៊ីនធើណេត Ting Mobile មកពីសហរដ្ឋអាមេរិក បានបង្ហាញលទ្ធផល ដ៏គួរឲ្យភ្ញាក់ផ្អើលមួយអំពី ចំណាប់អារម្មណ៍ របស់អ្នកប្រើប្រាស់ស្មាតហ្វូន ទៅលើរន្ធដាតកាស គឺមានការធ្លាក់ចុះខ្លាំង ផងដែរ។

 

 

បើយោងទៅតាមក្រុមហ៊ុន Ting Mobile គឺបានបញ្ជាក់ឲ្យដឹងថា អ្នកប្រើស្មាតហ្វូនចំនួន 3,460 នាក់ បានចូលរួមកម្មវិធី ការស្ទង់មតិថ្មីមួយនេះ ហើយអ្នកចូលរួមទាំងអស់នោះ ត្រូវបានសាកសួរសំនួរ ទាក់ទងទៅនឹង មូលហេតុដែលពួកគេ លក់ស្មាតហ្វូនចាស់ និងសម្រេចចិត្តទាញថ្មីវិញ។ តាមលទ្ធផលស្ទង់មតិ បានបង្ហាញឲ្យឃើញថា មនុស្យចំនួន 35% ផ្ដោតសំខាន់ទៅលើ តម្លៃរបស់ស្មាតហ្វូន ខណៈពេលដែលមនុស្សជិត 30% មើលទៅលើ ប្រព័ន្ធប្រតិបត្តិការ ដោយឡែកមនុស្សត្រឹមតែ 14% ប៉ុណ្ណោះ ដែលខ្វាយខ្វាល់អំពី គ្រឿងម៉ាស៊ីនរបស់ស្មាតហ្វូន។ 

 

 

លើសពីនេះទៅទៀត លទ្ធផលទាំងអស់នោះ ក៏បានបង្ហាញទៀតថា មនុស្សចំនួន 5% និយាយថា ពួកគេគិតទៅលើគុណភាពអេក្រង់ ហើយមនុស្យចំនួន 4% គិតលើទំហំថាមពលថ្ម រីឯមនុស្សចំនួន 2% ចាប់អារម្មណ៍នឹង ចំណុចពិសេសខុសប្លែក មាននៅលើស្មាតហ្វូននោះ និងមនុស្យតិចបំផុតត្រឹមតែ 1% គិតថាត្រូវការរន្ធដាតកាស 3.5mm នៅលើស្មាតហ្វូនរបស់ពួកគេ។ ព័ត៌មានលម្អិត គួរឲ្យចាប់អារម្មណ៍ ផ្សេងៗជាច្រើនទៀត ក៏ត្រូវបានប្រទះឃើញមាន នៅលើការស្ទង់មតិនេះដែរ ដោយមានដូចជា ស្ថិតិនៃចំនួនអ្នកប្រើប្រាស់ Android និង iOS ហើយព្រមទាំង ចំណុចលក់ស្មាតហ្វូន ដាច់បំផុតលើចំនួន 3 ផ្នែក សម្រាប់បុរស, ស្រី្ដ, អាយុចាប់ពី 18 ឆ្នាំ ដល់ 24 ឆ្នាំ និងមនុស្យចាស់ថែមទៀតផង។

 

 

សរុបមកវិញ មនុស្សភាគច្រើន គឺលែងខ្វាយខ្វាល់អំពី រន្ធដាតកាសនៅលើ ស្មាតហ្វួនរបស់ពួកគេ តទៅទៀតឡើយ បើប្រៀបធៀបទៅនឹង 2-3 ឆ្នាំមុន ហើយការស្ទង់មតិថ្មីនេះ ក៏បានបង្ហាញឲ្យយើងដឹងថា មនុស្សគិតទៅលើតម្លៃ និងប្រព័ន្ធប្រតិត្តិការ ច្រើនជាងបច្ចេកវិទ្យាថ្មីៗ ឬលក្ខណៈសម្បត្តិខ្លាំង ផងដែរ។ តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាដែរ ចំពោះលទ្ធផលទាំងអស់នេះ? តើលោកអ្នកចាំបាច់ ត្រូវការរន្ធដាតកាស នៅលើស្មាតហ្វូន ដែរឬក៏អត់ទេ? សូមបញ្ចេញមតិយោបល់ តាមរយៈប្រអប់ Comments នៅខាងក្រោមនេះ។

ដោយ​ ៖ Beebom
អត្ថបទទាក់ទង