ចាប់​តាំង​ពី​ឆ្នាំ 1998 មក​ដល់​បច្ចុប្បន្ន Netflix បាន​លក់​ឌីស DVD អស់​ចំនួន 5 ពាន់​លាន​បន្ទះ​ហើយ​
ដោយ​ ៖ Hong | 5 ខែមុន SHARE

 

ប្រិយមិត្តអ្នកអានមួយចំនួន ប្រហែលជាមិនទាន់ដឹងទេថា Netflix មិនត្រឹមតែជាសេវាកម្ម ស្រ្ទីមខ្សែភាពយន្ដ តែមួយគត់នោះទេ ប៉ុន្ដែក្រុមហ៊ុនមួយនេះ បានចាប់ផ្ដើម ចែកចាយឌីស DVD ខ្សែភាពយន្ដ ជាមួយនឹងស្រោមសំបុត្រ ពណ៌ក្រហមតំណាងឲ្យ ម៉ាកយីហោរបស់ខ្លួន ចាប់តាំងពី 21 ឆ្នាំមុនមកម្ល៉េះ។ ហើយនាពេលថ្មីៗនេះ Netflix ក៏អាចសម្រេចបាន គោលដៅដ៏សំខាន់មួយ គឺចែកចាយឌីស DVD ទៅឲ្យអតិថិជន បានចំនួនសរុបដល់ទៅ 5 ពាន់លានឌីសឯណោះ បើគិតចាប់ពីខែមេសាឆ្នាំ 1998 មកដល់បច្ចុប្បន្ននេះ។

 

 

ចំណែកឯគោលដៅលក់បាន 1 ពាន់លានឌីសដំបូង គឺអាចសម្រេចបាន នៅដើមឆ្នាំ 2007 បន្ទាប់មកមិនយូរប៉ុន្មានផង Netflix ក៏ចាប់ផ្ដើមបើកសេវាកម្ម ស្រ្ទីមខ្សែភាពយន្ដ ដែលវាជាប្រូម៉ូសិនពិសេស សម្រាប់អ្នកតែងតែជាវឌីស DVD ជាប្រចាំផងដែរ។ អស់រយៈពេលប្រហែល 4 ឆ្នាំក្រោយមក Netflix ក៏បានសម្រេចចិត្ត បែងចែកសេវាកម្មជាវឌីស និងសេវាកម្មអ៊ីនធើណេត ជាពីរប្រភេទ ដាច់ដោយឡែកពីគ្នា ហើយចាប់ពីពេលនោះមក អាជីវកម្មលក់ឌីស DVD តាំងពីដើមរបស់ខ្លួន ក៏បានធ្លាក់ចុះជាលំដាប់។ 

 

ចាប់ផ្ដើមពីឆ្នាំ 2011 ជាមួយនឹងអតិថិជនចំនួន 14 លាននាក់ រហូតដល់ត្រឹមតែ 2.4 លាននាក់ប៉ុណ្ណោះ កាលពីប៉ុន្មានឆ្នាំក្រោយនេះ។ ខណៈពេលដែលសេវាកម្ម ស្រ្ទីមខ្សែភាពយន្ដ បានកើនឡើងរហូតដល់ 151 លាននាក់ឯណោះ ជុំវិញពិភពលោក និងកំពុងតែបន្ដរីកចម្រើន ថែមទៀតផង។ កាលពីសេវាកម្មជាវឌីស DVD នៅមានភាពពេញនិយម Netflix បានបើកដំណើរការប្រហែល 50 មណ្ឌលចែកចាយឯណោះ ដើម្បីធ្វើការដឹកជញ្ជូនឌីស DVD ទូទាំងសហរដ្ឋអាមេរិក ប៉ុន្ដែកាលពីឆ្នាំមុននេះ បានធ្លាក់ចុះមកត្រឹមតែ 17 មណ្ឌលចែកចាយ។

 

 

យ៉ាងណាក៏ដោយ ចំពោះប្រាក់ចំណូល បានមកពីការលក់ឌីស DVD នាពេលបច្ចុប្បន្ននេះ នៅតែស្ថិតលើកម្រិតខ្ពស់មួយ ដោយកាលពីត្រីមាសទី 2 នៃឆ្នាំ 2019 កន្លងផុតទៅនេះ Netflix ទទួលបានប្រាក់ចំណេញ សរុបដល់ទៅ 46 លានដុល្លារឯណោះ ដែលហាក់បីដូចជា មានមនុស្សជាច្រើន នៅតែចង់ចាក់ឌីស មើលរឿងដដែល។ ចំណែកឯឌីស DVD ដែលស្ថិតនៅចំលេខរៀង 5 ពាន់លានតែម្ដង គឺជាខ្សែភាពយន្ដឈ្មោះថា Rocketman ដោយគ្មានចាក់ផ្សាយនៅលើ សេវាកម្មស្រ្ទីមខ្សែភាពយន្ដ Netflix នោះទេ នាពេលបច្ចុប្បន្ននេះ។

ដោយ​ ៖ Variety
អត្ថបទទាក់ទង