Huawei មាន​គម្រោង​ផលិត​ថេប្លេត​ដើរ​ដោយ Aurora OS សម្រាប់​បម្រើ​ការងារ​នៅ​ប្រទេស​រុស្ស៊ី​
ដោយ​ ៖ Hong | 10 ខែមុន SHARE

 

ក្រុមហ៊ុនចិន Huawei ត្រូវបានបង្ខំឲ្យស្ថិតនៅ ដំណាក់កាលដ៏លំបាកមួយ ដោយរដ្ឋាភិបាលអាមេរិក បន្ទាប់ពីត្រូវបានចុះបញ្ជីខ្មៅ ដែលហាមឃាត់លែងឲ្យ ចាប់ដៃគូជាមួយ ក្រុមហ៊ុនអាមេរិកដទៃទៀត។ ទោះបីជាយ៉ាងណា ក៏ត្រូវបានគេរំពឹងទុកថា នឹងមានការធូរស្បើយខ្លះហើយ ដោយសហរដ្ឋអាមេរិក បានពន្យារពេលឲ្យ 90 ថ្ងៃបន្ថែមទៀតផងដែរ ដើម្បីធ្វើការដោះស្រាយ។ ក្រៅពីការប្រើប្រាស់ Android សម្រាប់ស្មាតហ្វូនរបស់ខ្លួន Huawei ក៏មានប្រព័ន្ធប្រតិបត្តិការ ផ្ទាល់ខ្លួនដូចគ្នា គឺមានឈ្មោះថា HarmonyOS ប៉ុន្ដែរបាយការណ៍ថ្មីមួយ បានដាក់បង្ហាញឲ្យឃើញថា ក្រុមហ៊ុនចិនមួយនេះ ក៏កំពុងផលិតថេប្លេតជាមួយ Aurora OS ទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ធ្វើការបម្រើការងារ ជំរឿនប្រជាជន នាពេលខាងមុខនេះ ថែមទៀតផង។

 

 

បើយោងទៅតាម របាយការណ៍ថ្មីមកពី ក្រុមសារព័ត៌មាន Reuters បានចុះផ្សាយឲ្យដឹងថា Huawei កំពុងតែចាប់ផ្ដើមពិភាក្សា ជាមួយប្រទេសរុស្ស៊ី អំពីការដំឡើងប្រព័ន្ធ Aurora OS នៅលើថេប្លេតចំនួន 360,000 គ្រឿង ដើម្បីយកទៅប្រើប្រាស់ លើការងារជំរឿនប្រជាជន របស់ប្រទេសរុស្ស៊ី ក្នុងឆ្នាំក្រោយនេះតែម្ដង។ គម្រោងសាកល្បងនេះ គឺត្រូវបានគេប្រទះឃើញថា កំពុងតែស្ថិតនៅក្នុង ដំណាក់កាលដំបូង នៃការបើកដំណើរការ Aurora OS ដែលដូចគ្នាទៅនឹង Sailfish OS នៅលើឧបករណ៍របស់ Huawei ផងដែរ។ 

 

ប្រព័ន្ធប្រតិបត្តិការ Aurora OS គឺត្រូវបានអភិវឌ្ឍន៍ឡើងដោយ ក្រុមហ៊ុនទូរគមនាគមន៍ Rostelecom មកពីប្រទេសរុស្ស៊ី ដែលជាក្រុមហ៊ុនម៉ៅការ តែមួយគត់ប៉ុណ្ណោះ សម្រាប់ដើររកជាវថេប្លេត ដើម្បីមកបម្រើការងារ ជំរឿនប្រជាជនរុស្ស៊ី នៅខែតុលាឆ្នាំ 2020 ខាងមុខនេះ។ នាពេលបច្ចុប្បន្ននេះ Aurora OS មិនមានប្រជាប្រិយភាព ទូលំទូលាយនៅឡើយ បើទោះបីជាបាន ដាក់ឲ្យដំណើរការ ជាយូរឆ្នាំណាស់មកហើយ ដូច្នេះហើយ Huawei អាចនឹងជួយឲ្យទទួលបាន អ្នកប្រើប្រាស់ច្រើនបាន ខណៈពេលដែល Android នៅមិនទាន់ស្ថិតស្ថេរ  សម្រាប់ធ្វើការបន្ដបំពាក់លើ ស្មាតហ្វូនរបស់ខ្លួន ថែមទៀតផង។

 

 

កាលពីសប្តាហ៍មុន Huawei បានលើកឡើងថា ការរឹតត្បិតពាណិជ្ជកម្មពី សហរដ្ឋអាមេរិក អាចកាត់បន្ថយប្រាក់ចំណូល របស់ទីផ្សារឧស្សាហកម្ម ស្មាតហ្វូនរបស់ខ្លួន រហូតដល់ទៅចំនួន 10 ពាន់លានដុល្លារឯណោះ នៅក្នុងឆ្នាំនេះ និងនាពេលអនាគតបន្ថែមទៀត បើសិនជាស្ថានភាព នៅតែមិនអាចដោះស្រាយបាន។ ហេតុដូច្នេះហើយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស មកពីប្រទេសចិននេះ បានចាប់ផ្ដើមព្យាយាម ចាប់ដៃគូជាមួយក្រុមហ៊ុន ពីប្រទេសក្រៅផ្សេងៗជាច្រើន ដើម្បីអាចធានាបានថា នាពេលអនាគតខាងមុខ នឹងលែងពឹងផ្អែកទៅលើ បច្ចេកវិទ្យារបស់ក្រុមហ៊ុនអាមេរិក តទៅទៀតហើយ។

ដោយ​ ៖ XDA
អត្ថបទទាក់ទង