​តើ​​​ប្រាកដ​ទេ​​ស្មាត​ហ្វូន​​មាន​​រ៉េម​​​ធំ ​ចាត់​ទុក​ថា​មាន​កម្លាំង​ខ្លាំង​លើស​គេ​?​
ដោយ​ ៖ Kongkit | 11 ខែមុន SHARE

 

នាពេលបច្ចុប្បន្ននេះ មនុស្សគ្រប់ៗគ្នា សុទ្ធសឹងតែមានស្មាតហ្វូននៅជាប់ខ្លួន ដើម្បីទុកសម្រេចការងារប្រចាំថ្ងៃ និងព្រមទាំងទុកសម្រាប់ការកំសាន្ដ នៅពេលអផ្សុកជាដើម ដោយវាអាចជំនួសឲ្យ ទូរទស្សន៍, ម៉ាស៊ីនថត និងឧបករណ៍ផ្សេងៗជាច្រើនទៀត ហើយមានទំហំតូចល្មម អាចទុកក្នុងហោប៉ៅបាន យ៉ាងងាយស្រួល ផងដែរ។ ប្រសិនបើយើងលើកឡើងនូវ ប្រធានបទទាក់ទងទៅនឹង ស្មាតហ្វូនណាមួយ ដែលមានកម្លាំងម៉ាស៊ីនខ្លាំង ដូច្នេះមនុស្សភាគច្រើន ហាក់បីដូចជាយល់ច្រឡំ និងតែងតែគិតថា ឲ្យតែស្មាតហ្វូននោះ មានបំពាក់រ៉េមទំហំធំ គឺប្រាកដជាមានកម្លាំងខ្លាំង ហើយដើរបានលឿនជាង ស្មាតហ្វូនមានរ៉េមតូច ជាក់ជាមិនខានឡើយ។ តាមពិតទៅ ការយល់ឃើញបែបនេះ គឺមិនត្រឹមត្រូវទាំងស្រុងនោះទេ ដោយស្មាតហ្វូនមួយ មានកម្លាំងម៉ាស៊ីនខ្លាំង និងដំណើរការបានលឿន មិនផ្ដោតតែទៅលើ ទំហំរ៉េមមួយមុខទេ ពីព្រោះគ្រឿង Hardware មួយចំនួនទៀតដូចជា CPU, GPU ក៏បានដើរតួយ៉ាងសំខាន់ ដើម្បីធ្វើឲ្យស្មាតហ្វូន ដំណើរការបានល្អ ថែមទៀតផង។

 

 

និយាយឲ្យងាយស្រួលយល់ទៅ CPU វាប្រៀបដូចជាខួរក្បាល របស់ស្មាតហ្វូនអញ្ចឹង ទោះបីជាមានរ៉េមទំហំធំ ប៉ុណ្ណាក៏ដោយ ប៉ុន្ដែបើខួរក្បាលរបស់វា មានល្បឿនគណនាយឺត និងមានសមត្ថភាពខ្សោយ ដូច្នេះស្មាតហ្វូនមួយនោះ ក៏មិនអាចដំណើរការ បានរលូនល្អដែរ។ មួយវិញទៀត រ៉េម ក៏ជាផ្នែកដ៏សំខាន់មួយនៃស្មាតហ្វូន មានតួនាទីរក្សាទុកកម្មវិធី ដែលយើងកំពុងបើកចោល ជាបណ្តោះអាសន្ន ធ្វើដូច្នេះវាជួយឲ្យ CPU អាចទាញយកមកប្រើវិញ បានយ៉ាងឆាប់រហ័ស នៅពេលដែលយើងចាប់ផ្ដើម ចុចចូលទៅកាន់កម្មវិធីនោះ។ អញ្ចឹងហើយ បើរ៉េមមានទំហំតូច វាមិនអាចផ្ទុកកម្មវិធី បើកទុកចោលទាំងនោះ បានច្រើនឡើយ ដែលជាហេតុធ្វើឲ្យ វាត្រូវបាន លុបចេញពីក្នុងរ៉េម និងមានន័យថា នៅពេលយើងចុចចូល ទៅក្នុងកម្មវិធីនោះ CPU នឹងបើកដំណើរការ សារជាថ្មីម្ដងទៀត។

 

 

ជាក់ស្ដែង បើយើងប្រៀបធៀប រ៉េមទំហំ 8GB របស់ Huawei Mate 20 Pro ជាមួយរ៉េមទំហំ 4GB របស់ iPhone XS Max ដោយនៅពេលធ្វើតេស្ដលើ AnTuTu វាមិនបានបង្ហាញឲ្យឃើញថា Mate 20 Pro ទទួលបានពិន្ទុច្រើនជាងឡើយ ប៉ុន្ដែបែរជាទាបជាង បន្ដិចបន្ដួចទៅវិញ នេះអាចបញ្ជាក់បានថា រ៉េមមិនបានជួយឲ្យស្មាតហ្វូន ដំណើរការបាន ល្អទាំងស្រុងនោះទេ ដោយឡែកបន្ទះឈីប បានដើរតួសំខាន់ជាងគេ គឺដោយសារតែ បន្ទះឈីប A12 មានសមត្ថភាពខ្លាំងជាងឈីប Kirin 980 ផងដែរ។ លើសពីនេះ GPU ក៏បានចូលរួមចំណែក ដែលបានផ្ដល់ជំនួយទៅដល់ស្មាតហ្វូន លើផ្នែកក្រាហ្វិច ដូចជាការលេងហ្គេម, ការមើលវីដេអូ និងការបង្ហាញទូទៅ ជាច្រើនទៀត ជាដើម។

 

 

ប្រិយមិត្តអ្នកអាន គួរតែដឹងផងថា ក្រៅពីផ្នែក Hardware ហើយស្មាតហ្វូនទាំងអស់ ក៏ត្រូវបានពឹងផ្អែកទៅផ្នែក Software ដោយយើងចង់សម្តៅលើ ប្រព័ន្ធប្រតិបត្តិការ ដូចគ្នា ដើម្បីជួយធ្វើឲ្យស្មាតហ្វូន ដំណើរការបានលឿន ថែមមួយកម្រិតទៀត។ សរុបមកវិញ នៅពេលប្រិយមិត្តអ្នកអាន ចង់ស្វែងរកស្មាតហ្វូនមួយ ដែលមានកម្លាំងម៉ាស៊ីនខ្លាំង អញ្ចឹង គួរតែពិនិត្យមើលលើ CPU និង GPU ជាមុនសិន ហើយបន្ទាប់មកចាំពិនិត្យលើ ទំហំរ៉េមតាមក្រោយ។ សម្រាប់ពេលបច្ចុប្បន្ននេះ បើលោកអ្នកចង់ជ្រើសរើស ស្មាតហ្វូនមួយ ដែលអាចប្រើប្រាស់ ការងារសាមញ្ញទូទៅប្រចាំថ្ងៃ បានរលូនល្អ ដូច្នេះ រ៉េមទំហំត្រឹមតែ 4GB ក៏សាកសមបំផុតហើយ រីឯប្រិយមិត្តមួយចំនួនទៀត តែងតែនិយមចូលចិត្តលេងហ្គេមច្រើន គួរតែស្វែងរកស្មាតហ្វូន មានទំហំរ៉េមចាប់ពី 6GB ឡើងទៅ ជាមួយ CPU និង GPU ជំនាន់ក្រោយៗ ផងដែរ។ ហេតុនេះហើយ សង្ឃឹមថាប្រិយមិត្តទាំងអស់ នឹងលែងយល់ច្រឡំ តទៅទៀតថា ស្មាតហ្វូនមានកម្លាំងខ្លាំង មិនប្រាកដថា ត្រូវការរ៉េមទំហំធំ នោះទេ!

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង